ព័ត៌មានជាតិ
មន្ត្រីក្រសួងព័ត៌មានកម្ពុជា និងភាគីចិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវគ្គសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង
វគ្គសិក្ខាសាលាសម្រាប់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនៃតំបន់ខាងត្បូង (Global South) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន បានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការបង្កើនសមត្ថភាពបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការ។

អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង» នៅប្រទេសចិននាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោក ហេ ដុងបូ អនុប្រធានគណៈកម្មាធិការបក្ស និងអនុប្រធានក្រុមហ៊ុន CBIC បានលើកឡើងថា រយៈពេល ១៤ថ្ងៃនេះ គឺជាថ្នាក់រៀនដ៏មានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅអំពីទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយបែបប្រទេសចិន។ នៅទីក្រុងប៉េកាំង សិក្ខាកាមបានសិក្សាពីកត្តាវិជ្ជានៃការអភិវឌ្ឍរបស់ចិន ចំណែកនៅទីក្រុងយិនឈួន សិក្ខាកាមបានទស្សនាឧទ្យានជាតិប៉ៃជីថាន ដែលបង្ហាញពីអច្ឆរិយវត្តអេកូឡូស៊ី «មនុស្សមិនក្បត់ភ្នំបៃតង ភ្នំបៃតងក៏មិនក្បត់មនុស្ស» និងបានឃើញពីជោគជ័យនៃការលុបបំបាត់ភាពក្រីក្រនៅទីក្រុងមិននីង។ លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាជំរុញឧស្សាហកម្មនៅក្រុមហ៊ុន Zhuse Technology និង Lingji Digital Technology ព្រមទាំងបានពិភាក្សាពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយស៊ីជម្រៅនៅស្ថានីយទូរទស្សន៍នីងសៀផងដែរ។ លោកបានបន្ថែមថា វគ្គសិក្សានេះក៏ជាវេទិកានៃការបង្កើតគំនិតក្នុងការផ្សព្វផ្សាយព័ត៌មាននៃបណ្តាប្រទេសតំបន់ខាងត្បូង។

ជាងនេះទៅទៀត សិក្ខាកាមទាំងអស់បានឈានទៅដល់ការយល់ឃើញរួមគ្នាថា ក្នុងបរិបទនៃការប្រែប្រួលសកលលោក អ្នកសារព័ត៌មាននៃតំបន់ខាងត្បូងមានទំនួលខុសត្រូវរួមគ្នាក្នុងការបំបែកការត្រួតត្រាផ្តាច់មុខនៃការនិយាយបែបលោកខាងលិច និងរួមគ្នាកសាងសណ្តាប់ធ្នាប់ផ្សព្វផ្សាយព័ត៌មានមួយដែលមានយុត្តិធម៌ និងចម្រុះពណ៌។
លោកបញ្ចាក់ថា ទោះបីវគ្គបណ្តុះបណ្តាលបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែមិត្តភាពមិនមានទីបញ្ចប់ទេ ហើយកិច្ចសហប្រតិបត្តិការក៏មិនដែលឈប់ឈរដែរ។ CBIC តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងបរទេស។

នៅក្នុងពិធីបិទវគ្គសិក្ខាសាលានោះដែរ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍តំណាងសិក្ខាកាមមន្ត្រីនៃក្រសួងព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងគណៈកម្មការរៀបចំ ដែលបានផ្តល់ឱកាសដ៏មានតម្លៃ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ លោកបានគូសបញ្ជាក់ថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹង និងបទពិសោធន៍លើសពីការរំពឹងទុក ជាពិសេសការយល់ដឹងអំពីការអភិវឌ្ឍយ៉ាងរហ័សនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយចិន ដូចជាប្រព័ន្ធឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ។

លោកបន្តថា ក្រៅពីការសិក្សា គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចសិក្សានៅទីតាំងសំខាន់ៗ រួមមាន ក្រុមហ៊ុន ZOOXER TECH ស្វែងយល់ពីបច្ចេកវិទ្យាកាមេរ៉ាស្វ័យប្រវត្តិកម្រិតខ្ពស់ដំណើរការដោយ AI។ ស្ថានីយ Beijing Langyuan Station ទស្សនាការច្នៃប្រឌិតអតីតឃ្លាំងវាយនភណ្ឌ ទៅជាមជ្ឈមណ្ឌល AIGC ដ៏ទំនើប។ មហាកំផែងចិន និងតំបន់ស្វយ័តលីងស៊ា ហ៊ុយ (Ningxia Hui) ស្វែងយល់ពីអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ចិន។

ក្នុងឱកាសនោះ លោក ហេ ដុងបូ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងយកទៅអនុវត្តនៅក្នុងស្ថាប័នរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ទទួលខុសត្រូវ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៃតំបន់ខាងត្បូងសកលឱ្យកាន់តែរឹងមាំបន្ថែមទៀត៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


