Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោចែករំលែក​អត្ថបទ​វិភាគ «រឿងចាស់ ដែលមិនចាស់» រំលេច​ពី​ជម្លោះ​ទឹកដី​កម្ពុជា-ថៃ​ ពាក់ព័ន្ធ​​រឿង​ក្តី​ក្តាំង​ប្រាសាទ​ព្រះវិហារ​​​​ឆ្នាំ ១៩៦២​ ​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន នៅ​រសៀល​នេះ​បានបង្ហាញ​​ការ​ចាប់​អារម្មណ៍​ និង​ចែករំលែក​​​អត្ថបទ​វិភាគ​មួយ​របស់​លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ​របស់​ប្រទេស​ថៃ ដែល​មាន​​ចំណង​ជើង​ថា «រឿង​ចាស់ ដែល​មិនចាស់៖ សាលក្រម​ដែលបាន​កំណត់​ដោយសេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ» ដែល​នៅក្នុងសំណេរអត្ថបទ​នោះ​បានលើកឡើងអំពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បាន​ចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែមដូច​​ខ្លឹមសារទាំងស្រុង​នេះ។

«រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដោយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ បង្ហោះផ្សាយលើគណនី Facebook: Matichon Weekly (มติชนสุดสัปดาห์: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦)

សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២​ បានចែងថា៖ «នៅ​ពេលដែលប្រទេសពីរ​បានកំណត់ព្រំដែន​រវាងគ្នាទៅវិញ​ទៅមក គោលបំណងដ៏សំខាន់បំផុតមួយ គឺ​ដើម្បីសម្រេច​បាននូវសន្តិសុខ ភាពប្រាកដប្រជា និងភាពច្បាស់លាស់»។

គោលបំណងនេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើខ្សែបន្ទាត់ព្រំដែន​ដែលបានកំណត់​ឡើង​នោះ នៅតែ​អាចត្រូវបាន​គេជជែក​វែកញែក ឬទាមទារឱ្យ​មានការកែប្រែ​បានគ្រប់ពេលវេលា។

នៅក្នុងចំណោម​ស្ថានភាព​នៃជម្លោះរវាងថៃ និងកម្ពុជានោះ យើងស្ទើរតែភ្លេចទៅហើយថា មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍មួយ ចេញពីសេចក្តីសម្រេច​របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ឆ្នាំ​១៩៦២​ នេះ។ ជាក់ស្តែងចំណុចនេះជា រឿងដែលមេដឹកនាំថៃគួរតែទទួលដឹងឮផងដែរ ព្រោះ​សាលក្រម​ដែលតុលាការអន្តរជាតិបានបង្កើតឡើងនោះ មានទំនាក់ទំនង​ដោយផ្ទាល់​ទៅនឹង​បញ្ហា​ដែល​កំពុងកើតឡើង នៅក្នុងតំបន់ព្រំដែនថៃ-កម្ពុជា ក្នុងស្ថានភាព​បច្ចុប្បន្ន។

ផ្អែកលើបរិបទប្រវត្តិសាស្ត្រ វាត្រូវបានគេដឹងយ៉ាងច្បាស់​ថា «ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា» មាន​ចំណុច​ស្នូលសំខាន់បំផុត គឺទាក់ទង​នឹងសំណុំរឿងប្រាសាទព្រះវិហារ។ ពោលគឺ ថៃនិងកម្ពុជាធ្លាប់​មាន​រឿងក្តី​ប្តឹងផ្តល់គ្នា​អំពីប្រាសាទ​នេះ នៅចំពោះ​មុខតុលាការអន្តរជាតិចំនួន ២ ដង រួចមកហើយ គឺ​លើកទី១ នៅក្នុងឆ្នាំ១៩៦២ និង​បានកើតឡើងសារជាថ្មីម្តងទៀតលើកទី​២ នៅក្នុងឆ្នាំ២០១៣។

ផ្អែកលើមេរៀនប្រវត្តិសាស្ត្រទាំងនេះ ប្រទេសថៃត្រូវតែប្រុងប្រយ័ត្ន និងជៀសវាង​ដាច់ខាត​នូវការ​បង្កើត​លក្ខខណ្ឌ ដែលបង្ខំឱ្យមានការ​វិលត្រឡប់ទៅរកតុលាការអន្តរជាតិជាលើកទី៣។ ដូចដែល​បានដឹងយ៉ាងច្បាស់ហើយថា រដ្ឋាភិបាលថៃបានយល់ព្រម​ទទួលយក​នូវលទ្ធផល​នៃសេចក្តី​សម្រេច​ខាងលើទាំងពីរករណីរួចរាល់ហើយ។

លទ្ធផលគតិយុត្តនេះមានអត្ថន័យយ៉ាងសំខាន់ ក្នុងការកំណត់លក្ខខណ្ឌនយោបាយ​ជុំវិញការ​គ្រប់គ្រង​តំបន់ដែលមានបញ្ហាវិវាទ។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះចង់សង្កត់ធ្ងន់​ទៅ​លើ​ចំណុចសំខាន់ដែលជាលទ្ធផលនៃសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលនាំទៅរកសំណួរថា «តើតុលាការ​អន្តរជាតិ​ក្នុង​ឆ្នាំនោះ មានទស្សនៈយ៉ាងណា​ចំពោះការចាត់ចែង​បញ្ហាវិវាទរឿងខ្សែបន្ទាត់ព្រំដែន?»

ម៉្យាងវិញទៀត តើផលវិបាកដែលជាអត្ថន័យ​នៃការខណ្ឌសីមាព្រំដែន​ក្នុងអតីតកាល មានឥទ្ធិពល​លើការដោះស្រាយ​បញ្ហាវិវាទរឿង ខ្សែបន្ទាត់ព្រំដែន​ក្នុងពេលបច្ចុប្បន្ន​យ៉ាងដូចម្តេច?

មូលហេតុដែលសេចក្តីសម្រេចឆ្នាំ១៩៦២ នេះ ត្រូវបានលើកឡើងមក​ធ្វើជាឧទាហរណ៍​ព្រមាន​នោះ គឺដោយសារ​តែជាទូទៅនៅក្នុងសង្គមថៃ ស្ទើរតែគ្មាននរណាម្នាក់​ត្រឡប់ទៅ​អាន​ខ្លឹមសារ​នៃសេចក្តី​សម្រេច​ខាងលើនោះ​ទៀតឡើយ។ នេះប្រហែលជាដោយសារ​រាប់ចាប់ពី​សេចក្តី​សម្រេចក្នុង​អតីតកាល​នា​ពេលនោះ រហូត​មកដល់បច្ចុប្បន្ន សំណុំរឿងប្រាសាទ​ព្រះវិហារ ឆ្នាំ១៩៦២ មាន​អាយុ​កាលវែងរហូតដល់ទៅ ៦៤ ឆ្នាំហើយ ដែលយើងត្រូវទទួល​ស្គាល់ថាវា​ពិតជាយូរណាស់។

កត្តាពេលវេលាបែបនេះ បានធ្វើឱ្យរឿងរ៉ាវទាំងនោះ​ក្លាយជា​អតីតកាល ដែលនៅឆ្ងាយពី​ការ​យល់ដឹង​របស់​មនុស្សក្នុងយុគសម័យ​បច្ចុប្បន្ន​យ៉ាងខ្លាំង។ យើងអាចពោលប្រៀបធៀបបានថា សម្រាប់​អ្នកនយោបាយ​ទាំងជំនាន់​កណ្តាល និង​ជំនាន់ថ្មី វិវាទ​រឿងប្រាសាទព្រះវិហារ គឺជារឿងចាស់ និង​ហួស​សម័យ រហូតដល់មិនសូវមានការដឹងឮ ឬមិនសូវ​ទទួល​បានការ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ។

ប៉ុន្តែទោះ​ជាយ៉ាងណា​ដោយសារតែ​បញ្ហាជម្លោះ​ក្នុងពេលបច្ចុប្បន្ន បើមានការបដិសេធ​មិនអាន​ទាល់​តែ​សោះ ហើយ​មិនបានទទួលដឹងឮ​ពីរឿងរ៉ាវនៃសេ​ចក្តីសម្រេច របស់តុលាការលោកឆ្នាំ១៩៦២នោះ មុខជា​នឹងមិន​ផ្តល់ផលល្អដល់​ការយល់ដឹង​ឡើយ។

មូលហេតុ​គឺព្រោះតែសេចក្តីសម្រេចនោះ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា សន្ធិសញ្ញា និង​ផែនទី​ខណ្ឌសីមា​ដែល​ភ្ជាប់មក​ជាមួយ គឺជា​កត្តាកាត់​សេចក្តីលើខ្សែបន្ទាត់ព្រំដែន​របស់សៀម/ថៃ ជាមួយ​រដ្ឋជិត​ខាង ដែល​មានឋា​នៈជា «រដ្ឋអ្នកបន្តសិទ្ធិ» ពីម្ចាស់អាណានិគម។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីនេះសេចក្តីសម្រេចរួមក្នុងឆ្នាំ១៩៦២ មានអត្ថបទខ្លឹមសារ​ដែល​សំខាន់​បំផុត សម្រាប់ការពិចារណា​លើបញ្ហាវិវាទរឿង ខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជានា​ពេល​បច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានអត្ថន័យ និងជះឥទ្ធិពលទៅ​លើជម្លោះ​ព្រំដែន​របស់​រដ្ឋដទៃ​ទៀត ដែល​អាចនឹងកើត​មានឡើង​ក្នុងពេលអនាគត​ផងដែរ។

សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ បានចែងថា៖ «ប្រសិនបើខ្សែបន្ទាត់​ព្រំដែន​ដែល​បាន​កំណត់​ឡើង អាចត្រូវ​បានគេជំទាស់ ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា ដោយ​គ្រាន់​តែយោងលើ​ការរកឃើញ​ភាពមិនត្រឹមត្រូវ​នៃខ្លឹមសារក្នុងសន្ធិសញ្ញាដើមនោះ ដំណើរ​ការ​តវ៉ាបែបនេះ​ច្បាស់ជា​នឹងកើតឡើង​ជាបន្តបន្ទាប់​ដោយគ្មានទី​បញ្ចប់ឡើយ»។

ដរាបណានៅតែអាចស្វែងរកកំហុសឆ្គងឃើញ នោះការព្រមព្រៀង​ក៏​មិនអាច​សម្រេច​ជា​ស្ថាពរ​បាន​ផង​ដែរ។ កត្តា​នេះក្រៅ​ពីធ្វើឱ្យខ្សែបន្ទាត់ព្រំដែន​ខ្វះភាព​ពិតប្រាកដ និង​ខ្វះភាពរឹងមាំយូរ​អង្វែង វាថែម​ទាំងបង្កជា​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ថែមទៀត​ផង។ តាមរយៈខ្លឹមសារនេះ សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិមិន​ចង់ឃើញ​ជម្លោះ​ព្រំដែន អូសបន្លាយ​ពេលដោយ​គ្មានទីបញ្ចប់​នោះទេ។

ហេតុនេះ ទោះបីជាមេដឹកនាំ​រដ្ឋក្នុងពេលបច្ចុប្បន្ន​ជឿថា ឯកសារដើមមាន​ចំណុចខ្វះខាត​ក៏ដោយ ក៏មិនអាចយ​កមកធ្វើជា​លេស​ដើម្បីរុះរើឡើងវិញ​បានដែរ ដរាបណាឯកសារ​ទាំងនោះ​ធ្លាប់ត្រូវ​បានតំណាង​នៃ​រដ្ឋទាំងពីរ យល់ព្រមផ្តល់សច្ចាប័នរួមគ្នាកាលពីអតីតកាលរួចទៅហើយ។

ម្យ៉ាងវិញទៀត ប្រសិនបើតុលាការអន្តរជាតិអនុញ្ញាតឱ្យធ្វើបែបនោះមែន វានឹងនាំឱ្យមាន​ការ​ផ្លាស់ប្តូរ​ខ្សែបន្ទាត់ព្រំដែនទៅវិញទៅមកមិនចេះចប់ និងបង្កជាវិវាទដណ្តើម​ទឹកដីគ្នា​នៅតំបន់​ព្រំដែន​ឥត​ឈប់ឈរ។ វិបត្តិនេះ​នឹងរុញច្រានឱ្យវិវាទរឿងខ្សែបន្ទាត់ព្រំដែន ក្លាយជា​ដើមហេតុ​នៃសង្រ្គាម​រវាងរដ្ឋ​ជិតខាង ដែល​មិនអាចជៀសរួច។

ករណីនេះបានបង្ហាញយ៉ាង​ច្បាស់ថា «គោលបំណងនៃសេចក្តីសម្រេចរបស់តុលាការ គឺចង់ការពារ​តំបន់​ព្រំដែន​មិនឱ្យធ្លាក់ក្នុងស្ថានភាពសង្រ្គាម ឬមិនចង់ឱ្យខ្សែបន្ទាត់ព្រំដែន​ក្លាយជាលក្ខខណ្ឌ​បង្កើត​ជម្លោះ​រហូតរាលដាល​ទៅជាសង្រ្គាមមិនចេះចប់ ដូចជាបញ្ហាកំពុងកើត​ឡើងនាពេល​បច្ចុប្បន្ន​នោះ​ឡើយ»។

ហេតុដូច្នេះហើយ ទើបតុលាការអន្តរជាតិបានពន្យល់បន្ថែមយ៉ាងច្បាស់ថា ការធ្វើកិច្ចព្រមព្រៀងស្តី​ពីខ្សែបន្ទាត់​ព្រំដែន គឺមានគោលបំណង «កាត់បន្ថយ និងលុបបំបាត់រាល់ស្ថានភាពតាន​តឹង​ទាំង​ឡាយ ព្រមទាំង​ដើម្បីសម្រេចឱ្យ​បាននូវស្ថិរភាព​ដែនដី ដោយផ្អែកលើភាពប្រាកដប្រជា និង​ភាព​ច្បាស់លាស់»។

លទ្ធផលនៃសេចក្តីសម្រេចបែបនេះ អាចសន្និដ្ឋានបានថា «ការធ្វើកិច្ចព្រមព្រៀង​រឿងខ្សែបន្ទាត់​ព្រំដែន​ដែល​បាន​បញ្ចប់​ទៅហើយ តាម​រយៈការផ្តល់​សច្ចាប័ន​ក្នុងសន្ធិសញ្ញា និងផែនទី​ខណ្ឌសីមា​នោះ មាន​គោលបំណង​យ៉ាងច្បាស់លាស់​ក្នុងការ​បញ្ចប់​ជម្លោះរវាងរដ្ឋ»។ វាដាច់ខាតមិនមែន​ជា​ដំណើរការ​បង្កើតជម្លោះ ដើម្បីបន្សល់ទុកជាមរតកដ៏​ជូរចត់សម្រាប់​មនុស្សជំនាន់​ក្រោយ​ក្នុងពេលអនាគត​នោះឡើយ។

ផ្ទុយទៅវិញ សេចក្តីសម្រេចនេះគឺជាការបញ្ជាក់របស់តុលាការអន្តរជាតិ ដែលចង់រក្សា «ស្ថានភាព​ដើម» នៃ​ខ្សែបន្ទាត់​ព្រំដែន (Status Quo)។ ហេតុផលគឺ​ដោយសារ​តែស្ថានភាព​បែបនេះ ត្រូវបាន​កំណត់​ឡើង​រួមគ្នា​ដោយផ្អែក​លើ​សន្ធិសញ្ញា និង​ផែនទី​ខណ្ឌសីមា ដែល​រដ្ឋទាំងពីរ​បានអនុវត្ត រហូត​សម្រេច​បានលទ្ធផលជាផ្លូវការ​ក្នុងការបង្កើត​ឱ្យមានខ្សែបន្ទាត់​ព្រំដែន​នៃរដ្ឋសម័យទំនើប។

នៅក្នុងបរិបទ​ភូមិសាស្ត្រ​នយោបាយ យើង​ត្រូវទទួលស្គាល់​តាមតថភាព​ជាក់ស្តែងថា ការបង្កើត​ព្រំដែន​បែបនេះ​បានធ្វើឱ្យកើតមាន «ភាព​ប្រាកដប្រជា» នៃខ្សែបន្ទាត់ព្រំដែន។ ភាព​ច្បាស់​លាស់​នេះ​មាន​កម្រិតខ្ពស់ រហូត​ដល់ថ្នាក់បន្ទាប់ពី​ការ​ខណ្ឌសីមា​ព្រំដែន​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ រដ្ឋាភិបាល​សៀម​បានស្នើឱ្យភាគីបារាំងបោះពុម្ព​ផែនទីខាង​លើផងដែរ។

បន្ទាប់មក រដ្ឋាភិបាលបារាំង​ក៏បាន​ចាត់​បញ្ជូន​ផែនទី​នោះ ទៅឱ្យស្ថានទូត​សៀម​ប្រចាំក្រុង​ប៉ារីស ក្នុង​ខែសីហា ឆ្នាំ1908 ដើម្បីបញ្ជូនបន្តមកឱ្យរដ្ឋាភិបាល​ក្រុងបាងកក​ជាបន្តបន្ទាប់។

ពិត​ណាស់ ពេលវេលា​ដែលកន្លងផុត​ទៅ អាចបង្កឱ្យមាន «ភាពមិនច្បាស់លាស់» មួយចំនួន​ដោយសារ​កត្តាផ្សេងៗ ជាពិសេស​ការប្រែប្រួលនៃភូមិសាស្ត្រធម្មជាតិ ដែលជះ​ឥទ្ធិពល​ដល់​ខ្សែបន្ទាត់ បែងចែក​ផ្លូវទឹក។ ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ លោកនាយករដ្ឋមន្ត្រីថៃ​ច្បាស់ជា​ជ្រាប​ហើយ​ថា «ភាពមិនច្បាស់លាស់​ទាំងនេះ គឺត្រូវពឹងផ្អែក​លើយន្តការចរចា​ខាងបច្ចេកទេស តាមរយៈ​វេទិកា​ប្រជុំគណៈកម្មការព្រំដែនរួម (JBC) ដើម្បីដោះស្រាយ និងបង្កើតឱ្យ​មានភាពច្បាស់​លាស់​ឡើង​វិញ»។

ផលដែលទទួលបានក្នុង​ផ្លូវភូមិសាស្ត្រនយោបាយពី​យន្តការ​នេះ គឺការ​នាំមកនូវ «ភាពប្រាកដប្រជា» នៃ​ខ្សែបន្ទាត់​ព្រំដែន ដូចដែលតុលាការអន្តរជាតិបានលើកឡើង ជាចំណុចពិចារណា​កាល​ពីឆ្នាំ ១៩៦២។ លទ្ធផលនៃសេចក្តីសម្រេចនេះ បានប្រាប់យើងក្នុងន័យម្យ៉ាងទៀតថា «សន្ធិសញ្ញា និង​ផែនទីភ្ជាប់​មកជាមួយ» គឺជាកត្តាសំខាន់បំផុត​ដែលនឹងត្រូវយកមក​ប្រើប្រាស់​ក្នុងការដោះ​ស្រាយ​បញ្ហា​វិវាទ។

ហេតុនេះ ទោះបីជាមានអ្វី​កើតឡើង​ក៏ដោយ ខ្សែ​បន្ទាត់ព្រំដែន​ក៏នឹងត្រូវស្ថិត​នៅក្នុងគន្លងដដែល ដូច​ដែលបាន​បង្ហាញនៅក្នុងផែនទី​ខណ្ឌសីមាព្រំដែន និងធ្លាប់បានអនុវត្តរួច​មក​ហើយ​ក្នុង​អតីតកាល​។ ប្រសិន​បើមាន​បញ្ហាឬវិវាទកើត​ឡើង រដ្ឋក៏​អាចយកសន្ធិសញ្ញា និងផែនទី​ខណ្ឌសីមា​ដែល​ទទួល​បាន​ការ​ផ្តល់សច្ចាប័ន មកធ្វើជាឯកសារ​យោងក្នុង​ការអនុវត្តការងារ​ក្នុងរឿងនេះ ដោយ​មិនចាំ​បាច់គិត​ថា​ផែនទីនេះ​មានខ្នាតមាត្រដ្ឋាន​ប៉ុន្មាន​នោះឡើយ។

ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើរដ្ឋសម្រេចចិត្តប្រើប្រាស់​កម្លាំងយោធា​មកធ្វើជា​ឧបករណ៍​ក្នុងការ​ដោះ​ស្រាយ​វិវាទ ទោះបីជា​អាចដណ្តើម​បានដែនដី ដែលមានបញ្ហាមកគ្រងគ្រង ជាបណ្តោះអាសន្ន​ក៏​ដោយ ប៉ុន្តែចុងក្រោយវា​នឹងត្រូវនាំទៅ​រកការកំណត់​ព្រំដែន​តាមផ្លូវច្បាប់​ដែល​ច្បាស់​លាស់​ដដែល។

បញ្ហាបែបនេះ អាចមិនខុស​ពីបញ្ហាវិវាទរឿង​ខ្សែរបងផ្ទះរបស់បុគ្គលម្នាក់ៗនៅក្នុងរដ្ឋ ដែលវិវាទ​ខាងលើ​នោះច្បាស់​ជាត្រូវ​បញ្ចប់ទៅដោយ​ការធ្វើ «ការវាស់វែងដីធ្លី» ដោយគ្មានផ្ទះ​នរណាម្នាក់​មានដីធ្លី​លើស​ហួស​ពីដែនកំណត់​នៃការវាស់វែង​នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវទទួលស្គាល់​ថា គំនិត «ជាតិនិយម» របស់រដ្ឋនីមួយៗ អាចនឹង​មិនស៊ី​សង្វាក់​គ្នាជាមួយ​គោលការណ៍ «អន្តរជាតិនិយម» នោះទេ។ ពោល​គឺ តាមគោលការណ៍​អន្តរជាតិ​និយម​ដែល​គ្រប់​ប្រទេស រួមទាំង​ប្រទេសថៃ ត្រូវតែប្រកាន់​ខ្ជាប់នូវច្បាប់អន្តរជាតិនោះ សហគមន៍​អន្តរជាតិនឹងផ្តល់សារៈសំខាន់​យ៉ាងខ្លាំង ទៅលើការដែលរដ្ឋត្រូវ​តែមិនប្រើប្រាស់​កម្លាំង​យោធា ក្នុងការ​ផ្លាស់ប្តូរ​ខ្សែបន្ទាត់​ព្រំដែន​ដើម។

ម្យ៉ាងទៀតច្បាប់អន្តរជាតិ​បានចែងយ៉ាងច្បាស់​ថា មិនអនុញ្ញាត​ឱ្យរដ្ឋមានសិទ្ធិក្នុងការកែសម្រួល ឬ​ផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន​រវាងប្រទេសដោយការប្រើប្រាស់កម្លាំងឡើយ។

ដូច្នេះ​គោលការណ៍នេះ​ទើប​មានអត្ថន័យថា «ទោះបីជាកើតមាន​ការប្តូរគន្លងខ្សែ​បន្ទាត់​ព្រំដែន ដោយ​ហេតុផល​ឬកត្តាណាមួយ​ក៏ដោយ ប៉ុន្តែ​នៅពេលដែល​ត្រូវមាន ការចរចា​ដើម្បីបញ្ចប់ជម្លោះ រដ្ឋក៏​ត្រូវតែដក​ថយត្រឡប់ទៅរក​ខ្សែបន្ទាត់ព្រំដែន​ដើម ដូចដែល​បាន​បង្ហាញ​នៅក្នុងផែន​ទី​ខណ្ឌ​សីមាព្រំដែន»។

ក្នុងករណីដែលរដ្ឋគូភាគីវិវាទ​មិនអាចឈានទៅរកការព្រមព្រៀង​គ្នាបាន ពួកគេ​នឹងត្រូវបង្ខំ​ឱ្យ​ត្រឡប់​ទៅ​រកស្ថានភាព​ដើមនៃ​ខ្សែបន្ទាត់ព្រំដែន (Status Quo) ដោយ​អនុលោម​តាម​សេចក្តី​សម្រេចរបស់​តុលាការអន្តរជាតិ។

នៅពេលដែលយន្តការចរចាទ្វេភាគីត្រូវបរាជ័យ ផ្លូវច្បាប់តែមួយគត់​ដែលនៅសល់​គឺការស្វែង​រក​យុត្តិធម៌ និង​ការកាត់សេចក្តីពីតុលាការ។ យើងអាចនឹង​យល់ឃើញ ឬគិតបែបងាយៗថា ប្រទេស​ថៃមិន​ទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ហើយថៃ​មិនចាំ​បាច់​ចូលរួម​ក្នុង​នីតិវិធីតុលាការ​ឡើយ។ ឬមួយក៏អាចមានការ​លើកឡើងបែបជ្រុលនិយមថា «ប្រទេសថៃ​មិនចាំបាច់​គោរព​សាល​ក្រម និង​ច្បាប់ទម្លាប់អន្តរជាតិ​ណាមួយ​ឡើយ»។

ប៉ុន្តែក្នុងតថភាពជាក់ស្តែង យើងត្រូវពិចារណាលើទិដ្ឋភាព​ច្បាប់មួយ ដែលទោះ​បីជាមិនស្រប​តាម​បំណង ឬមិនត្រូវ​ចិត្តយើង​ក៏ដោយ ប៉ុន្តែវាជាការពិតក្នុងប្រវត្តិសាស្ត្រ ដែលថា «ប្រទេសថៃធ្លាប់​បានចូលរួម​ដោះស្រាយវិវាទព្រំដែន​ជាមួយកម្ពុជា​នៅចំពោះ​មុខតុលាការ​អន្តរជាតិ​រួចរាល់​ហើយ​រហូត​ដល់​ទៅ​២លើក»។ ហេតុដូច្នេះហើយ រដ្ឋាភិបាលថៃត្រូវតែមានការប្រុងប្រយ័ត្ន និងម៉ត់ចត់​ជា​ទីបំផុត ក្នុងការទប់ស្កាត់មិនឱ្យមានរឿងក្តីជុំទី៣ កើតឡើងជាដាច់ខាត។

ជាក់ស្តែងលទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការក្នុងជុំទី២ កាលពីឆ្នាំ២០១៣នោះ រហូតមក​ដល់​បច្ចុប្បន្ន នៅមិនទាន់​អាចស្វែងរក​អ្នកទទួលខុសត្រូវ ពិតប្រាកដបានឡើយ។ នេះក៏ដោយសារ​តែសេចក្តី​សម្រេច​នាពេលនោះ បានជះឥទ្ធិពល​យ៉ាងខ្លាំងលើស្ថានភាពដែនដីរបស់ប្រទេសជាតិ ដែល​ជាការពិត​មិន​អាចប្រកែក​បាន។ ប៉ុន្តែដោយសារតែកន្លងមក ខ្វះការជជែកដេញ​ដោល​វែកញែក​រឿង​នេះ​ឱ្យបានហ្មត់ចត់ ទើបធ្វើឱ្យសង្គមទូទៅមិនបានទទួលដឹងលឺ និងមិនបាន​យល់ច្បាស់​ពីផលប៉ះ​ពាល់ពិតប្រាកដនៃសេចក្តីសម្រេចនោះឡើយ។

ផ្អែកលើមូលហេតុខាងលើនេះ រដ្ឋាភិបាលថៃមិនត្រូវបង្កើតលក្ខខណ្ឌណាមួយ ដែលនាំឱ្យ​ប្រទេស​ជាតិធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀប ទាំងក្នុងទិដ្ឋភាពនយោបាយ និងច្បាប់អន្តរជាតិ គ្រាន់តែដោយ​សារ​ការមានទំនុកចិត្តហួសហេតុ​លើអំណាចយោធានោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​គប្បីត្រូវ​ដឹង​ឱ្យច្បាស់ពី​ដែនកំណត់ នៃអំណាចយោធារបស់ខ្លួន។ ហេតុផលគឺដោយហេតុថា «កងកម្លាំង​ប្រដាប់​អាវុធ​មិនមែនជាឧបករណ៍​ដែលអាចនាំមកនូវភាពជោគជ័យ ក្នុងការដោះស្រាយវិវាទព្រំដែន បាន​គ្រប់កាលៈទេសៈ​នោះទេ»។

ជារួម យើងច្បាស់ជាត្រូវទទួលស្គាល់ការពិតថា «ប្រទេសថៃមិនមែនជារដ្ឋមហាអំណាចធំ ដែល​នឹង​អាច​គ្រប់គ្រងដែនដីបានហួសលើសពីខ្សែបន្ទាត់ព្រំដែន ដូចដែលបង្ហាញ​នៅក្នុងផែនទី​ខណ្ឌ​សីមា​នោះ​ឡើយ។ ហើយនៅក្រោមគោលការណ៍ដូចគ្នានេះ ថៃក៏នឹងមិនអនុញ្ញាតឱ្យរដ្ឋជិត​ខាងគ្រប់គ្រង​ដែនដី​ហួសលើស ពីតំបន់ដែលបានកំណត់ទុក នៅក្នុងកិច្ចព្រមព្រៀងច្បាប់ដើមនោះដែរ។

ចុងក្រោយនេះ យើងច្បាស់ជាបានឃើញហើយថា «ស្ថានភាពសន្តិសុខព្រំដែនថៃ-កម្ពុជា» កាន់តែ​យូរ​ថ្ងៃ​ទៅ គឺ​កាន់តែវិវត្តទៅរក​ភាព​ស្មុគស្មាញ និង​មានលក្ខណៈ​រសើបខ្លាំង​ឡើងៗជាលំដាប់។

ហេតុដូច្នេះការបណ្តោយ​ឱ្យបញ្ហានេះ​អូសបន្លាយ​ទៅមុខ ដោយ​គ្មានដំណោះស្រាយ​ពិតប្រាកដនោះ មុខជា​នឹងមិនផ្តល់​ផលល្អទាំង​ចំពោះ​ប្រទេសជាតិ និង​ចំពោះស្ថិរភាព​របស់រដ្ឋាភិបាល​ផ្ទាល់ឡើយ។ បញ្ហា​នេះ នឹងកាន់តែមិនផ្តល់ផលល្អខ្លាំងថែមទៀត ក្នុងខណៈពេល​ដែលប្រទេសជាតិ​កំពុង​ប្រឈ​មមុខ នឹងការ​ប្រែប្រួលដ៏គំហុក​នៅក្នុងវេទិកាភូមិសាស្ត្រ​នយោបាយ​សកលនាពេលបច្ចុប្បន្ន។

ដូចនេះអ្វីដែលល្អបំផុត​សម្រាប់ប្រទេស​ថៃនាពេលនេះ គឺត្រូវដក «អុសកម្ពុជា» ចេញពី «គំនរ​ភ្លើង​សន្តិសុខ​ជាតិ» ដើម្បីកាត់បន្ថយ​ភ្លើងជម្លោះ​ឱ្យមក​នៅតិច​ជាងមុន។

សកម្មភាព​នេះ គឺធ្វើឡើង​ដើម្បីកុំឱ្យប្រទេស​ជាតិ ត្រូវបន្តប្រឈមមុខនឹងភ្លើងគំនរធំ ដែល​ឆេះ​ក្តៅ​ងំ​គ្មាន​ថ្ងៃរលត់​នោះ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម