ព័ត៌មានជាតិ
ខេត្តបាត់ដំបង ត្រៀមសង្គ្រោះ៤ស្រុក ប្រឈមគ្រោះជំនន់
រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមកងកម្លាំងចម្រុះ និងទូកសង្គ្រោះរួចជាស្រេច សម្រាប់ជួយប្រជាពលរដ្ឋនៅ៤ស្រុកដែលប្រឈមគ្រោះទឹកជំនន់។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៣ ខែកញ្ញានេះថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួមអស់ហើយ ដោយបានបញ្ជូនទូកស្មាច់ ទៅរដ្ឋបាលស្រុកព្រំដែន ហើយកងពលដែលឈរជើងប្រចាំការនៅទីនោះ ក៏មានទូកស្មាច់សម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែរ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍បញ្ជាក់បន្តថា៖ “ស្រុកដែលប្រឈមគ្រោះទឹកជំនន់ គឺមាន៤ស្រុក ដូចជា ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកបវេល ដែលកន្លងមករាល់ឆ្នាំគឺស្រុក៤ហ្នឹងធ្លាប់ប៉ះពាល់រងគ្រោះទឹកជំនន់ ឱ្យតែចូលដល់ដខែ៩ ខែ១០។ គ្រាន់តែស្ថានភាពពេលខ្លះមិនធ្ងន់ធ្ងរ ពេលខ្លះក៏ធ្ងន់ធ្ងរ មិនមែនរាល់ឆ្នាំតែងតែធ្ងន់ធ្ងររហូតទេ។ ពេលខ្លះជន់លិច១យប់អ៊ីចឹងទៅ ព្រឹកស្អែកស្រកដល់បាតអូរក៏មាន ព្រោះជំនន់ទឹកភ្លៀង មិនមែនដូចជំនន់ទឹកទន្លេ តែអស់ទឹកពីលើទៅ គឺស្រកអស់វិញហើយ”។
អភិបាលរងខេត្តបាត់ដំបងរូបនេះ បានបង្ហាញថា នៅតាមព្រំដែន មានកងពលតូចលេខ៥៣ ដែលពេលមានការអាសន្នអី គឺជួយទាន់ពេលវេលា ដូចកាលកន្លងមក។ លើសពីនោះថែមទាំងមានវីរនគរបាលការពារព្រំដែនគោកប្រចាំការចំនួន២ទៀត គឺ វីរសេនាតូចលេខ២១៧ និងលេខ២១៩ ហើយមានកម្លាំងផ្សេងៗទៀតគឺ អាវុធហត្ថ និងនគរបាល។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា៖ “ហើយបានត្រៀមទីទួលសុវត្ថិភាពរួចអស់ហើយ ប្រសិនជាមានករណីបញ្ហាអ្វីកើតឡើងដោយសារទឹកជំនន់នេះ គឺយើងមានវិធានការទុកមុនជាស្រេច ជៀសវាងដល់ពេលបងប្អូនជួបគ្រោះហើយ ទើបបានរកទូកស្មាច់រកអីជួយ នោះគឺអត់ទាន់ពេលទេ។ អ៊ីចឹងយើងសុទ្ធតែមានរៀបចំ និងការណែនាំផ្ទាល់ពី ឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ លោកបានចាត់វិធានការអស់នេះហើយ”។
អភិបាលរងខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានសភាពការខុសប្រក្រតីកើតឡើងទេ ដោយលោកបានតាមដាន និងសួរអភិបាលស្រុកតាមព្រំដែនជាប់ជានិច្ច។ ទោះយ៉ាងណា លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត និងអាជ្ញាធរនៅតែតាមដានស្ថានភាពវិវត្តជាបន្តទៀត ក្រែងលោមានអ្វីកើតឡើងជាយថាហេតុ នឹងអាចទប់ទល់ ឬដោះស្រាយទាន់ពេល។

គួររំលឹកថា នៅថ្ងៃទី២២ ខែកញ្ញាម្សិលមមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងដោយបញ្ជាក់ថា នៅថ្ងៃទី២២-២៦ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ ជាមួយគ្នានេះ អាជ្ញាធរស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានជម្រាបជូនដំណឹងខេត្តព្រំដែនកម្ពុជាថា នឹងបង្ហូរទឹកចេញពីតំបន់លិចលង់របស់គេមកតាមអូរព្រំដែនកម្ពុជាថៃ តែមិនដឹងនៅថ្ងៃណា ម៉ោងណានោះទេ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន