ព័ត៌មានជាតិ
អ្នកចិញ្ចឹម៖ សត្វត្រចៀកកាំមានប្រយោជន៍មហាសាលសម្រាប់សេដ្ឋកិច្ចជាតិបើមិនអភិរក្សនឹងហិនហោច
អ្នកចិញ្ចឹមសត្វត្រចៀកកាំ កំពុងព្រួយបារម្ភអំពីការបាត់បង់សត្វត្រចៀកកាំ ខណៈដែលការចាប់ធ្វើអាជីវកម្មលក់ដូរនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ។

លោក ជា ស្រ៊ុនហាក់ អ្នកចិញ្ចឹមសត្វត្រចៀកកាំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកឡើងថា សត្វត្រចៀកកាំមានផលប្រយោជន៍ជាច្រើន ក្រៅពីផលដែលទទួលបានពីសម្បុកទឹកមាត់។ លោកថា ត្រចៀកកាំជាសត្វស៊ីសត្វល្អិតជាអាហារ ដោយវាបានរួមចំណែកជួយកម្ចាត់សត្វល្អិតដែលយាយីស្រូវកសិករ។ លើសពីនេះទៀត សត្វត្រចៀកកាំ ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោក ជា ស៊្រុនហាក់ បន្ថែមដូច្នេះថា« សត្វត្រចៀកកាំវាអាចជួយសេដ្ឋកិច្ចយើងបានច្រើន យើងអាចទទួលបានផលពីសម្បុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ហើយការធ្វើផ្ទះត្រចៀកកាំ ក៏បានផ្តល់ការងារដល់កសិករអាចរកចំណូលបន្ថែមក្រៅពីស្រែចម្ការ ព្រមទាំងបង្កើតការងារដល់កសិករនៅតំបន់ដាច់ស្រយាលផងដែរ»។

ប្រកបក្នុងអាជីពចិញ្ចឹមសត្វត្រចៀកកាំជាង ៤ឆ្នាំមកហើយ លោក ស្រ៊ុនហាក់ បានស្នើឲ្យមានការបញ្ឈប់ការចាប់ និងលក់ដូរសត្វត្រចៀកកាំ ដោយលោកសង្កត់ធ្ងន់ថា ការធ្វើបែបនេះមិនចំណេញដល់សង្គមជាតិនោះទេ ព្រោះត្រចៀកកាំបានផ្តល់ផលប្រយោជន៍ដល់ជនរួមជាតិទាំងមូល។
អ្នកចិញ្ចឹមសត្វត្រចៀកកាំមួយរូបទៀត លោក កៅ លុយពៅ បានលើកឡើងថា សត្វត្រចៀកកាំគឺជាអម្បូរសត្វព្រៃមានប្រយោជន៍ដ៏មហាសាលសម្រាប់សេដ្ឋកិច្ចជាតិ។ លោកបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយភ្ជាប់ជាមួយរូបភាពដូច្នេះថា« ទាំងនេះសុទ្ធតែអ្នកបំផ្លិចបំផ្លាញសត្វព្រៃ ដែលមានប្រយោជន៍ដ៏មហាសាលសម្រាប់សេដ្ឋកិច្ចជាតិយើង! មិនគួរសម្លាប់វាទេ (ពេលបោចវារួចតម្លៃតែ១០០០៛ប៉ុណ្ណោះ បើមិនអភិរក្សទេ នឹងត្រូវហិនហោចជាមិនខាន!!!»។

ពាក់ព័ន្ធបញ្ហានេះ លោក ស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំជាង ៧០០ផ្ទះនៅកម្ពុជា បានអំពាវនាវដល់អាជ្ញាធរឲ្យជួយទប់ស្កាត់ការធ្វើអាជីវកម្មសត្វត្រចៀកកាំ តាមរយៈការចាប់លក់ធ្វើម្ហូប និងសម្រាប់លក់នៅកន្លែងទីសក្ការបូជាផ្សេងៗ។ លោកថា ការធ្វើអាជីវកម្មបែបនេះ ចំណេញតិចតួចបំផុតសម្រាប់បុគ្គល តែខាតបង់ជាច្រើនសម្រាប់ប្រទេសជាតិ។ លោក កុកធាន បន្តថា អ្នកចាប់សត្វត្រចៀកកាំលក់ធ្វើម្ហូប ក្នុង១ចង្កោមមាន ១០ត្រចៀកកាំតម្លៃ ៤,០០០រៀលប៉ុណ្ណោះ ខណៈដែលសម្បុកត្រចៀកកាំលក់បាន១គីឡូចន្លោះពី ៨៥០ដុល្លារទៅ ៩០០ដុល្លារ សម្រាប់សម្បុកដែលមិនទាន់កែច្នៃ។ ចំណែកសម្បុកដែលកែច្នៃរួចហើយ តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ។ លោកបានបន្ថែមថា សម្បុកត្រចៀកកាំមានអត្ថប្រយោជន៍ច្រើន ដូចជា ជួយការពារឲ្យប្រព័ន្ធរាងកាយរឹងមាំ សម្រាប់ទារកជួយឲ្យប្រព័ន្ធការពាររាងកាយកាន់តែខ្លាំង ប្រព័ន្ធខួរក្បាលមានភាពវ័យឆ្លាត និងជាអាហារបំប៉នសម្រាប់មនុស្សចាស់ផងដែរ។

លោក កុងធាន ថ្លែងដូច្នេះថា« បើយើងរួមគ្នាទប់ស្កាត់បានល្អ យើងផលិតសម្បុកត្រចៀកកាំបានច្រើន វាជួយជីវភាពប្រជាពលរដ្ឋវិនិយោគលើការចិញ្ចឹមត្រចៀកកាំកាន់តែធូរធារឡើង..ហើយបើយើងផលិតសម្បុកត្រចៀកកាំបានកាន់តែច្រើនចំណូលថវិកាជាតិក៏ច្រើន ជាពិសេសនៅពេលយើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន សម្បុកត្រចៀកកាំរបស់យើងនឹងអាចឡើងដល់ ១០០០ដុល្លារដូចប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម»។
លោក ស៊ុយ កុកធាន បានលើកឡើងថា សត្វត្រចៀកកាំជាប្រភេទសត្វព្រៃដែលត្រូវអភិរក្ស។ ប្រទេសដែលចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ មានដូចជា ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសដែលមានអាកាសធាតុត្រជាក់ ដូចជាចិនជាដើម។
តាមការប៉ាន់ស្មានក្នុង១ឆ្នាំ អ្នកចិញ្ចឹមត្រចៀកកាំ អាចប្រមូលសម្បុកត្រចៀកកាំ បានចំនួនជាង ៣០តោន។ នៅក្នុងមួយឆ្នាំ ពិភពលោក ត្រូវការសម្បុកត្រចៀកកាំប្រមាណ ២ពាន់តោន ក្នុងនោះចិននៅខ្វះការផ្គត់ផ្គង់ចំនួន ១ពាន់តោនក្នុង១ឆ្នាំ សម្រាប់សម្បុកដែលកែច្នៃហើយ។ ក្រៅពីនេះ មាននាំចេញទៅតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាលប្រទេសមួយចំនួនទៀត៕ ទួន សុផល







-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


