ព័ត៌មានជាតិ
បើគ្មានច្បាប់ ការការពាររុក្ខជាតិ និងភូតគាមអនាម័យ កម្ពុជាពិបាកនាំផលិតផលចេញ
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្រោយពីបញ្ចប់កិច្ចគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះថា បើគ្មានច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យទេ កម្ពុជាពិបាកនាំផលិតផលចេញណាស់ ដូចនេះត្រូវពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា ច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ មានសារសំខាន់ណាស់ ដែលយើងត្រូវការជាចាំបាច់ ដើម្បីជួយប្រជាកសិករសម្រាប់ការដាំដុះ ក៏ដូចជាការរៀបចំប្រើប្រាស់ជី ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាដើម ដើម្បីឱ្យត្រូវតាមស្តង់ដារប្រទេសធំៗ នៅពេលកម្ពុជាត្រូវនាំផលិតផលទៅកាន់ទីផ្សារនៃបណ្ដាប្រទេសធំៗទាំងនោះ។

លោក ម៉ម ប៊ុននាង មានប្រសាន៍បន្តថា ប្រសិនបើកម្ពុជាមិនមានច្បាប់នេះទេ នឹងពិបាកនាំចេញណាស់ បើទោះបីជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅតាមបណ្ដាប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែគេតម្រូវឱ្យយើងមានភូត្តគាមអនាម័យមួយ ដែលត្រឹមត្រូវ ដើម្បីកុំឱ្យការនាំចេញទៅ មានមេរោគ ហើយឆ្លងទៅដល់ប្រទេសរបស់គេ។

លោក ម៉ម ប៊ុននាង អះអាងថា ដោយសាតែបញ្ហានេះ ទើបប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ហើយរៀបចំច្បាប់នេះឡើង និងឱ្យបានឆាប់ ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជាដើម្បីកែប្រែពីកសិកម្មបែបធម្មតា ឱ្យក្លាយទៅជាកសិកម្មជឿនលឿន ហើយអាចនាំទៅកាន់បណ្ដាប្រទេសណាក៏បាន។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន ២ គឺ៖

ទី១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
ទី២. កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨ ព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនេះ៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


