Connect with us

ព័ត៌មានជាតិ

វិវាទ​ការងារ​នៅ​ក្រុមហ៊ុនណាហ្គា​វើ​លដ៍​ នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​

បានផុស

នៅ

រហូតមកដល់​រសៀល​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២២​នេះ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​ពោលគឺ​ភាគី​កម្មករនិយោជិត​និង​ភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​តឹង​ត្អឹង​រៀងៗ​ខ្លួន​។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​នៅ​យប់​ថ្ងៃទី​២៩​មីនា​នេះ​បានឱ្យដឹងថា​ ក្រសួង​បាន បន្ត​សម្របសម្រួល​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ស្របតាម​តួនាទី​ដែល​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន ក៏ដូចជា​ស្របតាម​ស្មារតី​ចង់បាន​របស់​តំណាង​ភាគី​កម្មករនិយោជិត​ដែល​ចង់​ជួបចរចា​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​។ នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ នេះ ក្រសួង​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មកជួប​ប្រជុំ​ដោះស្រាយ​ជា លើក​ទី​៦។

ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​កម្មករនិយោជិត​សង្ឃឹមថា​នឹងមាន​ពន្លឺ​ខ្លះ​ក្នុង​ការទទួល​បានការ​ដោះស្រាយ និង​បាន​ពិភាក្សាគ្នា​អំពី​ជម្រើស​ដែល​អាច ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ សម្រាប់​ភាគី​វិវាទ​ទាំងសងខាង​។ ក្រុមហ៊ុន​ធ្លាប់បាន​ប្រើពាក្យ “​បេះដូង​មនុស្សធម៌ ចំពោះ​ប្រជាជន​ខ្មែរ ហេតុអ្វី​ត្រឹម​បុគ្គលិក ២០០​នាក់ ដែល​គាត់​ចង់​បន្តការងារ​នៅក្នុង​ក្រុមហ៊ុន បែរជា​មិនអាច ទទួលយក​ពួកគាត់​បាន ពួកយើង​ក៏​ជា​ជនជាតិខ្មែរ​ដែរ​។ ដូចនេះ តំណាង​កម្មករនិយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ ពិភាក្សា​អំពី​ការទទួលយក​កម្មករ​និយោជិត​ចូលធ្វើការ​វិញ និង​សង្ឃឹមថា​ភាគី​កម្មករនិយោជិត​នឹង​ទទួលបាន​នូវ ព័ត៌មាន​ថ្មី​ពី​ក្រុមហ៊ុន​លើ​សំណើ​ទាមទារ ដែលជា​សំណើ​ដដែល​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ​ភាគី​និយោជិត​បានស្នើ​សុំ​ទៅ​ភាគី​ក្រុមហ៊ុន​ទទួលយក​កម្មករនិយោជិត​ដែល​បាន​បញ្ឈប់​នេះ​ចូល​ជា​សមាជិកគ្រួសារ ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ឡើងវិញ ពីព្រោះ​កម្មករនិយោជិត​កំពុង​តែមាន​វិបត្តិ និង​ជម្រើស ទទួលយក​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ក្លាយជា​ក្រុមហ៊ុន​គំរូ​។

ភាគី​កម្មករនិយោជិត​បានលើកឡើង​ថា​ខ្លួន​មិន​យល់ឃើញថា គួរ​ពិភាក្សា​អំពី​ចំណុច​វិវាទ​ផ្សេងៗ តាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន​នោះ​ទ ពីព្រោះ​ចំណុច​វិវាទ​ទី​១ ដែល​ពាក់ព័ន្ធ​នឹង​ការទាមទារ​ចូលធ្វើការ​វិញ​នេះ គឺជា​ជម្រើស​របស់​បុគ្គលិក ដើម្បី​លើក យកមក​ពិភាក្សា​។ ដូចនេះ​កម្មករនិយោជិត​នៅតែ​ចង់ឱ្យ​ពិភាក្សា​លើ​ចំណុច​វិវាទ​ទី​១ ជាមុន​។ តំណាង​កម្មករ និយោជិត​មាន​ចម្ងល់​អំពី​មូលហេតុ​អ្វីដែល​ក្រុមហ៊ុន​តែងតែ​លើកឡើង​ឱ្យ​ពិភាក្សា​លើ​ចំណុច​វិវាទ​ចំនួន​៣ ផ្សេង ទៀត​។

ចំណែក​តំណាង​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដី​វិញ​នៅតែ​បន្ត​បញ្ជាក់​ជំហរ​ថា ក្រុមហ៊ុន​មិនអាច​ទទួលយក​កម្មក​រ​និយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​រួម ឱ្យចូល​ធ្វើការ​វិញ​បានទេ ហើយក៍​មិន​ពិចារណា​ក្នុងការ​ដោះដូរ​តាម​សំណើ​របស់​តំណាង​កម្មករនិយោជិត​នោះដែរ ដូច​ក្រុមហ៊ុន​បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ រួចមកហើយ​។

តំណាង​ក្រុមហ៊ុន​ពន្យល់ថា​ មិនអាច​ទទួលយក​កម្មក​រ​និយោជិត​ដែល​នៅសល់​ចំនួន ២០០​នាក់ ដែល​បាន​បញ្ឈប់​ស្របតាម​នីតិវិធី ច្បាប់ ដែល​មាន​ចែង​នៅក្នុង​នីតិវិធី​នៃ​ការបញ្ឈប់​ពី​ការងារ​រួម​។ ការបញ្ឈប់​នេះ ក្រុមហ៊ុន​បានកំណត់​លក្ខណៈ វិនិច្ឆ័យ​ដើម្បី​កំណត់ថា បុគ្គលិក​ណា​ដែល​ត្រូវ​អង​ផលប៉ះពាល់​ក្នុងការ​បញ្ឈប់​ការងារ​រួម​នេះ​។

យ៉ាងណាក៏ដោយ​តំណាង​ក្រុមហ៊ុន​នៅតែមាន​ជំហរ​ដោះស្រាយ​ឱ្យបាន​លឿន​ជាមួយនឹង​សហជីព​។ ប៉ុន្តែ​ក្រុមហ៊ុន​ស្នើឱ្យ​តំណាង​កម្មករ​និយោជិត​លើកឡើង​នូវ​ជម្រើស​ផ្សេងទៀត ដែលជា​ជម្រើស​ដែល​អាចទៅរួច ប្រសើរ​ជាង​ជម្រើស​បច្ចុប្បន្ននេះ​ដើម្បី​យកមក​ពិភាក្សា​ព ហើយ​ក្រុមហ៊ុន​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មី​ពី​ខាង​តំណាង​កម្មករនិយោជិត​។

តំណាង​ក្រុមហ៊ុន​នៅតែ​បន្ត​ស្នើ​សុំឱ្យ​តំណាង​កម្មករនិយោជិត​ពិភាក្សា​លើ​ចំណុច​វិវាទ​ចំនួន​៣ ផ្សេងទៀត ដែល​អាច​ផ្តល់ ប្រយោជន៍​សម្រាប់​កម្មក​រ​និយោជិត​ភាគច្រើន​។ ក្រុមហ៊ុន​គិតថា គួរតែ​ពិភាក្សា​លើ​បញ្ហា​ដែល​នៅ​សេសសល់ ទាំងនោះ​ព្រោះថា ទោះជា​ដោះស្រាយ​នៅទីណា ឬ​ទៅ​ស្ថាប័ន​តុលាការ​ក៏ដោយ បញ្ហា​ទាំងអស់​នៅក្នុង​វិវាទ ក៏​មុខតែ​នឹង​លើក​ឡើងមក​ពិភាក្សា​ដដែល​។ ក្រុមហ៊ុន​យល់ឃើញថា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចំណាយ​ពេលវេលា ច្រើន​ក្នុង​ការជួយ​ដោះស្រាយ​ករណីនេះ ដូច្នេះ​ភាគី​វិវាទ​គួរតែ​ប្រើប្រាស់​ពេលវេលា​នេះ​ឱ្យមាន​តម្លៃ​។

ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុសផុល ភាគី​ទាំង​ពីរបាន​ឯកភាព​នៅ​មិនទាន់​ឈានដល់​ចំណុច​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​និង​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤:៣០​នាទី​ដើម្បីឱ្យ​ភាគី​ទាំងពីរ​មានឱកាស​ពិចារណា​ឡើងវិញ អំពី​លទ្ធភាព​នៃ​ការធ្វើសម្បទាន​គ្នា​ទៅវិញទៅមក​ដែល​អាច​ទៅ​បញ្ចប់​វិវាទ​នេះ​។​

ក្រសួង​ការងារ​បានបញ្ជាក់​ផង​ដែរ​ថា បើទោះបីជា​មិនទាន់មាន​ការឯកភាព​គ្នា ក៏​ក្រសួង​និង​បន្ត​ខិតខំ​ធ្វើការ​សម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្តបន្ទាប់​ទៀត ស្របតាម​តួនាទី​ដែល​កំណត់ដោយ​ច្បាប់ ក៏ដូចជា​ការទាមទារ​របស់​គូភាគី​។

ជាថ្មី​ម្តងទៀត ក្រសួង​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​មានការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​, បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី​, និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។

យោងតាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នេះ​មិនអាច​ស្វែងរក​ដំណោះស្រាយ បាន​ដោយ​ការផ្សះផ្សា វិធី​បន្ទាប់ពី​អាច​បញ្ជូនទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម