Connect with us

ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្តាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗសុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញសង្គម Facebook និង TikTok គឺជាវេទិកាដែលសាធារណជនអាចបង្កើតឡើងបានយ៉ាងងាយស្រួល ដើម្បីបម្រើដល់ការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល និងការចែករំលែកព័ត៌មានផ្សេងៗ។ មួយវិញទៀតការប្រើប្រាស់បណ្តាញសង្គមនេះ ដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។

លោក ទេព អស្នារិទ្ធ ថ្លែងដូច្នេះថា « Facebook និង TikTokនេះ អ្នកណាក៏បង្កើតបានដែរ។ ឥឡូវប្រជាពលរដ្ឋរបស់យើងមានជាង ១៧ លាននាក់ ក្នុងហ្នឹងមានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មជាង ១៥ លាននាក់ ។ អ៊ីចឹងសរុបទាំងអស់ជាង ១៥ លាន ហើយក្នុងហ្នឹងប្រជាពលរដ្ឋវ័យក្មេងរបស់យើង ដែលជាយុវសិស្ស ដែលកំពុងតែនៅក្នងវ័យសិក្សានេះ ៥៩% គឺប្រើហ្វេសប៊ុក ហើយប្រមាណជា ៣៥% គឺកំពុងតែសកម្មនៅលើបណ្ដាញសង្គមទីកតុក។ ឃើញទេ? ឥឡូវសួរថា អ្នកដែលមានគណនី និងអ្នកប្រើបណ្តាញទំនាក់ទំនងសង្កម មានដូជា Facebook និង TikTok ហ្នឹងសុទ្ធសឹងតែជាអ្នកបានរៀនសូត្រ ឬទទួលការបណ្តុះបណ្តាលផ្នែកសារព័ត៌មានទេ? ចម្លើយ គឺថា មិនមានទេ !។ លើកលែងតែ គណនី ឬក៏ផេកផ្លូវការរបស់ក្រសួងស្ថាប័ន ឬ បុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ។ អ៊ីចឹងបណ្ដាញទំនាក់ទំនងសង្គម អ្នកណាក៏អាចបង្កើតបានដែរ ។ ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ»។

លោកបានពន្យល់ទៀតថា ចំពោះប្រព័ន្ធផ្សព្វផ្សាយផ្លូវការវិញ មានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ ។ មុននឹងព័ត៌មានមួយត្រូវបានផ្សព្វផ្សាយ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក ដើម្បីធានាថាព័ត៌មាននោះមានប្រភពច្បាស់លាស់ ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការញុះញង់។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនេះ គេផ្តោតសំខាន់លើគុណភាពនិងភាពត្រឹមត្រូវជាងល្បឿន។ ទោះបីជាមានការអភិវឌ្ឍទៅជាព័ត៌មានតាមអនឡាញដែលលឿនជាងមុនក៏ដោយ ប៉ុន្តែនៅតែត្រូវចំណាយពេលផ្ទៀងផ្ទាត់ប្រភពយ៉ាងត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។

សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជារួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), ទូរទស្សន៍ជាតិកម្ពុជា (TVK), វិទ្យុជាតិកម្ពុជា (RNK), MoInfo App, ព្រមទាំង គេហទំព័រ និងបណ្តាញសង្គមរបស់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត មន្ទីរព័ត៌មានទូទាំងប្រទេស, និងអង្គភាពសារព័ត៌មានដែលមានអាជ្ញាបណ្ណចេញដោយក្រសួងព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម