ព័ត៌មានជាតិ
កម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ រយៈពេល១០ឆ្នាំហើយ
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា រយៈពេល១០ឆ្នាំនេះ កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ទៀតទេ ពោលគឺទទួលបានជោគជ័យ៣ឆ្នាំមុនគោលដៅកំណត់។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត ប៉េដ្រូ អេឡនសូ ប្រធានគណៈប្រតិភូអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី០២ ខែមីនានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា លទ្ធផលនៃការអនុវត្តន៍យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ កន្លងមកនេះឃើញថា សូចនាករអត្រាស្លាប់ ដោយជំងឺគ្រុនចាញ់ត្រូវបានបញ្ចប់ គឺគ្មានអ្នកស្លាប់ដោយជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក នេះសបញ្ជាក់ថា កម្ពុជាសម្រេចបានជោគជ័យ ០៣ឆ្នាំ មុនគោលដៅកំណត់។

លោកស្រីបានបន្តថា ចំពោះសូចនាករ ការគ្មានជំងឺគ្រុនចាញ់ (Zero malaria) ក្នុងឆ្នាំ២០២៥ ក៏ជាកិច្ចការដែលយើងទាំងអស់គ្នា ត្រូវតែប្រឹងប្រែងរួមគ្នា ជាបន្តទៀត ដោយមិនបន្ធូរដៃ នៅក្នុងដំណាក់កាលចុងក្រោយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ។
លោកស្រីបានរំលឹកថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដួចផ្ដើម និងអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលយុទ្ធសាស្ត្រជាតិនេះ ត្រូវបានយកមកប្រើប្រាស់ និងដាក់ចេញនូវសកម្មភាព និងគោលការណ៍ណែនាំផ្សេងៗ សំដៅជំរុញការងារលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងសកម្ម សម្រាប់ក្រុមការងារដៃគូ និងភ្នាក់ងារផ្តល់មូលនិធិនានា។
លោកវេជ្ជបណ្ឌិត ប៉េដ្រូ អេឡនសូ ប្រធានគណៈប្រតិភូអង្គការសុខភាពពិភពលោក បានបង្ហាញការកោតសរសើរនូវសមិទ្ធផល ដែលកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រេចបានកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងរិះរកថវិកាបន្ថែមទៀត ដើមី្បជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥។
តាមការគ្រោងទុក នៅអំឡុងខែកញ្ញា ឆ្នាំនេះ អង្គការ WHO នឹងបញ្ចូនអ្នកជំនាញមកកម្ពុជា ដើម្បីសិក្សាចងក្រងឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការបញ្ចប់យុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់២០២៥។ ឯកសារ ដែលកម្ពុជាចងក្រងរួច នឹងបញ្ជូលទៅ WHO ដើម្បីស្នើសុំវិញ្ញាបនបត្រ ក្រោយពេល៣ឆ្នាំ បន្ទាប់ពីកម្ពុជា លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានឲ្យដឹងថា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន ៣៥០៤ករណីមានការថយចុះប្រមាណ ៦០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ ដែលមានរហូតដល់ទៅ៨២២២ករណីនិងមិនមានអ្នកស្លាប់ទេ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


