ព័ត៌មានជាតិ
និមិត្តសញ្ញាអាស៊ាន២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបង្ហាញជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ខាងមុខ
នៅថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំកម្មវិធីប្រគល់ប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងនិមិត្តសញ្ញា (Logo) អាស៊ានឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេស (បន្ទប់តាព្រហ្ម) វេលាម៉ោង៩ព្រឹក ក្រោមអធិបតីភាពលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាន។

បើតាមក្រសួងការបរទេស អ្នកទទួលបានរង្វាន់ជ័យលាភីក្នុងការប្រកួតប្រជែងនិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ២០២២ មានម្នាក់ ហើយ៤ នាក់ទៀត ទទួលបានរង្វាន់លើកទឹកចិត្ត៖
ទី១, លោកស្រី ឈុត ចិន្តា ម្ចាស់ជ័យលាភី (ទទួលបានចំនួន៤លានរៀល)
ទី២, កញ្ញា សេង ពុទិ្ធកា ប្រាក់រង្វាន់លើកទឹកចិត្ត
ទី៣, លោក ឆេង ចំណាន ប្រាក់រង្វាន់លើកទឹកចិត្ត
ទី៤, លោក សុខ បញ្ញា ប្រាក់រង្វាន់លើកទឹកចិត្ត
ទី៥, លោក សឿន ចាន់ណារ៉ា ប្រាក់រង្វាន់លើកទឹកចិត្ត
ក្រសួងការបរទេសបានឲ្យដឹងដែរថា និមិត្តសញ្ញាអាស៊ាន២០២២ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោយពីពិធីផ្ទេរតំណែងប្រធានប្តូរវេនអាស៊ានពីព្រុយណេ មកកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានទី៣៨ និងទី៣៩ នាថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១។

បើតាមក្រសួងការបរទេស ការរចនានិមិត្តសញ្ញា ត្រូវផ្តោតលើទស្សនាទាន នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ក្នុងន័យនេះ និមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ ត្រូវឆ្លុះបញ្ចាំងអំពីអាស៊ាន ដែលមានឆន្ទៈរួម បើកទូលាយ ស្មោះត្រង់ គ្មានការបែងចែក និងរើសអើងគ្នា តម្កល់ផលប្រយោជន៍រួមជាធំ និង “អាស៊ានរួមគ្នាធ្វើ” ក្នុងស្មារតីជាគ្រួសារតែមួយ ដើម្បីជំនះរាល់បញ្ហាប្រឈមធំៗ សំដៅបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដែលប្រជាជនទាំងអស់រួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព ជាពិសេសនៅក្នុងបរិបទ នៃការស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាត នៃជំងឺកូវីដ-១៩ ហានិភ័យបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ជម្លោះដែនដី សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងបញ្ហាមិនប្រពៃណីផ្សេងទៀតជាដើម។
សូមបញ្ជាក់ថា និមិត្តសញ្ញា ដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និងក្នុងព្រឹត្តិការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


