ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាជនរួមគ្នាពង្រឹងកម្លាំងសាមគ្គីជាតិ និង ការពារមាតុភូមិ
នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (គ.ប.ក) បានផ្សព្វផ្សាយសារពិសេសមួយជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី ៧៥ ឆ្នាំ នៃការបង្កើតគណបក្ស ដោយលើកឡើងពីប្រវត្តិសាស្ត្រតស៊ូវីរភាព សមិទ្ធផលបច្ចុប្បន្ន ព្រមទាំងបានដាក់ចេញនូវគោលជំហរ និង ការប្តេជ្ញាចិត្តសំខាន់ៗ ចំនួន ៥ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាតិ ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។

នៅក្នុងសារ សម្តេចតេជោ បានរំឭកថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ មានប្រភពចេញពីចលនាតស៊ូប្រឆាំងអាណានិគមនិយម ហើយបានដឹកនាំប្រជាជនផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រកបដោយជោគជ័យ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ គណបក្ស បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គនានា ដើម្បីកសាងសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ ដោយទទួលបានជ័យជម្នះគ្រប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅឆមាសទី ១ ឆ្នាំ ២០២៦ សម្តេចតេជោ បានថ្លែងថា ថ្វីត្បិតតែកម្ពុជាកំពុងរងឥទ្ធិពលអវិជ្ជមានពីស្ថានការណ៍អន្តរជាតិ និង សង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃក៏ដោយ ក៏ប្រទេសជាតិនៅតែរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ និង ម៉ាក្រូសេដ្ឋកិច្ច។ សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើន ៤,២% ដោយការនាំចេញ និង ចំណូលពន្ធមានកំណើនគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះជនភៀសសឹក និង ពលករដែលវិលត្រឡប់ពីថៃមកវិញ ដោយផ្តល់ជំនួយ និង ដំណោះស្រាយការងារជូន។
សម្តេចតេជោ ក៏បានលើកឡើងពីមេរៀនដែលទទួលបានក្នុងឆ្នាំ ២០២៥ និង ដើមឆ្នាំ ២០២៦ ដោយបញ្ជាក់ថា សន្តិភាព មិនមែនកើតឡើងដោយខ្លួនឯងទេ គឺត្រូវតែការពារដោយកម្លាំងរួបរួមរបស់ជាតិ ទាំងផ្នែកសេដ្ឋកិច្ច យោធា និង នយោបាយ។
ក្នុងឱកាសនេះ សម្តេច បានប្រកាសគោលជំហរសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដូចតទៅ ៖ ទី១.ប្តេជ្ញាការពារអធិបតេយ្យ បូរណភាពទឹកដី និង សន្តិភាព ឱ្យស្ថិតស្ថេរ ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសមធម៌សង្គម និង អនុវត្តគោលនយោបាយការបរទេសឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និង ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសជិតខាងទាំងអស់។ ទី២.គាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និង ព្រំដែនសមុទ្រ ជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ UNCLOS និង កិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជា មិនទទួលស្គាល់ខ្សែព្រំដែនដែលបង្កើតឡើងដោយកម្លាំង ឬការកាន់កាប់ជាឯកតោភាគីឡើយ ហើយគាំទ្រការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS សម្រាប់តំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ព្រមទាំងអំពាវនាវអនុវត្តសេចក្តីប្រកាសរួម នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ ទី៣.គាំទ្រការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីកសាងធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ សមត្ថភាព និង ស្មារតីស្នេហាជាតិ ត្រៀមខ្លួនការពារមាតុភូមិគ្រប់ពេលវេលា។ ទី៤.អំពាវនាវដល់ប្រជាជនកម្ពុជាទាំងមូល លើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ និង ពឹងផ្អែកលើខ្លួនឯង បន្តរួបរួមគាំទ្ររាជរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងជំរុញការពង្រីកផលិតកម្មក្នុងស្រុក និង លើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិឱ្យបានទូលំទូលាយ។ ទី៥.អំពាវនាវដល់គណៈកម្មាធិការ មន្ត្រី និង សមាជិកគណបក្សគ្រប់ថ្នាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស និង ខិតខំបម្រើប្រជាជនឱ្យអស់ពីចិត្ត ដើម្បីអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យទទួលបានជោគជ័យ៕



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


