Connect with us

ព័ត៌មានជាតិ

គម្រោង​ធំៗ​ ៦ របស់កូរ៉េ​ចាយ​ថវិកា​រយលាន​ដុល្លារ ជួយ​ដល់​កម្ពុជា

បានផុស

នៅ

​រដ្ឋាភិបាល​កូរ៉េបាន​ដាក់​ឲ្យ​អនុវត្ត​គម្រោងធំៗ​​​ចំនួន ០៦ ជា​ផ្នែក​មួយ​ក្នុ​ងការ​ជួយ​គាំទ្រ​ដល់ការ​ស្តារ​សេដ្ឋកិច្ច​ និង​លើកកម្ពស់​​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​គម្រោង​ធំៗ​ដែល​ចាយ​ថវិកា​រយលានដុល្លារ​នេះ ខ្លះ​កំពុង​ដំណើរការ​និង​គម្រោង​មួយ​ចំនួន​នឹង​ឈាន​ទៅ​បើកការដ្ឋាន​សាងសង់នៅពេលខាង​មុខ។

អគារ​មជ្ឈមណ្ឌល​ព្យាបាល​ត្រចៀក ច្រមុះ និង​បំពង់ក នៅមន្ទីរពេទ្យ​ព្រះអង្គឌួង

តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិកូរ៉េ (KOICA) រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​ជួយ​ដល់​ការ​សាងសង់​អគារ​មជ្ឈមណ្ឌល​ព្យាបាល​ត្រចៀក ច្រមុះ និង​បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ដែល​គ្រោង​នឹង​រួចរាល់នៅដើមឆ្នាំ​២០២២​ខាង​មុខ​នេះ។

អគារ​កម្ពស់ ៥ ជាន់​នេះ បាន​ចាប់ផ្តើម​សាងសង់​នៅខែ​មីនា ឆ្នាំ២០២០ ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ ៨លាន​ដុល្លារ​អាមេរិក ដោយ​បំពាក់​សម្ភារ​ទំនើប​បំផុត និង​ចាំបាច់​នានា ដែល​នឹង​ជួយ​បង្កើន​គុណភាព​សេវាកម្ម ក្នុង​មន្ទីពេទ្យ​ព្រះអង្គឌួងឱ្យ​ល្អប្រសើរ​មួយ​កម្រិតទៀត។

ផ្លូវ​ជាតិ​លេខ ២ និង​ផ្លូវ​ជាតិលេខ ​២២

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មាន​ប្រវែង​សរុប​ជាង ៧២ គីឡូម៉ែត្រ ចាយ​ថវិកា​ប្រមាណ ៥៦ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ ជា​កំណាត់​ផ្លូវ​ដ៏​សំខាន់​ត​ភ្ជាប់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ដែល​គ្រោង​រួច​រាល់​នៅ​ខែ​មេសា ឆ្នាំ ២០២២។ តែ​​មក​ដល់​ពេល​នេះ គម្រោង​ស្តារ​ផ្លូវ​ជាតិ​មួយខ្សែ​នេះមាន​ភាពយឺតយ៉ាវ ខណៈ​ក្រសួង​សាធារណការ​បន្ត​ជំរុញឲ្យក្រុមហ៊ុន​សម្រុក​ឲ្យ​រួចទាន់ផែនការ។

ផ្លូវ​ជាតិ​លេខ ៤៨

​ផ្លូវជាតិ​លេខ ៤៨ ដែលបំបែកពីស្រែអំបិល​ដល់​ក្រុង​ខេមរភូមិន្ទ​នៃ​ខេត្ត​កោះកុង បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពីថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០២២។ ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​ដែលប្រើប្រាស់​ថវិកា​ជាង ៧៨ ដុល្លារ​អាមេរិក។

ផ្លូវនេះ​គឺជា​ផ្នែក​មួយនៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន១២៣ (ASEAN Highway 123) ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ព្រះរាជាណាចក្រ​ថៃ និង​ភ្ជាប់​ពី​ភាគខាងកើត​នៃ​ឧបទ្វីបឥណ្ឌូចិន ទៅ​ភាគ​ខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់​ក្រុងដាវ៉េ​(Dawai) ប្រទេសភូមា។

ទំនប់​ដូនទ្រី

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង បាន​បើកការដ្ឋាន​សាងសង់​កាល​ពី​ខែមិថុនា ឆ្នាំ២០១៨។ មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៩០ គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ដែល​ជា​គម្រោងមួយ​ស្ថិត​នៅ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ។

ទំនប់​នេះ​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​បាន​ចំនួន ៣៣ ០០០ ហិកតា និង​ស្រូវ​ប្រាំង​បាន​ចំនួន ៤ ៥០០ ហិកតា។ នេះគឺជាសមិទ្ធផលទី ២ នៅក្នុងខេត្តបាត់ដំបង ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋកូរ៉េ​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តាអន ស្ថិត​ក្នុង​ក្រុង​បាត់ដំបង​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១។

មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ

រដ្ឋាភិបាល​កូរ៉េខាងត្បូង តាមរយៈ​ទីភ្នាក់ងារ KOICA បាន​ផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដើម្បី​សាងសង់​មន្ទីរពិសោធន៍ជាតិ សម្រាប់​ត្រួត​ពិនិត្យ​គុណភាព​ផលិតផល​បសុសត្វ ក៏​ដូចជា​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកទេសកសិកម្មនៅកម្ពុជា។

គម្រោងនេះ នឹង​ត្រូវ​អនុវត្ត​រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់​ឆ្នាំ ២០២៧ ដែល​ផ្តោត​​ការងារ​សំខាន់ៗដូចជា​ការកសាង​វិទ្យាស្ថានជាតិបសុសត្វ ការ​ពង្រឹង​សុវត្ថិភាព​ប្រព័ន្ធគ្រប់គ្រង​អនាម័យ និង​បទដ្ឋាន​គតិយុត្ត ក៏ដូចជា​ពង្រឹងសមត្ថភាពធនធានមនុស្ស​លើការងារគ្រប់គ្រងបសុសត្វ។

ស្ពាន​មិត្តភាព​កូរ៉េ​អរិយក្សត្រ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជាក់​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​​ផ្លូវ​ជាតិ​លេខ ៤៨ ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​តំបន់​អរិយក្សត្រ ក្រោយ​ក្រុមហ៊ុន​របស់​កូរ៉េ​បាន​សិក្សា​ចប់​សព្វ​គ្រប់។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេ​មេគង្គ ភ្ជាប់​ទៅ​តំបន់​អរិយក្សត្រ​ ត្រូវ​បាន​ភាគី​កូរ៉េ​ខាងត្បូង ដាក់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​មុន​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​។ មន្រ្តី​របស់​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា ការសាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេ​មេគង្គ​ទៅ​តំបន់​អរិយក្សត្រ អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០២២នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម