ព័ត៌មានជាតិ
ពលរដ្ឋ ៨០គ្រួសារ នៅស្រុកពេជ្រាដា ទទួលបានបង្គន់អនាម័យ លើកកម្ពស់អនាម័យ និងសុខភាពសហគមន៍
ប្រជាពលរដ្ឋចំនួន ៨០គ្រួសារ រស់នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានទទួលអត្ថប្រយោជន៍ពីការផ្តល់សម្ភារៈសាងសង់បង្គន់អនាម័យ ក្រោមការគាំទ្រ និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថានរស់នៅ និងការពារសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ពិធីចែកសម្ភារៈបង្គន់អនាម័យ «បដិភាគ» បានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក កឹង ឈាង អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកស្រី ប៊ុន ចន្ថា ប្រធានការិយាល័យសុខភាពជនបទ។ ក្នុងឱកាសនោះ សម្ភារៈសាងសង់បង្គន់អនាម័យចំនួន ៨០បង្គន់ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា។
លោក កឹង ឈាង បានលើកឡើងថា ការផ្គត់ផ្គង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋ គឺជាសកម្មភាពមួយដែលជួយឱ្យសហគមន៍មានបរិស្ថានស្អាត អនាម័យល្អ និងកាត់បន្ថយហានិភ័យនៃជំងឺដែលបណ្តាលមកពីការខ្វះអនាម័យ។ លោកបញ្ជាក់ថា ការផ្តល់សម្ភារៈសាងសង់បង្គន់នេះ ក៏ជាការចូលរួមជំរុញការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅជនបទផងដែរ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលទទួលបានសម្ភារៈទាំងនេះ ប្រើប្រាស់ និងថែរក្សាបង្គន់អនាម័យឱ្យបានត្រឹមត្រូវ និងមាននិរន្តរភាព ដើម្បីរួមចំណែកថែរក្សាបរិស្ថាន និងសុខភាពសហគមន៍។ លោកបន្ថែមថា នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ការផ្តល់បង្គន់អនាម័យនេះ ត្រូវបានប្រជាពលរដ្ឋសម្តែងការសាទរ និងចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយការបន្ទោរបង់ពាសវាលពាសកាល ព្រមទាំងជួយឱ្យគ្រួសារមានអនាម័យល្អប្រសើរ ជាពិសេសសម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។
លោក រដ្ឋា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលទទួលបានសម្ភារៈសាងសង់បង្គន់អនាម័យ បានថ្លែងអំណរគុណដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាអនាម័យនៅមូលដ្ឋាន។ លោករំពឹងថា គម្រោងបែបនេះនឹងបន្តពង្រីកទៅដល់គ្រួសារផ្សេងៗទៀត ដើម្បីឱ្យសហគមន៍ទាំងមូលមានបរិស្ថានស្អាត សុខភាពល្អ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

សូមជម្រាបថា ការពង្រីកការប្រើប្រាស់បង្គន់អនាម័យនៅតាមជនបទ គឺជាផ្នែកមួយនៃគោលដៅជាតិ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង ខេត្តមណ្ឌលគិរី គឺជាខេត្តទី២៤ ដែលសម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (Open Defecation Free-ODF) កម្រិតខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ការសម្រេចបានស្ថានភាព ODF មានន័យថា គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យប្រើប្រាស់រួម ស្របតាមស្តង់ដារអនាម័យ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


