ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ជាខែលការពារដ៏សំខាន់ក្នុងការគាំពារប្រជាពលរដ្ឋ និង យុវវ័យ
ថ្លែងប្រាប់អ្នកសារព័ត៌មានពីយុទ្ធនាការនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្នុងខេត្តកែប កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ តាមរយៈការបង្ហាញរបាយការណ៍សង្ខេបស្តីពីលទ្ធផល នៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ថា ៖ យុទ្ធនាការជាតិនេះ បានក្លាយជាខែលការពារដ៏មានសារៈសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលជាកម្លាំងស្នូល នៃសង្គម ឱ្យជៀសផុតពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ ការផ្សាយបែបបំភ្លៃ និង ការកេងចំណេញផ្នែកនយោបាយទុច្ចរិត ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសង្គម និង ពង្រឹងជំនឿទុកចិត្តរបស់សាធារណជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងព័ត៌មាន បានអត្ថាធិប្បាយថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ មក ការអនុវត្តយុទ្ធនាការបានផ្សព្វផ្សាយបញ្រ្ជាបដល់សិស្សានុសិស្ស នៃវិទ្យាល័យ អនុវិទ្យាល័យធំៗ ចំនួន ២៥ ក្នុង ១០ រាជធានី-ខេត្ត គឺ ភ្នំពេញ , ព្រះវិហារ , តាកែវ , កំពង់ស្ពឺ , កំពត , ពោធិ៍សាត់ , កំពង់ធំ , សៀមរាប , កំពង់ចាម , កែប ដោយមានសិស្សានុសិស្សរាប់ម៉ឺននាក់ចូលរួម។

លោកបានបន្ថែមថា យុទ្ធនាការកំពុងបន្តដំណើររបស់ខ្លួនឆ្ពោះទៅមុខទៅកាន់បណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងខេត្តទាំងអស់ជាបន្តបន្ទាប់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ រាល់ដំណើរបោះជំហានទៅមុខរបស់យុទ្ធនាការ គឺជាការកសាងភាពធន់នឹងការផ្សាយប្រឌិតបំភ្លៃ ការបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានពិត និង ការការពារសន្តិសុខព័ត៌មានជាតិ។

យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និង បែបអប់រំតាមប្រព័ន្ធផ្សាយរដ្ឋ និង ឯកជន ទាំងប្រពៃណី និង ទំនើប ចំនួនប្រមាណជាង ២០ ៥៨២ ដង/មាតិកា ដែលពលរដ្ឋ និង សហគមន៍ជាអ្នកប្រើប្រាស់បានចែករំលែកបន្តបន្ថែមទៀត។ សកម្មភាពយុទ្ធនាការតាមបណ្តាញសង្គម ទទួលបានការគាំទ្រពីសាធារណជន ដោយមានការចូលមើល និង បានចែករំលែកសរុបចំនួនប្រមាណជិត ២ លាន ដង។

ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ យុទ្ធនាការបានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធ TRC-SMS ទៅដល់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស ដើម្បីធានាការបញ្ជ្រាបដល់គ្រប់ស្រទាប់ក្នុងសង្គម។ ទន្ទឹមនឹងនេះ យុទ្ធនាការក៏បានពង្រីកវិសាលភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការដាក់បង្ហាញសារអប់រំនៅលើផ្ទាំងប៉ាណូ និង ផ្ទាំង LED នៅតាមដងផ្លូវ និង ទីប្រជុំជនសំខាន់ៗ ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈបន្ថែមទៀតផងដែរ។

លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធនាការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលវិបាកអវិជ្ជមាន និង ការពារប្រជាពលរដ្ឋឱ្យជៀសផុតពីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និង ព័ត៌មានបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ លើសពីនេះ យុទ្ធនាការបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពព័ត៌មាន និង ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំ ជាពិសេសទាំងក្នុងអំឡុងពេល នៃការប៉ះទង្កិចដោយអាវុធដោយសារការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និង ក្នុងដំណាក់កាលក្រោយបទឈប់បាញ់។

លោកអ្នកនាំពាក្យ មានប្រសាសន៍ថា លទ្ធផលជាក់ស្តែងទាំងនេះ បានបង្ហាញឱ្យឃើញថា យុទ្ធនាការជាតិនេះមិនត្រឹមតែជាខែលការពារដ៏រឹងមាំក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលមានចំនួនប្រមាណ ៦៨ ភាគរយ នៃចំនួនប្រជាជនសរុប ឱ្យជៀសផុតពីឧបាយកល នៃព័ត៌មានក្លែងក្លាយ , ការកេងចំណេញផ្នែកនយោបាយទុច្ចរិត , ការឆបោកតាមប្រព័ន្ធអនឡាញ , ការគំរាមកំហែងតាមអ៊ីនធឺណិត (Cyberbullying) ព្រមទាំងការលួចទិន្នន័យផ្ទាល់ខ្លួនក្នុងយុគសម័យឌីជីថល៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


