Connect with us

ព័ត៌មានជាតិ

អគ្គរដ្ឋទូតបារាំង កោតសរសើរ រដ្ឋបាលរាជធានី សហការធ្វើឱ្យបេសកកម្មការទូត៤ឆ្នាំបានជោគជ័យធំធេង

បានផុស

នៅ

ភ្នំពេញ៖ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Eva NGUYEN BINH បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានសហការជាមួយស្ថានទូតបារាំងបានយ៉ាងល្អដែលធ្វើឱ្យការងារក្នុងបេសកកម្មរបស់លោកស្រីរយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រី Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ មិថុនានេះ នៅសាលារាជធានីភ្នំពេញ ខណៈដែលលោកស្រី ចូលជួបសម្តែងការគួរសម និងជំរាបលា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូតរបស់លោកស្រីនៅប្រទេសកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម និងជំរាបលា លោក ឃួង ស្រេង នោះ លោកស្រី Eva NGUYEN BINH បានសម្ដែងការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះបានរីករាលដាលពេញពិភពលោក ហើយរាជធានីភ្នំពេញជួបបញ្ហានេះដូចគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
លោកស្រីបញ្ជាក់ទៀតថា លោកស្រីពិតជាមានភ័ព្វសំណាងដែលបានស្នាក់នៅបំពេញការងារការទូតនៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោកបានមានការរីករាលដាលជំងឺកូវី-១៩ ហើយប្រទេសកម្ពុជាមានការរីករាលដាលជំងឺនេះមានកម្រិតតិចតួច។


លោកស្រី Eva NGUYEN BINH បានបន្តទៀតថា អាជ្ញាធររាជធានីភ្នំពេញពិតជាមានការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ប្រទេសបារាំង និងប្រទេសកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំ និងកាន់តែល្អប្រសើរ។
លោក ឃួង ស្រេង បញ្ជាក់ថា ក្នុងបេសកកម្មបំពេញការងាររបស់លោកស្រីនៅកម្ពុជារយៈពេល៤ឆ្នាំនេះ លោកស្រី Eva NGUYEN BINH បានបំពេញបេសកកម្មកាទូតបានយ៉ាងល្អ និងទទួលជោគជ័យ។ ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានសម្ដែងនូវការស្តាយស្រណោះដែលលោកមិនបានជួបជជែក និងហូបបាយសាមគ្គីជាមួយនឹងលោកស្រី អគ្គរដ្ឋទូតបារាំងមុនបញ្ចប់អាណត្តិ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសង្ឃឹមថា នឹងជួបគ្នា ចាប់ដៃគ្នាបំពេញការងារនៅថ្ងៃខាងមុខទៀត ខណៈដែលលោកស្រីនឹងក្លាយជាប្រធានវិទ្យាស្ថានបារាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម