ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ផ្ទះចំនួន ១០២ ខ្នង ជូន អតីតយុទ្ធជន និង និវត្តជន នៅខេត្តព្រះវិហារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា បានប្រកាសផ្តល់ផ្ទះចំនួន ១០២ ខ្នង ជូន អតីតយុទ្ធជន និង និវត្តជនខេត្តព្រះវិហារ ចំនួន ១០២ នាក់ ដែលមិនទាន់ទទួលបាន ដី និង ផ្ទះ។

សម្ដេចបានមានប្រសាសន៍ផ្ដល់អំណោយផ្ទះថ្មីនេះ ក្នុងឱកាសដែល សម្តេច អញ្ជើញចុះជួប និង សំណេះសំណាលជាមួយ ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្តព្រះវិហារ។

អំណោយជាថវិកាក្នុងការសាងសង់ផ្ទះថ្មី ១០២ ខ្នង នេះ រួមមាន ថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនចំនួន ៥២ ខ្នងផ្ទះ ចំណែក ៥០ ខ្នងផ្ទះទៀត គាំទ្រថវិកាសាងសង់ដោយ លោក ភឺន ផល្លា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន និង លោកស្រីឧកញ៉ា សាយ សោភា។ ចំពោះដំណើរការ នៃការរៀបចំសាងសង់ផ្ទះថ្មីនេះ គឺទទួលខុសត្រូវដោយ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា។

ជុំវិញស្ថានភាព នៃការគ្រប់គ្រងអតីតយុទ្ធជន និង និវត្តជន នៅក្នុងខេត្តព្រះវិហារ បើយោងតាមរបាយការណ៍ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ខេត្តព្រះវិហារ មានអតីតយុទ្ធជន និង និវត្តជន សរុប ៣,១៥៥ នាក់។ ចំណែកអតីតយុទ្ធជន និង និវត្តជន ដែលមានជីវភាពខ្វះខាតមានចំនួន ១០២ នាក់ ក្នុងនោះមានគ្រួសារដែលអត់ដី អត់ផ្ទះចំនួន ៧៣ នាក់ និង មានដី អត់ផ្ទះ ចំនួន ២៩ នាក់។ កន្លងមក ចំពោះការងារសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលជាសមាជិក អ.ន.ក.ខេត្ត ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២៦ បានសរុប ១០៩ ខ្នងផ្ទះ ក្នុងនោះ ស្ថិតនៅលើដីសម្បទានសង្គមកិច្ច ទំហំ ៣ ហិតា ស្ថិតនៅភូមិប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងពិធីសំណេះសំណាលនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បន្តផ្ដល់អនុសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំ និង មន្រ្តីនៅមូលដ្ឋានខេត្តព្រះវិហារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ទាំងថវិកា និង សម្ភារ ចំពោះគ្រួសារយុទ្ធជន ដែលជាប់ភារកិច្ចនៅព្រំដែន និង យុទ្ធជនពលី ពិការ អតីតយុទ្ធជន និង និវត្តជន ណាដែលមានជីវភាពខ្វះខាត ព្រមទាំងឧស្សាហ៍ចុះសួរសុខទុក្ខផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ដែលបានចូលនិវត្ត។ ជាពិសេសត្រូវជួយផ្ដល់ការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់កូនចៅយុទ្ធជន និង អតីតយុទ្ធជនទាំងអស់ ឱ្យទទួលបានការសិក្សាសមរម្យ និង ជំរុញឱ្យក្លាយជាបញ្ញវន្តសម្រាប់សង្គមជាតិ។

សូមជម្រាបជូនថា ក្នុងថ្ងៃនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីជុំវិញវិសាលភាពគ្របដណ្ដប់របស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើវិស័យអប់រំ ដោយ សម្ដេច បានបញ្ជាក់ថា និវត្តជនក្នុងវិស័យអប់រំជាង ២ ម៉ឺន ៤ ពាន់នាក់ អាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ដោយស្វ័យប្រវត្តិ លើកលែងតែគ្រូបង្រៀនសកម្ម ដែលមិនទាន់ចូលនិវត្តន៍។

សម្ដេចតេជោ បានបញ្ជាក់ថា ក្រសួងអប់រំ មានសមាគមក្នុងអង្គភាពខ្លួនហើយ គឺ សមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.) ប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ក្នុងវិស័យអប់រំទាំងអស់ គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំចូលសមាជិក អ.ន.ក. នោះទេ។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា និវត្តជនក្នុងវិស័យអប់រំ ក្រៅពីទទួលបានអត្ថប្រយោជន៍ពី ស.ប.ស.ខ. ថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី អ.ន.ក. ដូចសមាជិក អ.ន.ក.ផ្សេងៗ ទៀតដែរ៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


