Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា បន្តចុះពិនិត្យមើលសកម្មភាពស្ដារបូមប្រព័ន្ធលូក្នុងមូលដ្ឋាន

បានផុស

នៅ

លោកអភិបាលខណ្ឌ ៧ មករា បានបន្តចុះពិនិត្យមើល និង ណែនាំដល់មន្រ្តីជំនាញកំពុងស្ដារបូមប្រព័ន្ធលូក្នុងមូលដ្ឋាន ដើម្បីពន្លឿនឲ្យរួចរាល់តាមផែនការ ហើយធានាលែងស្ទះប្រព័ន្ធទឹកហូរ ពេលមានភ្លៀងធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ នេះ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា រួមជាមួយមន្រ្តីជំនាញ នៃរដ្ឋបាលខណ្ឌ បានចុះមើលសកម្មភាពបូមស្ដារប្រព័ន្ធលូក្នុងមូលដ្ឋាន ដើម្បីកាយដី និង សំរាម ដែលអាចធ្វើឲ្យរាំងស្ទះដល់លំហូរទឹកភ្លៀង។

លោក ថេង សុថុល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ បានចុះស្តារអណ្តូងលូតូចៗ ជាអាទិភាព នៅលើកំណាត់ផ្លូវលេខ ២១១ ផ្លូវលេខ ២១៥ ផ្លូវលេខ ១៧១ ផ្លូវលេខ ១៣៤ និង ផ្លូវលេខ ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ និង សង្កាត់មិត្តភាព ដែលចំណុចនេះ គឺជាតំបន់ទំនាបទាបជាងគេ ហើយក៏ជាចំណុចទទួលរងទឹកធ្លាក់ ពីសង្កាត់ផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ ៧ មករា។ ដូច្នេះហើយ តំបន់នេះ តែងមានការប្រឈមការជន់ រាល់ពេលមានភ្លៀងធ្លាក់ខ្លាំង ពិសេសក៏ធ្វើឲ្យមានការរាំងស្ទះ មិនអាចនាំទឹកហូរទៅបាន ព្រោះតំបន់នេះ គឺជាប្រព័ន្ធនាំផ្លូវទឹកចេញពីខណ្ឌ ៧ មករា ដើម្បីបន្តធ្លាក់ទៅប្រព័ន្ធលូធំៗ។

លោកបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឲ្យយកចិត្តទុកដាក់ចំពោះផ្លូវណា ឬ តំបន់ណាដែលចាំបាច់ ត្រូវធ្វើការស្តារភ្លាមៗ ដើម្បីធានាថា ប្រព័ន្ធលូមិនរាំងស្ទះកាកសំណល់ និង សំរាម សំដៅបើកមុខលូឲ្យស្អាតល្អ និង ធ្វើឲ្យលំហូរទឹកភ្លៀងអាចហូរចេញបានលឿន។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះស្តារប្រព័ន្ធលូ ដើម្បីកាយភក់ និង សំរាម ដែលអាចធ្វើឲ្យរាំងស្ទះដល់លំហូរទឹកភ្លៀង តាមផ្លូវសំខាន់ៗ ជាច្រើនទៀត ក្នុងមូលដ្ឋានខណ្ឌ ៧ មករា ប្រមាណជា ៣.២៣៤ ម៉ែត្រ ដែលជាខណ្ឌអាទិភាព និង ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម