Connect with us

ព័ត៌មានជាតិ

កូរ៉េផ្ដល់ជំនួយមនុស្សធម៌ខ្ទង់១៥លានដុល្លារ តាមព្រឹទ្ធសភាកម្ពុជា ដើម្បីជួយលើវិស័យសុខាភិបាល អប់រំ សង្គមកិច្ច

បានផុស

នៅ

មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) របស់កូរ៉េខាងត្បូង បន្តផ្ដល់ជំនួយមនុស្សធម៌ តាមរយៈព្រឹទ្ធសភាកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ១៥លានដុល្លារអាម៉េរិក ដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងលើវិស័យសុខាភិបាល អប់រំ សង្គមកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយមនុស្សធម៌នេះត្រូវបានធ្វើឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ហើយពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើជាផ្លូការ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។

តាមព្រឹទ្ធសភា នេះជាការផ្តល់អំណោយមនុស្សធម៌របស់កូរ៉េដល់ព្រឹទ្ធសភាកម្ពុជាលើកទី៣ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ ដែលមានថវិកាសរុបចំនួន១៥លានដុល្លាអាម៉េរិក សម្រាប់ផ្តល់ដល់ខេត្តចំនួន៣ថែមទៀត គឺខេត្តកែប ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយក្នុងមួយខេត្តទទួលបាន៥លានដុល្លាអាម៉េរិក។

លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា បានអរគុណដល់មូលនិធិ GLS ជាពិសេសលោក គីម ជុងណាម ដែលជាប្រធានមូលនិធិ ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដោយលោក ថា មូលនិធិនេះបាននិងកំពុងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា ក្នុងវិស័យសុខាភិបាល អប់រំ សង្គមកិច្ច នៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។

លោក បន្ថែមថា ជំនួយឧបត្ថម្ភនេះបានរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលមានអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ប្រធានស្តីទីព្រឹទ្ធសភា បានអះអាងជាថ្មីនូវការគាំទ្ររបស់លោក ក៏ដូចជាព្រឹទ្ធសភាចំពោះបេសកកម្មមនុស្សធម៌របស់មូលនិធិ GLS នៅក្នុងប្រទេសកម្ពុជា។

តាមការបញ្ជាក់របស់លោក គីម ជុងណាម មូលនិធិ GLS បានផ្ដល់ជំនួយដល់កម្ពុជាចំនួន២២លើកមកហើយ ក្នុងទឹកប្រាក់សរុបប្រមាណ៣៤លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ននេះ ហើយក្នុងឆ្នាំ២០២៧ មូលនិធិ មានគម្រោងវិសាលភាពបញ្ចូលទៅខេត្តផ្សេងទៀត។

ជាការកត់សម្គាល់ ដើម្បីជាការលើកចិត្តដល់កិច្ចខិតខំប្រឹងប្រែងកៀរគររកជំនួយសប្បុរសធម៌មកជួយលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពប្រជាជនកម្ពុជា ប្រធានស្តីទីព្រឹទ្ធសភា បានបំពាក់គ្រឿងឥស្សរិយយសដល់ប្រធានមូលនិធិ និងសមាជិកគណៈប្រតិភូទាំងអស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម