Connect with us

ព័ត៌មានជាតិ

ផ្លូវ​បុរាណ​ចំនួន ៧ ខ្សែ ​​សាង​សង់​​​ភ្ជាប់​ពី​រាជធានី​អង្គរ​ទៅ​តំបន់​​ឆ្ងាយៗ​​ក្នុង​ដែនដី​អាណាចក្រ​ខ្មែរ

បានផុស

នៅ

ក្នុង​រាជ្យ​​ព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គ​បាន​បញ្ជា​ឲ្យ​កសាង​ទីក្រុង​ថ្មី​មួយ​ឈ្មោះ​ថា អង្គរធំឬ​យសោធរបុរៈដែល​មាន​​ផ្ទៃក្រឡា​​ទំហំ ១២ គីឡូម៉ែត្រ​ការ៉េ និង​​មាន​ប្រាសាទ​បាយ័ន​ជា​ចំណុចកណ្ដាល។

ដើម្បី​ភ្ជាប់​រាជធានី​ទៅកាន់​ខេត្ត​ខណ្ឌ និង​មជ្ឈមណ្ឌល​ផ្សេងៗនៃ​ដែនដីអាណាចក្រខ្មែរ ព្រះអង្គ​បាន​រៀបចំ​បណ្ដាញ​ផ្លូវ​គមនាគមន៍​​យ៉ាង​ខ្វាត់ខ្វែង ដែល​បែងចែក​ជា​ពីរ​ប្រភេទ​ធំៗ​គឺ បណ្ដាញ​ផ្លូវ​នៅ​ក្នុង​រាជធានី និងបណ្ដាញ​ផ្លូវ​ភ្ជាប់​ទៅកាន់​តំបន់​ឆ្ងាយៗ​ពី​រាជធានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគម្រោងសិក្សាស្រាវជ្រាវ Living Angkor Road Project ដែល​អាជ្ញាធរជាតិអប្សរាសហការជាមួយអ្នកស្រាវជ្រាវបារាំងនិង​ជប៉ុន បានរកឃើញបណ្តាញ​ផ្លូវសំខាន់ៗចំនួន ៧ ខ្សែ ដែល​សាងសង់​ត​​ភ្ជាប់​ពី​រាជធានី​អង្គរ​ទៅតំបន់ឆ្ងាយៗ​ក្នុង​ដែនអាណាចក្រ​ខ្មែរ​។ នេះបើតាម​លោក សូម សោភា មន្រ្តី​អាជ្ញាធរ​ជាតិ​អប្សរាវប្រាប់​ដល់​​ក្រុម​​អ្នក​សារព័ត៌មាន​ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​តំបន់​បេតិកភណ្ឌ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

លោក សូម សោភា បានលើក​​បង្ហាញ​ពី​ខ្សែ​ផ្លូវ​សំខាន់ៗ​ ដែល​សាងសង់​ក្នុង​សម័យ​អាណាចក្រ​ខ្មែរ​តភ្ជាប់​ពី​តំបន់​រដ្ឋបាល​រាជធានី​ទៅ​ដែន​ដីឆ្ងាយៗ​ដែល​លាត​សន្ធឹង​រហូត​ដល់ប្រទេស​ចិន។

ខ្សែទី ១ (អង្គរ-ស្ដុកកក់​ធំ)៖ ចេញពីអង្គរកាត់តាមបារាយណ៍​ទឹកថ្លា ឆ្ពោះទៅកាន់​ប្រាសាទ​ស្ដុកកក់ធំ (​​បច្ចុប្បន្ន​ស្ថិត​នៅក្នុង​ខេត្តស្រះកែវប្រទេសថៃមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែន)។ ផ្លូវមួយខ្សែនេះនៅតែត្រូវបានអ្នកស្រុកក្នុងតំបន់ប្រើប្រាស់ និងមានការកែសម្រួល​ខ្លះៗ​រហូត​ដល់​បច្ចុប្បន្ន។

ខ្សែទី២ (អង្គរ-ភិមាយ)៖ ចេញពីខ្លោងទ្វារខាងជើងឆ្ពោះទៅតំបន់ភិមាយ។ ផ្លូវនេះមាន​សភាពល្អ​នៅក្នុងទឹកដី​កម្ពុជា ប៉ុន្តែនៅពេលឆ្លងកាត់ភ្នំដងរែកទៅភាគខាងជើង​ប្រទេស​ថៃ ភាគច្រើនបានបាត់បង់ដោយសារការអភិវឌ្ឍនានា។

ខ្សែទី៣ (អង្គរ-សំបូរព្រៃគុក)៖ ​ផ្លូវ​បុរាណនេះ​ស្របតាមផ្លូវជាតិលេខ ៦ បច្ចុប្បន្ន កាត់​តាម​បារាយណ៍ បាគង និងរលួស រហូតដល់ប្រាសាទអណ្ដែត និងឆ្ពោះទៅប្រាសាទ​សំបូរព្រៃគុក​ក្នុង​ខេត្ត​កំពង់ធំ។

ខ្សែទី ៤ (អង្គរ-បេងមាលា)៖ ចេញពីអង្គរទៅទិសខាងកើត កាត់តាមប្រាសាទចៅស្រីវិបុល រហូត​ដល់​​បឹងមាលា។

ខ្សែទី ៥ (អង្គរ-បេងមាលា-បាកាន)៖ ជាផ្លូវបំបែកចេញពីបឹងមាលាឆ្ពោះទៅទិសខាងកើត​ត្រង់ ​រហូត​ដល់ប្រាសាទ​​ព្រះខ័ន​កំពង់ស្វាយ (អ្នកស្រុកហៅ​ប្រាសាទបាកាន)។

ខ្សែទី៦ (កោះកេរ្តិ៍-វត្តភូ)៖ ជាផ្លូវមួយខ្សែទៀតដែលបែកចេញពីបឹងមាលា​ឆ្ពោះទៅប្រាសាទ​កោះកេរ្តិ៍ រួច​តភ្ជាប់​រហូត​ដល់​ប្រាសាទ​វត្តភូ​នៅប្រទេស​ឡាវបច្ចុប្បន្ន។

ខ្សែទី៧ (បេងមាលា-កោះកេរ្តិ៍)៖ ​ភ្ជាប់ទៅ​តំបន់​កោះកេរ្តិ៍​ខេត្ត​ព្រះវិហារ។

លោក សូម សោភា បានអះអាង​ថា ភាគច្រើនផ្លូវបុរាណទាំងនេះ​នៅសល់​ស្លាកស្នាម​រូបរាង​រហូត​ដល់​សព្វ​ថ្ងៃ។ ​​ជាក់ស្តែង​ផ្លូវជាតិលេខ ៦ បច្ចុប្បន្នក៏នៅតែរក្សាស្លាកស្នាមផ្លូវបុរាណ និង​ទីតាំង​ស្ពាន​ចាស់ៗ​​មួយ​ចំនួនផង​ដែរ។

បន្ថែម​ពីនេះ បើតាម​មន្រ្តីអាជ្ញាធរអប្សរា​ នៅតាមបណ្ដោយដងផ្លូវបុរាណគេតែងសង្កេតឃើញមានស្ពានដែល​ជា​តម្រុយ​​ដ៏​សំខាន់​សម្រាប់កំណត់ខ្សែផ្លូវ រួមទាំង​ស្រះទឹក ទួល​ប្រាសាទ សាលាសំណាក់ និងមន្ទីរពេទ្យ ដែល​ជា​ទូទៅ​សំណង់​​ទាំងនេះ​មិននៅជាប់ផ្លូវផ្ទាល់​នោះ​ទេគឺមានចម្ងាយ​ចន្លោះ​ពី ៥០០ ម៉ែត្រ ទៅ ១​ គីឡូម៉ែត្រ​ពី​តួផ្លូវ។

យោងតាមសិលាចារឹកនៅប្រាសាទតាព្រហ្ម​បង្ហាញ​ថា នៅ​ក្នុង​សម័យ​អង្គរ​មានការ​សាងសង់​សំណង់​អរោគសាលា (មន្ទីរពេទ្យ) រហូតដល់ទៅ ១០២ កន្លែង ដែល​ក្នុង​នោះ​​ជាង ៣០ កន្លែង​ស្ថិត​នៅ​ក្នុង​ទឹក​ដីប្រទេសកម្ពុជាបច្ចុប្បន្ន​ និង​មួយចំនួនទៀត​នៅក្នុង​ទឹក​ដី​ប្រទេសថៃ និងប្រទេស​ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម