ព័ត៌មានជាតិ
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកត្រូវលុបចេញ នឹងធ្វើនៅដើមខែក្រោយ
«ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកត្រូវលុបចេញ នឹងធ្វើនៅថ្ងៃទី៣ មករា ខាងមុខ»។ ការបញ្ជាក់ខាងលើនេះ ធ្វើឡើងដោយលោក ហ៊ីង ធីឫទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដែលរៀបចំឡើងដោយ គ.ជ.ប តាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) នាព្រឹកថ្ងៃទី៣១ ខែធ្នូ នេះ។

លោក ហ៊ីង ធីឫទ្ធិ បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅតាមឃុំ សង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ ទោះបីជាស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ។លោកថា ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មិនទាន់បញ្ចប់នៅឡើយទេ ហើយការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ។ ការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។
លោកថា ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ បញ្ជីបោះឆ្នោតនេះ នឹងត្រូវបង្ហោះផងដែរនៅលើគេហទំព័ររបស់ គ.ជ.ប (voterlist.nec.gov.kh) និង App (NEC KH) សម្រាប់អ្នកដែលអាចប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន។ មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា៖ «កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវធ្វើនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន»។

សូមបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩.២០៥.៦៧៥នាក់ ក្នុងនោះមានស្រីចំនួន ៤.៩០៤.៨២៥នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣.៦០២ការិយាល័យ។ ដោយឡែក ប្រជាពលរដ្ឋ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួនសរុប ២២៤.៩៧០នាក់។ គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះ ត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


