ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ពលរដ្ឋកុំបារម្ភរហូតទិញសាំងស្តុកទុក ខណៈតម្លៃប្រេងបន្តឡើងថ្លៃ
បើទោះបីជាស្ថានភាពបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈនៅពិភពលោក ក៏ដូចជាកម្ពុជាបន្តហក់ឡើងថ្លៃក៏ដោយ ក៏ប្រជាពលរដ្ឋកុំមានការភ័យព្រួយពេក រហូតដល់ទិញប្រេងមកស្តុកទុកនោះដែរ ព្រោះប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចូលប្រេងធំៗ បាននាំចូលសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ ហើយប្រទេសកម្ពុជា ក៏មិនមែនជាប្រទេសជួបវិបត្តិដោយផ្ទាល់នោះដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការបារម្ភឡើយ ចំពោះបញ្ហានេះ។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមអ្នកនាំពាក្យរូបនេះ បានប្រាប់ឲ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងបន្តហក់ឡើងថ្លៃមួយកម្រិតទៀត អាចខ្ទង់ជាង ៥ពាន់រៀល ក្នុង១លីត្រនៅសប្តាហ៍នេះ ដរាបណាសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ។
ដូចដែលប្រជាពលរដ្ឋទូទៅបានដឹងរួចមកហើយថា ទណ្ឌកម្មនាំចេញប្រេងឥន្ធនៈដោយសារសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យប្រេងពិភពលោកឡើងថ្លៃខ្ពស់ ដូច្នេះនៅកម្ពុជាក៏នឹងអាបន្តហក់ឡើងថ្លៃមួយកម្រិតទៀតដែរ ហើយតម្លៃប្រេងក៏កំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានខិតខំធ្វើគ្រប់យ៉ាង ដើម្បីឲ្យយើងមានប្រេងនៅក្នុងស្តុកគ្រប់គ្រាន់។ នេះជាការអះអាងរបស់លោក ប៉ែន សុវិជាតិ។

លោក ប៉ែន សុវិជាតិ បន្តទៀតថា ចំពោះមុខបញ្ហាតម្លៃប្រេងឥន្ធនហក់ឡើង ឬឡើងលើសការរំពឹងទុកនេះ ក្រសួងពាណិជ្ជកម្មបានកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហា។ រាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើយ៉ាងណាធានាឲ្យបាននូវ៖ ទី១.ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ, ទី២.ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។ ហើយរាជរដ្ឋាភិបាល ក៏កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ។ ហើយនៅពេលបន្ទាប់ទៀតនេះ ក្រសួងក៏នឹងចេញលិខិតបញ្ជាក់ពីតម្លៃលក់រាយប្រេងឥន្ធនៈ ជាបន្តបន្ទាប់ទៀតដែរ។
ចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ទី១៥ មីនា ក្រសួងពាណិជ្ជកម្មបានកំណត់ចំពោះប្រេងសាំងធម្មតាមានតម្លៃ ៤៨០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤៥០០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា ប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅកម្ពុជាបច្ចុប្បន្ន នាំចូលមកពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


