ព័ត៌មានជាតិ
មណ្ឌលគិរី មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុប ៧៧០នាក់ កើនឡើងប្រមាណ ៤៧នាក់ ប្រៀបធៀបឆ្នាំមុន
ខេត្តមណ្ឌលគិរី មានបេក្ខជន និងបេក្ខនារីសរុប ៧៧០នាក់ នឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ចំនួនបេក្ខជនឆ្នាំនេះបានកើនឡើង ៤៧នាក់ ឬប្រមាណ ៥,៥៦ភាគរយបើធៀបនឹងឆ្នាំមុន ដែលមានបេក្ខជនចូលរួមប្រឡងសរុប ៧២៣នាក់។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ក្នុងចំណោមបេក្ខជនសរុប ៧៧០នាក់ មានបេក្ខនារី ៤៧១នាក់។ ដោយឡែក បេក្ខជនជាជនជាតិដើមភាគតិចមានចំនួន ២៥៨នាក់ ក្នុងនោះស្រី ១៥២នាក់។
លោកបន្តថា ការប្រឡងឆ្នាំនេះនឹងរៀបចំនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយបែងចែកជា ២មណ្ឌលប្រឡង សរុប ៣២បន្ទប់។ ក្នុងនោះ មណ្ឌលខាងកើតមាន ២៩បន្ទប់ សម្រាប់ផ្នែកវិទ្យាសាស្ត្រសង្គម និងមណ្ឌលខាងលិចមាន ៣បន្ទប់ សម្រាប់ផ្នែកវិទ្យាសាស្ត្រ។

ប្រធានមន្ទីរអប់រំរូបនេះបានបញ្ជាក់ថា ការកើនឡើងនៃចំនួនបេក្ខជនប្រឡងឆ្នាំនេះ បង្ហាញពីការយកចិត្តទុកដាក់របស់សិស្សានុសិស្ស និងអាណាព្យាបាលចំពោះការសិក្សា ព្រមទាំងឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យអប់រំនៅក្នុងខេត្ត។ ក្នុងចំណោមបេក្ខជនទាំងអស់ ក៏មានសិស្សជនជាតិដើមភាគតិចជាច្រើន ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រកួតប្រជែងដោយសមត្ថភាពផ្ទាល់ខ្លួនផងដែរ។

លោកបានឱ្យដឹងថា មន្ទីរអប់រំបានត្រៀមរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង កម្លាំងអនុរក្ស និងវិធានការពាក់ព័ន្ធរួចជាស្រេច ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»។
ជាមួយគ្នានេះ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា អាជ្ញាធរខេត្តបានត្រៀមក្រុមការងារគ្រប់ផ្នែក ដើម្បីគាំទ្រដល់ដំណើរការប្រឡង។ ក្នុងនោះ មានអនុកម្មការខេត្ត កងកម្លាំងសមត្ថកិច្ចចម្រុះ ក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងស្ថាប័នពាក់ព័ន្ធ ដែលនឹងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់ភាពកក់ក្តៅដល់បេក្ខជនពេញមួយអំឡុងពេលប្រឡង។

លោកបានសម្តែងក្តីរំពឹងថា បេក្ខជនទាំងអស់នឹងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អ និងបន្តក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍខេត្តមណ្ឌលគិរី និងប្រទេសជាតិនាពេលអនាគត៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


