ព័ត៌មានជាតិ
ជាង១ឆ្នាំ មានក្រុមហ៊ុន ជាង៧ ពាន់ បានចុះបញ្ជីអាជីវកម្ម តាមបច្ចេកវិទ្យាព័ត៌មាន និងមានទុនសរុប ជិត៣ពាន់ លានដុល្លារ
មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមចុងខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានជាង៧ពាន់ក្រុមហ៊ុន និងមានដើមទុនសរុប ជិត៣ពាន់លានដុល្លារ។ ការឲ្យដឹងនេះ គ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ក្នុងពិធីនេះ ដោយបានរំលឹកថា រូបលោកធ្លាប់បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីក្រសួង-ស្ថាប័ននានា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយពេលនោះយើងអាចមានលទ្ធភាព ជួបជុំគ្នាដោយផ្ទាល់បាន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងបន្តថា ទោះបីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅមិនទាន់បានបិទបញ្ចប់ និងមិនទាន់អនុញ្ញាតឲ្យយើងទាំងអស់គ្នា អាចជួបជុំគ្នាផ្ទាល់មុខដូចរាល់ដង ក៏ជំងឺកាចសាហាវមួយនេះ មិនអាចបន្តុចបង្អាក់ ដល់ចង្វាក់ការងាររបស់យើងឡើយ។ ជាក់ស្ដែង ពិធីតាមប្រព័ន្ធវីដេអូនាពេលនេះ បាននឹងកំពុងដំណើរការយ៉ាងរលូន ដែលអនុញ្ញាតឲ្យយើង អាចជួបជុំគ្នាបានពីចង្ងាយ ដើម្បីចូលរួមផ្សព្វផ្សាយ និងយល់ដឹងពីប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ដែលនឹងត្រូវដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃនេះតទៅ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ការងារនៃការដ្ឋានកែទម្រង់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រកបដោយស្មារតីបុរេសកម្ម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានបន្ថយល្បឿនរបស់ខ្លួននោះឡើយ។ ជាក់ស្ដែង ការដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៅថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ថា ការដ្ឋាន នៃការងារកែទម្រង់ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា បានសម្រេចនូវលទ្ធផលតាមការគ្រោងទុក។
តាមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ បានឆ្លើយតបយ៉ាងលឿន ក្នុងចូលរួមអនុវត្តនូវក្របខណ្ឌគោលនយោបាយនេះ ដើម្បីទាញយកប្រយោជន៍ ពីបច្ចេកវិទ្យាឌីជីថល ជាពិសេសក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យយើងត្រូវកាត់បន្ថយ ការជួបគ្នាផ្ទាល់ជាអតិបរមា ខណៈដែលយើងនូវតែខិតខំធានា ឲ្យនិរន្តភាពនៃការងារ នៅបន្តប្រក្រតី។ លោកថា រាជរដ្ឋាភិបាល បានប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដោយទទួលបានការចាប់អារម្មណ៍ នឹងការសាទរខ្ពស់ ពីវិស័យឯកជន។

ប្រព័ន្ធនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សានិរន្តភាព សកម្មភាពសេដ្ឋកិច្ច ក្នុងបរិការណ៍ នៃ វិបត្តិជំងឺកូវីដ-១៩។ ជាក់ស្ដែងនៅក្នុងអំឡុងពេល នៃការបិទខ្ទប់ភូមិសាស្រ្ដរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល គឺមន្ត្រី បុគ្គលិក និយោជិត ត្រូវបានអនុញ្ញាតឲ្យធ្វើការងារពីផ្ទះ ហើយការធ្វើដំណើររបស់ប្រជា ជន ក៏ត្រូវបានរឹតត្បិតផងដែរ។ ប៉ុន្តែ ដោយសារប្រព័ន្ធខាងលើនេះ ត្រូវបានរៀបចំឡើង មានលក្ខណៈអន ឡាញទាំងស្រុង ហើយយន្តការគាំទ្រ ក៏ធ្វើឡើងតាមអនឡាញផងដែរនោះ ធុរជននូវតែបន្តស្នើសុំ ការចុះបញ្ជីពីផ្ទះបាន ស្របពេលដែលយន្តការគាំទ្រ និងត្រួតពិនិត្យសំណើ ដោយមន្ត្រីរាជរដ្ឋាភិបាល ក៏នៅតែបន្តបាន ដូចប្រក្រតី។ ការណ៍នេះ គូសរំលេចបន្ថែម នូវសារៈសំខាន់ និងភាពចាំបាច់ នៃការប្រើប្រាស់ប្រព័ន្ធ ឌីជីថល សម្រាប់គាំទ្រដល់ការផ្ដល់សេវាសាធារណៈ ជាពិសេសក្នុងបរិបទ នៃជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម បានដំណើរការឥតដាច់ និងបានអនុញ្ញាតឲ្យធុរជន អាចធ្វើការស្នើសុំការចុះបញ្ជីអាជីវកម្ម គ្រប់ពេលវេលា និងទីកន្លែង ហើយគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេក វិទ្យាព័ត៌មាននេះ មានចំនួនសរុបដល់ទៅ ៧,៧១៥ក្រុមហ៊ុន និងមានដើមទុនសរុប ស្មើនឹងជិត៣០០០លានដុល្លារ អាមេរិក»។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានវិស័យ៥ មានទំហំដើមទុនច្រើនជាងគេ រួមមាន៖ ទី១. វិស័យសំណង់ មានចំនួន ២៥.៣២ភាគយរ។ ទី២. វិស័យអាហរ័ណ-នីហរ័ណ ទិញ-លក់ ជួលជុលយានយន្ត និងទោចក្រ យានយន្ត មានចំនួនគ្រប់ប្រភេទ មានចំនួន១៦.៤៤ភាគរយ។ ទី៣. វិស័យអចលនទ្រព្យ មានចំនួន១៥.៥៣ ភាគរយ។ ទី៤. វិស័យកម្មន្តសាល មានចំនួន១៤.៣ភាគរយ។ និងទី៥. វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង មានចំនួន៨.២២ភាគរយ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នឹងជួយគាំទ្រប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នេះបន្តទៀតផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


