Connect with us

ព័ត៌មានជាតិ

ជំងឺគ្រុនចាញ់ថយចុះ ៨៤% ក្នុងឆ្នាំ២០២៥ ដែលមានតែ ៥២ករណី និងមិនមានអ្នកស្លាប់នោះទេ

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និងបាណកសាស្រ្ត (ម.គ.ច.) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ជំងឺគ្រុនចាញ់បានថយចុះដល់ ៨៤% ដែលមានតែ ៥២ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុក ឯអត្រាស្លាប់ស្មើ ០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ បានឱ្យដឹងដូច្នេះ ក្នុងពិធីបើក សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប ២៧២ នាក់ (ស្រ្តី៦៦នាក់ ស្មើ២៤%) មកពីនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាលនៃក្រសួងសុខាភិបាល អន្តរក្រសួងពាក់ព័ន្ធ ប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំង២៥ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តទាំង២៥ និងអង្គការដៃគូវិនិយោគជាច្រើនទៀត។

សន្និបាតប្រារព្វឡើងដើម្បីពិនិត្យវឌ្ឍនភាពស្ថានភាពជំងឺ សមិទ្ធផល បញ្ហាប្រឈម និងកំណត់ទិសដៅអន្តរាគមន៍អាទិភាពរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន រួមទាំងពិភាក្សា កំណត់ទិសដៅអនុវត្តយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៦–២០៣៥ សម្រាប់ការលុបបំបាត់ និងទប់ស្កាត់ការកកើតឡើងវិញនៃជំងឺគ្រុនចាញ់ និងការប្រយុទ្ធនឹងជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន។

ថ្លែងនាឱកាសនោះ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានសំខាន់ៗឆ្នាំ២០២៥ ក្នុងនោះលោកបានបញ្ជាក់ថា «ជំងឺគ្រុនចាញ់បានថយចុះដល់ ៨៤% ដែលមានតែ ៥២ករណី ជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុក អត្រាអាំងស៊ីដង់ ០,០០៣/១០០០នាក់ ដែលស្ទើរស្មើសូន្យ ឯអត្រាស្លាប់ស្មើ ០%»។ លោកបានឱ្យដឹងទៀតថា តាមរយៈការអនុវត្តបុរេសកម្មភាពលើការអប់រំសុខភាព និងការឆ្លើយតបសកម្មបន្ទាន់ជំងឺគ្រុនឈាមមានករណីឈឺសរុប ៦៣ ០១៦ និងស្លាប់ ៧៩ នាក់ (អត្រាស្លាប់ ០,១៣%) និងប្រេវ៉ាឡង់ជំងឺព្រូនស៊ីស្តូ ១,៥% (១៣/៨៦០)។

ដើម្បីពន្លឿន និងសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់របស់កម្មវិធីជាតិទាំងបី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ បានផ្តល់ទស្សនទានជាអាទិភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ រួមមាន អនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ និងការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញឆ្នាំ២០២៦–២០៣៥ បន្តពង្រឹងប្រព័ន្ធតាមដានជំងឺ និងស្នើសុំវិញ្ញាបនប័ត្រទទួលស្គាល់ការលុបបំបាត់ជំងឺគ្រុនចាញ់នៅគ្រប់ស្រុក–ខេត្ត។ បន្តអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ឆ្នាំ២០២៦–២០៣៥ ដោយផ្តោតលើការពង្រឹងប្រព័ន្ធអង្កេតតាមដាន ការកាត់បន្ថយអត្រាស្លាប់ និងការកៀរគរធនធានសម្រាប់ការគ្រប់គ្រងជំងឺ និងការលើកកម្ពស់សុខភាពសហគមន៍។

កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូននឹងបន្តពង្រឹងការងារដើម្បីសម្រេចបាននូវគោលដៅ កម្ពុជាគ្មានជំងឺព្រូនអំបោះ និងកម្ពុជាគ្មានជំងឺព្រូនស៊ីស្តូ និងអនុវត្តការងារទៅតាមផែនការសកម្មភាពដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម