Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ណែនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋានឱ្យលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់លេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជីវភាពរស់នៅ សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន និងគ្រួសាររបស់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងផ្តល់ការគាំទ្រឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារជំនាញ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត ក្រោមធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានធ្វើការណែនាំដល់លេខាធិការដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ មេប៉ុស្តិ៍ ដែលជាអ្នកនៅជិតជានិច្ចជាមួយអតីតយុទ្ធជន និងនិវត្តជន ត្រូវចុះស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែងដល់ខ្នងផ្ទះរបស់ពួកគាត់ ដើម្បីស្វែងរកពីបញ្ហាប្រឈម តម្រូវការ សំណូមពរ និងផ្តល់ជំនួយឱ្យបានទាន់ពេលវេលា ដោយធ្វើយ៉ាងណាឱ្យអតីតយុទ្ធជន និងនិវត្តជន ទទួលបានការយកចិត្តទុកដាក់ និងការថែទាំប្រកបដោយប្រសិទ្ធភាព។

លោក ម៉ៅ ធនិន បន្តថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដែលបានផ្ដួចផ្ដើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកពួកគាត់ចោលនោះទេ ព្រោះសន្តិភាពដែលបានមកសព្វថ្ងៃនេះដោយសារមានការចូលរួមពីសំណាក់អតីតយុទ្ធជន និងនិវត្តជន ដែលពួកគាត់សុទ្ធសឹងតែជាអ្នកដែលបានរួមដំណើរតស៊ូជាមួយសម្តេចតេជោ លះបង់សាច់ស្រស់ឈាមស្រស់ អវយវៈ ដើម្បីដណ្តើមយកសុខសន្តិភាពជូនជាតិ ជូនប្រជាជន។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការថែទាំ និងជួយឧបត្ថម្ភអតីតយុទ្ធជន និងនិវត្តន៍ជននៅទូទាំងខេត្ត។

លោកអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីជំនាញ និងគណៈកម្មាធិការសមាគមគ្រប់ថ្នាក់ បន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព ការគាំពារសង្គម និងសិទ្ធិប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន គ្រួសារជនពលី និងគ្រួសារជនមរណៈ។

បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហុក ចិន្ដា អនុប្រធានប្រចាំការ គណៈកម្មាធិការសមាគម និងជាប្រធានលេខាធិការដ្ឋាន បានបង្ហាញថា បច្ចុប្បន្ន ខេត្តកំពតមានអតីតយុទ្ធជន និងគ្រួសារជនពលី សរុប ៥,៦៦៩នាក់ ក្នុងនោះមានសមាជិកសមាគម ៤,៦៥៧នាក់ ខណៈអតីតមន្ត្រីរាជការស៊ីវិលមានចំនួន ២,៤៧៤នាក់។

សម្រាប់ ឆមាសទី១ ឆ្នាំ២០២៦ សមាជិកសមាគមដែលទទួលមរណភាពមានចំនួន ៧៤នាក់ ហើយក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារសពបានគ្រប់ចំនួន សរុបទឹកប្រាក់ ២៩៦លានរៀល។

ទន្ទឹមនឹងនេះ ក៏មានការបំពេញបន្ថែមថវិកាពីសម្ដេចតេជោ ហ៊ុន សែន ជូនគ្រួសារសពចំនួន ៤០ករណី ស្មើនឹង ១៦០លានរៀល ព្រមទាំងសហការជាមួយមូលនិធិជំនួយសង្គម ក្នុងការបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពជូនគ្រួសារសពចំនួន ២៩នាក់ សរុបទឹកប្រាក់ជាង ៤៤៥លានរៀល ដែលបានរួមចំណែកលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសាររបស់ពួកគាត់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម