ព័ត៌មានជាតិ
ការភាន់ច្រឡំធំមួយចំនួន នាំឱ្យមិនសូវមានអ្នករៀន ចាប៉ីដងវែង
ថ្វីដ្បិតតែ ចាប៉ីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ បានរយៈ ៥ ឆ្នាំហើយក៏ពិតមែន ប៉ុន្តែឧបករណ៍ភ្លេងបុរាណមួយនេះ ហាក់មិនសូវមានមហាជន ពិសេសស្ត្រីចង់ចូលហាត់រៀនលេង ដូចឧបករណ៍តន្ត្រីបុរាណដទៃទៀតឡើយ។

លោក ពេជ សារ៉ាត ប្រធាន សហគមន៍ ចាប៉ីអមតៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ននេះ ចាប៉ីដងវែង មានបញ្ហាប្រឈម គឺមហាជនមួយចំនួនមានការភាន់ច្រឡំថា ការរៀនឧបករណ៍ភ្លេង ចាប៉ីដងវែង សម្រាប់តែមនុស្សចាស់ ប៉ុន្តែនោះជាការភាន់ច្រឡំ ព្រោះក្មេងក៏អាចសិក្សា និងលេងចាប៉ីបាន។
លោក ពេជ សារ៉ាត មានប្រសាសន៍បន្តថា៖ “អ្នកខ្លះយល់ខុសទៀតថា រៀនចាប៉ីដងវែង នឹងនាំឱ្យពិការភ្នែក ហើយអ្នកខ្លះអត់ហ៊ានសូម្បីតែកាន់ប៉ះពាល់ចាប៉ី គេគិតថា មានគ្រូកាន់។ ចំណែកស្ត្រីវិញយល់ឃើញថា ចាប៉ីជាឧបករណ៍ភ្លេងលេងដោយបុរស ទើបកម្រមានស្ត្រីចូលរៀនចាប៉ី”។

លោក ពេជ សារ៉ាត មានប្រសាសន៍បញ្ជាក់ថា អ្នកស្ម័គ្រចិត្តក្នុង សហគមន៍ ចាប៉ី អមតៈ ធ្វើការដោយលះបង់ទាំងពេលវេលា ទាំងថវិការធនធានខ្លួនឯងដោយសារក្ដីស្រឡាញ់មរតកវប្បធម៌ដូនតា ដើម្បីដំណើរសកម្មភាពបង្រៀន និងរៀន ទោះមិនទាន់មានជំនួយឧបត្ថម្ភពីខាងណា ទន្ទឹមពេល សិល្បៈបុរាណមួយនេះក៏មិនសូវមានការបង្ហាញតាមបណ្ដាញផ្សព្វផ្សាយទូរទស្សន៍ក្ដី។
ប្រធាន សហគមន៍ ចាប៉ីអមតៈ រូបនេះ មានប្រសាសន៍បន្តថា៖ “បច្ចុប្បន្នយើងមានសិស្សរៀនដេញចាប៉ី កុមារ ១ ក្រុម យុវជន ១ ក្រុម និងមនុស្សវ័យចំណាស់អាយុចាប់ពី ៥០ ឆ្នាំ ១ ក្រុម កំពុងរៀនចាប៉ីនេះ។ សព្វថ្ងៃយើងឃើញថា ប្រជាពលរដ្ឋកំពុងគិតគូរវប្បធម៌ឡើងវិញ ដោយសារពួកគាត់យល់ថា ដូនតាខ្មែរខំបង្កើត និងបន្សល់ទុកកេរមរតកវប្បធម៌ដ៏ល្អផូរផង់ តែប្រសិនបើកូនចៅមិនខំថែ មិនគាំទ្ររហូតធ្វើឱ្យសម្បត្តិវប្បធម៌នេះចុះខ្សោយ ឬបាត់បង់នោះ នោះជាកំហុសជំនាន់យើង”។

លោក ពេជ សារ៉ាត បានលើកឡើងថា ដើម្បីឱ្យចាប៉ីនៅតែស្ថិតស្ថេរ និងមានប្រជាប្រិយភាព គឺត្រូវបង្កើតស្នាដៃថ្មី ច្នៃប្រឌិតលេងជាបទចម្រៀងប្រជាប្រិយ និងផ្ដល់ឱកាសដល់សិល្បករចាប៉ីមានវត្តមានក្នុងកម្មវិធីនានា រួមទាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ ជាដើម។
ក្នុងនាមជាសិល្បករ និងគ្រូបង្រៀនចាប៉ីដងវែង ប្រធាន សហគមន៍ ចាប៉ីអមតៈ រូបនេះ សូមអំពាវនាវយុវជនគួរងាកមកចាប់អារម្មណ៍រឿងអភិរក្ស និងអភិវឌ្ឍវប្បធម៌ខ្មែរ។ ជាមួយគ្នានេះ លោកស្នើសុំរាជរដ្ឋាភិបាលសុំដាក់បញ្ចូល កម្មវិធីសិក្សាឧបករណ៍តន្ត្រីចាប៉ីដងវែង នៅក្នុងកម្មវិធីសិក្សាសាលារដ្ឋ ឬតាមតំបន់មួយចំនួន។ ទន្ទឹមគ្នានេះ លោកសំណូមពរដល់អាណាព្យាបាលជួយជំរុញ និងលើកទឹកចិត្តកូនឱ្យឈ្វេងយល់ពីសិល្បៈចាប៉ីដងវែង ព្រោះជាមរតកមនុស្សរស់ដែលដូនតាខ្មែរបន្សល់ទុកមក និងមានសារៈសំខាន់ខ្លាំង រហូតទទួលស្គាល់ជាសាកល តាមរយៈ អង្គការ យូណេស្កូ។

គួរបញ្ជាក់ថា ចាប៉ីដងវែង គឺជាទម្រង់សិល្បៈប្រជាប្រិយខ្មែរមួយប្រភេទដែលត្រូវបានគេប្រើប្រាស់សម្រាប់កម្សាន្ត និងបញ្ចូលការអប់រំផង។ ចាប៉ីបានជ្រាបចូលយ៉ាងជ្រៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿ របស់ប្រជាជនខ្មែរ តាមរយៈនៃការសង្កេតឃើញគេលេងក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវខាន់ស្លាក្នុងពិធីមង្គល ពិធីកោរជុក ពិធីបំបួស និងបុណ្យកឋិនជាដើម។ ចាប៉ីអាចលេងម្នាក់ឯង ឬលេងជាក្រុមនៅក្នុងវង់ភ្លេងអារក្ស និងភ្លេងការបុរាណផងដែរ។ ម្យ៉ាងទៀតជួនកាលអ្នកលេង ចាប៉ីក៏ត្រូវច្រៀងឆ្លងឆ្លើយជាមួយដៃគូ ដោយការចោទឆ្លើយគ្នាទៅវិញទៅមក ជាអាថ៌មានប្រស្នាផ្សេងៗ ជាកាព្យឃ្លោងដោយឥតព្រាងទុក។ ដូច្នេះហើយ អ្នកច្រៀងចាប៉ីភាគច្រើនជាមនុស្សដែលធ្លាប់បួសរៀន ឬជាអ្នកយល់ដឹងច្រើនពីអក្សរសាស្រ្ត ពូកែចាប់ចុងចួន ចេះកំប្លុកកំប្លែង និងមានបញ្ញាឈ្លាសវៃ ដ្បិតត្រូវចេះចាំរឿងច្រើន ហើយត្រូវបង្កើតទំនុកច្រៀងភ្លាមៗស្របតាមបរិយាកាសនៃពិធី។ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


