ព័ត៌មានជាតិ
ADB អនុម័តទឹកប្រាក់១៨០លានដុល្លារ អភិវឌ្ឍទីក្រុងចំនួន៣នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១៨០ លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នៅទីក្រុងចំនួន៣ នៅកម្ពុជា ដែលមានក្រុងបាវិត កំពត និងប៉ោយប៉ែត។

បើតាមធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងវិនិយោគនេះ នឹងជួយទីក្រុងទាំងនេះ ដើម្បីកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះ ក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។
លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន កំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities]។ ប៉ុន្តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។ គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។« វាក៏នឹងជួយ ដើម្បីទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។

ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុង បានកើនឡើងដល់ ៦លាននាក់ក្នុងឆ្នាំ២០១៩ ពី ២,៦ លាននាក់ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុង ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ៤៧ភាគរយ នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និងលូទឹកបង្កប់តាមផ្លូវ ឬដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹងក៏នៅមានកម្រិត។ មួយភាគធំ នៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬដុតចោល។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាឆ្នាំ២០១៩-២០២៣ មានគោលបំណងដោះស្រាយ បញ្ហាប្រឈមទាំងនោះ។ ផែនការនេះផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបានទឹកស្អាតត្រឹមឆ្នាំ២០២៥ និងពង្រឹងការគ្រប់គ្រងកាកសំណល់រឹង។

នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយ ដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។ នៅក្រុងកំពតគម្រោងនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។
គម្រោងនេះ ក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវ នឹងរួមបញ្ចូលកំណែទម្រង់ពន្ធគយ ដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និងផែនការ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យឯកជន។
ជំនួយបច្ចេកទេសនេះ នឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើ ឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ៕ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


