Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ជំរុញសិស្សានុសិស្សបន្តខិតខំអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានជំរុញឱ្យសិស្សានុសិស្ស ត្រូវបន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពល ដោយត្រូវប្រកាន់ខ្ជាប់នូវ វិជ្ជាសម្បទា បំណិនសម្បទា និង ចរិយាសម្បទា ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដល់សិស្សានុសិស្ស នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ កាលពីថ្ងៃទី ២៧ មិថុនា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានណែនាំដល់សិស្សានុសិស្ស ត្រូវជ្រើសរើសជំនាញឯកទេសតាមចំណង់ចំណូលចិត្តរបស់ខ្លួន និង តម្រូវការទីផ្សារការងារ បន្តពង្រឹងសមត្ថភាពបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវ ពង្រឹងសមត្ថភាពភាសា ទាំងភាសាជាតិ និង អន្តរជាតិ ដើម្បីជាស្ពានឆ្ពោះទៅរកការសិក្សាកម្រិតខ្ពស់ បន្តពង្រឹងជំនាញទន់ និង ប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការសិក្សាពេញមួយជីវិត រក្សានូវសីលធម៌ គុណធម៌ និង ចូលរួមចំណែកសកម្មក្នុងសង្គម និង បន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពល ដោយត្រូវប្រកាន់ខ្ជាប់នូវ វិជ្ជាសម្បទា បំណិនសម្បទា និង ចរិយាសម្បទា ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សានេះ ដោយសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន និងជាការបំពេញក្ដីស្រមៃរបស់មាតាបិតាផងដែរ ដែលសមិទ្ធផលជោគជ័យនេះ គឺជាផ្លែផ្កាកើតចេញពីការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន សិស្សានុសិស្សផ្ទាល់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មាតាបិតាដែលបានជួយជ្រោមជ្រែងគ្រប់បែបយ៉ាង និង លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្រៀនប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសាលារៀនដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្នុងការអនុវត្តកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដើម្បីបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព តាមរយៈការជំរុញការគិតបែបស៊ីជម្រៅ ការស្រាវជ្រាវ ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាជាដើម។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា «គោលដៅ នៃសាលារៀន និង ការសិក្សា គឺមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យមាននូវក្រមសីលធម៌ និង គុណធម៌ ដើម្បីក្លាយជាពលរដ្ឋគំរូ និងជាអ្នកដឹកនាំដ៏មានសក្ដានុពលសម្រាប់សង្គមជាតិនាពេលអនាគត»៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម