Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថា​សារព័ត៌មាន ABC អូស្ត្រាលី​ កំពុង​ក្លាយ​ជា​ឧបករណ៍​ឃោសនាព័ត៌មានមិនពិត​របស់​ថៃ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ចេញ​ផ្សាយ​របស់​ព័ត៌មាន​របស់​ ABC News អូស្ត្រាលី​ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ពី​ទីតាំង​ឆបោក​អនឡាញ​មួយ​កន្លែង​នៅ​តំបន់​អូស្មាច់​ លើ​ដី​កម្ពុជា​ដែល​ត្រូវ​បាន​ថៃ​ឈ្លាន​ពាន​យក​។ លោក​ថា​ ទូរទស្សន៍​អូស្រ្ដាលី ធ្វើ​ព័ត៌មាន​ប្រឌិត​តាម​ការ​រៀបចំ​របស់​យោធា​ថៃ រាយការណ៍ខ្វះវិជ្ជាជីវៈ ដើម្បី​បង្កាច់​បង្ខូច និង​បង្កើត​បញ្ហា​មក​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ទូរទស្សន៍​ ABC News Australia បាន​ចេញ​វីដេអូ​ព័ត៌មាន​មួយ​ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​អាគារ​មួយ​នៅ​ព្រំដែន​កម្ពុជា​ថៃ​និង​បាន​​រាយការណ៍​ថា​ជា​កន្លែង​ឆបោក​អនឡាញ​ដ៏​ធំ​មួយ ក្នុង​វីដេអូ​នោះ​កង​ទ័ព​ថៃ​បាន​នាំ​អ្នក​យក​ព័ត៌មាន​លោក​ស្រី Karishma Vyas ចុះមើល​និង​រាយការណ៍​​ទីតាំង​ប្រតិបត្តិការ និង​កន្លែង​ឃុំឃាំង​មនុស្ស​នៅ​ក្នុង​អាគារ​នោះ​ផង​ដែរ​។​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ បាន​លើក​ឡើង​ថា​ ការ​រាយការណ៍​ព័ត៌មាន​នេះ​គឺ​លំអៀង និង​អតុល្យភាព​ព័ត៌មាន​ដែល​ជា​សកម្មភាព​បំពាន​ក្នុង​ក្របខ័ណ្ឌ​វិជ្ជាជីវៈ កំពុង​ធ្លាក់​ខ្លួន​ជា​ឧបករណ៍​ឃោសនា​របស់​ថៃ។

លោក​ថា៖ «គោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន គឺត្រូវរាយការណ៍ព័ត៌មានដោយមានតុល្យភាព ដោយតម្លាភាព មិនលម្អៀង។ ការចុះយកព័ត៌មានដោយទទួល ស្តាប់ និងដើរតាមតែការរៀបចំ និង​ការ​នាំរបស់ភាគីយោធាថៃតែម្ខាង ដោយគ្មានការសាកសួរ ឬសុំការបំភ្លឺពីអាជ្ញាធរ ឬប្រជាពលរដ្ឋ​កម្ពុជា ពោលគឺពុំបានផ្តល់សំឡេងលើប្រធានបទ ឱ្យដល់ភាគីពាក់ព័ន្ធនៅតំបន់នោះ បាន​បញ្ចេញ​មតិ​យោបល់​ខ្លួន គឺជាការបង្កើតការរាយការណ៍ព័ត៌មានដែលមានភាពលម្អៀង គ្មាន​ការ​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​ជុំវិញ ជាការរាយការណ៍ព័ត៌មានខ្វះវិជ្ជាជីវៈ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ»។


លោកបន្ថែម​ថា​ ក្នុងនាមជាសារព័ត៌មានអន្តរជាតិដ៏ធំរបស់អូស្ត្រាលី ABC គួរតែមានការសិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាមុន ឱ្យបានច្បាស់លាស់មុននឹងចុះទៅកាន់តំបន់ព្រំដែននេះ។ ការ​រាយការណ៍បែបនេះ ដោយអនុញ្ញាតឱ្យគេប្រើប្រាស់ឈ្មោះ និងកាមេរ៉ារបស់​ខ្លួន​ដើម្បី​ផលិត​ព័ត៌មាន​បែប​ប្រឌិតតាមការរៀបចំរបស់ភាគីថៃ ដើម្បីបង្កាច់បង្ខូច និងបង្កើតបញ្ហា គឺជាការ​ទម្លាក់​តម្លៃ​វិជ្ជាជីវៈខ្លួនឯងឱ្យទៅជាឧបករណ៍ឃោសនានយោបាយ និងយោធា​របស់​ប្រទេស​មួយ​ផ្សេង​ទៀត​។
លោក​បាន​ចាត់​ទុក​ថា​ ការ​រាយការណ៍​ព័ត៌មាន​នេះ​ជា​ការ​បំពាន​អព្យាក្រិតភាព​ផ្នែក​សារព័តមាន ព្រោះសារព័ត៌មានដែលមានក្រមសីលធម៌ មិនត្រូវធ្វើសកម្មភាពណាដែលអាចបង្កជាជម្លោះ ការអុចអាល នាំឱ្យកើតមានគ្រោះថ្នាក់ ឬបង្កអស្ថិរភាពដល់ប្រទេស ប្រជាជនក្នុង​តំបន់​ណាមួយ​ឡើយ​។

លោក​បន្ថែម​ថា​៖ «ដូច្នេះ​ការ​ចូល​មក​យក​ព័ត៌មាន​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រំដែន​បែប​នេះ ជាទង្វើអាចបង្កភាពតានតឹងរវាងប្រទេសទាំងពីរ ដែលនេះ​ជាការ​ផ្ទុយ​ពី​ទំនួលខុសត្រូវ​សង្គម​របស់អ្នកសារព័ត៌មាន»។


បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ការ​អនុវត្តន៍​សេរីភាព​សារ​ព័ត៌មាន​ត្រូវ​តែ​ដើរ​ទន្ទឹម​នឹង​ការ​គោរព​ច្បាប់​អន្តរជាតិ ច្បាប់ជាតិ និងភាពសុចរិតស្មោះត្រង់ មិនលម្អៀងក្នុងវិជ្ជាជីវៈ។ ទង្វើ​របស់​ ABC Australia គឺ​ជាការរំលោភ​ច្បាប់អន្តោប្រវេសន៍ និងអធិបតេយ្យភាពរបស់កម្ពុជាផង និងជា​ការបំពាន​ក្រម​សីលធម៌​សារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលធ្វើ​ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់អូស្ត្រាលីផ្ទាល់លើឆាកអន្តរជាតិ៕

​អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម