Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ម៉ោង​ជាង ៦ ល្ងាច​​នេះ តួលេខ​អ្នក​ឆ្លង​កូវីដ-១៩ អាជីវករ​នៅផ្សារអូឡាំពិក កើន​ដល់​ជាង ៧០ នាក់​ហើយ

បានផុស

នៅ

ភ្នំពេញ៖ ក្នុងចំណោមបងប្អូនអាជីវករ សន្តិសុខឯកជននិងក្រុមសន្តិសុខផ្សារអូឡាំពិកចំនួន៨១៣នាក់ ដែលបានទៅយកសំណាក ត្រូវបានក្រុមគ្រូពេទ្យអះអាងថា មានវិជ្ជមានចំនួន៧៣នាក់ គិតមកដល់ព្រលប់ថ្ងៃ០២ កក្កដានេះ។

ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាង បានមានប្រសាសន៍លើកឡើងព្រលប់ថ្ងៃទី០២ កក្កដានេះថា នៅផ្សារអូឡាំពិក បានផ្ទុះនៅការរីករាលដាលនៃជំងឺ-១៩ កាលពីម្សិលមិញថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ ហើយ បើគិតមកដល់ពេលព្រលប់ថ្ងៃទី០២ កក្កដានេះ ក្នុងចំណោមអ្នកយកសំណាកចំនួន៨១៤នាក់ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៣នាក់ ស្រី៣៣នាក់ ។ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យនៅតែម្តងការយកសំណាក់ជាបន្តបន្ទាប់ទៀត ដើម្បីទប់ស្កាត់កុំអោយរីករាលជម្ងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ ចេញ ចូលផ្សារអូឡាំពិក ក្នុងអំឡុងពេលនេះ មកពិនិត្យយកសំណាករកជម្ងឺកូវីដ-១៩ បន្តទៀត ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ កក្កដានេះ បានប្រកាសពីការផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ក្រោយពីផ្ទុះកូវីដ-១៩ ។

មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ។ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលសំរេចផ្អាករយៈពេល ១៤ (ដប់បួន) គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គណៈកម្មការផ្សារអូឡាំពិក ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្តី សុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការ រដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្ដោះអាសន្ន ត្រូវបានហាមឃាត់រាល់ការ ចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម