Connect with us

សុខភាព

៨ ខែ ឆ្នាំនេះ ខេត្តសៀមរាប រកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ ករណីប៉ុណ្ណោះ ចំណោមការធ្វើតេស្តជាង ៨ ម៉ឺនករណី

បានផុស

នៅ

រយៈពេល ៨ ខែ ចាប់ពី​ខែ​មករា រហូតដល់​ខែ​សីហា ឆ្នាំ ២០២៥ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប រួមមាន មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព ព្រមទាំង​អ្នកស្ម័គ្រចិត្ត​ភូមិ បាន​ធ្វើការ​ស្រាវជ្រាវ និង​ធ្វើតេស្ត​រក​ជំងឺគ្រុនចាញ់​សរុប​បាន​ចំនួន ៨២ ២៩៣ ករណី ក្នុង​នោះ រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​គ្រុនចាញ់​តែ ៣ ករណី ប៉ុណ្ណោះ សុទ្ធ​តែ​ជា​ប្រភេទ វីវ៉ាក់ (Pv)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០២៥ របស់​ក្រុម​ការងារ​ពិសេស​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ថ្នាក់​ខេត្ត នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ករណី​ទាំង ៣ ខាងលើ​នេះ​ដែរ ត្រូវ​បាន​កំណត់​ថា​ជា​ករណី​នាំចូល ដោយ ២ ករណី នាំចូល​មកពី​ប្រទេស​ថៃ និង ១ ករណី​ទៀត នាំចូល​មកពី​ខេត្ត​ស្ទឹងត្រែង ដែល​ករណី​នេះ បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​ក្នុង​សហគមន៍។

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បញ្ជាក់​ថា ទោះជា​យ៉ាង​នេះ​ក្ដី ក្នុង​ត្រីមាស​ចុងក្រោយ នៃ​ឆ្នាំ ២០២៥ នេះ ក្រុមការងារ​ខេត្ត​សៀមរាប នឹង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​សារាចរណែនាំ​ស្ដីពី​ការ​គ្រប់គ្រង​ករណី​ជំងឺ​គ្រុនចាញ់​នាំចូល។ សកម្មភាព​នេះ​រួមមាន ការ​ធ្វើការ​ពិនិត្យ ស្រាវជ្រាវ និង​ព្យាបាល​ជំងឺ​គ្រុនចាញ់​រាល់​អ្នក​ធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រទេស ឬ​តំបន់​ប្រឈម។ ជាមួយ​គ្នា​នេះ ត្រូវ​ពង្រឹង​សមត្ថភាព​ក្រុម​ការងារ​បន្ថែម ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ នៃ​ជំងឺគ្រុនចាញ់ ស្វែងរក​ដំណោះស្រាយ និង​បន្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​លុបបំបាត់​ជា​ស្ថាពរ។

លោក​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវ​សុំ​កិច្ចសហការ​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​វិធី​បង្ការ​ជំងឺ​ដែល​ឆ្លង​ដោយសារ​សត្វ​មូស ដូចជា ការ​គេង​ក្នុង​មុង ការ​សម្អាត​បរិស្ថាន និង​កម្ចាត់​ជម្រក​មូស​ជាដើម។ ជំរុញ​បញ្ហា​នេះ បន្ថែម​ទៅ​តាម​សាលារៀន ​, អប់រំ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​តំបន់​ប្រឈម​ , ផ្សព្វផ្សាយ​តាម​មូលដ្ឋាន ជាពិសេស​ជំរុញ​ជា​សំខាន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ៕

អត្ថបទ ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម