ព័ត៌មានជាតិ
ព្រះចៅអធិការវត្តប្រាសាទរង្សី បដិសេធមិនបានបណ្ដេញព្រះសង្ឃ ហេង គីមឡាយ ចេញពីវត្តទាំងកណ្ដាលយប់ទេ
ព្រះចៅអធិការវត្តប្រាសាទរង្សី ព្រះនាម ឡុក ឆាន មានថេរដីកាប្រាប់ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មីប្រចាំខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែឧសភានេះថា ព្រះអង្គសូមច្រានចោលនូវការផ្សព្វផ្សាយព័ត៌មាន ដែលថា ព្រះអង្គបណ្ដេញព្រះសង្ឃ ហេង គីមឡាយ ចេញពីវត្តទាំងកណ្ដាលយប់ ដោយសារការគាំទ្រគណបក្សភ្លើងទៀន។

ព្រះចៅអធិការវត្តប្រាសាទរង្សី បានរំលឹកថា ព្រះសង្ឃ ហេង គីមឡាយ បានមកគង់នៅវត្តប្រាសាទរង្សីចំនួន ៧ឆ្នាំមកហើយ ដោយមានស្រុកកំណើតនៅឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កាលពីមិនទាន់បួសជាព្រះសង្ឃ លោក ហេង គីមឡាយ ធ្លាប់មានភរិយានៅខេត្តបន្ទាយមានជ័យ តែក្រោយមកក៏ត្រូវបែកបាក់គ្នា។ បន្ទាប់មកលោក ហេង គីមឡាយ ក៏បានត្រឡប់មករកម្ដាយរបស់លោក ដែលជាអ្នករៀបចំចង្ហាន់ជូនព្រះសង្ឃ នៅវត្តប្រាសាទរង្សី។
បន្ទាប់មកទៀតលោក ហេង គីមឡាយ ក៏បានស្នើសុំព្រះចៅអធិការវត្តប្រាសាទរង្សី បួសជាព្រះសង្ឃដើម្បីមើលថែម្ដាយនៅទីនោះតែម្ដង។ ត្រង់ចំណុចនេះ ព្រះចៅអធិការវត្តប្រាសាទរង្សី មានថេរដីកាបញ្ជាក់ថា «អាត្មាមិនស្គាល់ពីប្រវត្តិរបស់លោកទេ តែដោយយល់ឃើញថា ម្ដាយនៅដាំចង្ហាន់ក្នុងវត្តយូរទៅ ក៏យល់ព្រមអនុញ្ញាត ព្រោះម្ដាយគេ ម្ដាយអាត្មាវាដូចតែគ្នាទេ គឺឲ្យតែឃើញកូនមានកតញ្ញូថា ចង់មើលថែម្ដាយហើយ ក៏អនុញ្ញាតឲ្យបួស»។

បន្ទាប់ពីបានក្លាយជាព្រះសង្ឃក្នុងពេល ២ព្រះវស្សាដំបូង ព្រះអង្គ ហេង គីមឡាយ តែងតែប្រតិបត្តិយ៉ាងល្អនូវច្បាប់ទម្លាប់នៅក្នុងវត្ត ហើយតែបានចូលរួមប្រជុំជាញឹកញាប់ ជាមួយព្រះសង្ឃផ្សេងទៀត ដើម្បីអភិវឌ្ឍវត្តប្រាសាទរង្សី។ ក៏ប៉ុន្តែចាប់ពីព្រះវស្សាទី ៣ទៅ ព្រះសង្ឃ ហេង គីមឡាយ តែងតែធ្វើអ្វីទៅតាមចិត្តរបស់ខ្លួន ដោយនិមន្តទៅណាមកណា មិនដែលប្រាប់ព្រះចៅអធិការវត្តឡើយ។
ក្រោយមកគណៈកម្មការវត្ត ក៏បានរៀបចំនូវកិច្ចប្រជុំមួយ ដើម្បីកំណត់ឲ្យព្រះសង្ឃមានការជូនដំណឹងដល់ព្រះចៅអធិការវត្ត នៅពេលនិមន្តទៅណាមកណា។ ប៉ុន្តែព្រះសង្ឃ ហេង គីមឡាយ មិនបានអនុវត្តដូច្នេះឡើយ ដោយនៅតែនិមន្តទៅណាមកណា មិនជូនដំណឹងទៅព្រះចៅអធិការវត្ត ដដែល។ ក្រោយមកទៀត ក៏មានការរៀបចំកិច្ចប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត តែនៅតែមិនមានលទ្ធផលដដែល។
ព្រះចៅអធិការវត្តប្រាសាទរង្សី ព្រះនាម ឡុក ឆាន មានថេរដីកាឲ្យដឹងទៀតថា «នៅថ្ងៃទី ២៨ ខែឧសភា នៅវេលាម៉ោង ៨ និង ១៥នាទី អាត្មាបានប្រជុំរៀបចំព្រះសង្ឃ ដល់ពេលប្រជុំលោករៀបរាប់ទៅថា យើងគាបសង្កត់លោក ថាយើងនេះ អត់ផ្ដល់សិទ្ធិសេរីភាពឲ្យលោក ហើយលោកមករស់នៅចំនួនប៉ុណ្ណោះឆ្នាំ ប៉ុណ្ណោះឆ្នាំ ឲ្យលោករស់នៅឯកា អត់ដែលឲ្យលោកចេញទៅសូត្រមន្ត អត់ឲ្យលោកចេញទៅបុណ្យ អត់ឲ្យលោកចេញទៅមានភារកិច្ចនៅក្រៅ តាមការពិតអាត្មាប្រើជាច្រើនដង ច្រើនសារ តែលោកអត់ដែលនិមន្តទៅទេ»។
ព្រះចៅអធិការវត្តប្រាសាទរង្សី បានបន្ថែមទៀតថា បន្ទាប់មកស្រាប់តែមានព័ត៌មានផ្សព្វផ្សាយថា ព្រះអង្គ បានបណ្ដេញព្រះសង្ឃ ហេង គីមឡាយ ចេញពីវត្តទាំងកណ្ដាលយប់។ ប៉ុន្តែព្រះចៅអធិការវត្តប្រាសាទរង្សី បានបដិសេធ ហើយបានបញ្ជាក់ថា ករណីនេះមានការស្រុះស្រួលមូលមតិគ្នា ដោយព្រះសង្ឃ ហេង គីមឡាយ សុំចេញទៅរកវត្តផ្សេងដើម្បីស្នាក់អាស្រ័យ។ ក្នុងនោះ ព្រះចៅអធិការវត្តប្រាសាទរង្សី ក៏បានស៊ីញ៉េ និងបោះត្រាលើលិខិតអនុញ្ញាត ហើយព្រះសង្ឃ ហេង គីមឡាយ ក៏បានសុំខុមាលទោស ចំពោះពាក្យសម្ដីលើសលោះ ចំពោះចៅអធិការវត្តប្រាសាទរង្សី ផងដែរ។
ចៅអធិការវត្តប្រាសាទរង្សី បានបញ្ជាក់បន្ថែមថា «ដល់ពេលអាត្មាបោះត្រា ស៊ីញ៉ារួចរាល់ឲ្យលោកអស់ទៅ ដល់ពេលលោកបង្ហោះមក ថាយើងដេញលោកណាទាំងពាក់កណ្ដាលអាធ្រាត្រ មែនទេ ព្រឹកឡើង ២៩ ម៉ោង ៧កន្លះ មានឡានមានអីមកទទួលលោក យកទៅតាមធម្មតា អត់មានបានដេញទីណាត់ទីណែងទេ គឺលោកមកសុំក្រាបថ្វាយបង្គំលា ខុមាលទោសធម្មតារៀបរយរួចរាល់ អាត្មាក៏ជូនពរលោកទៅនិមន្ត ឲ្យបានសេចក្ដីសុខ សេចក្ដីចម្រើន»។
ជាចុងក្រោយ ព្រះចៅអធិការវត្តប្រាសាទរង្សី ព្រះនាម ឡុក ឆាន បានគូសបញ្ជាក់ថា ព្រះអង្គ មិនខឹងស្អប់ ឬគាបសង្កត់ ព្រះសង្ឃ ហេង គីមឡាយ ដែលទៅគាំទ្រគណបក្សនយោបាយ ណាមួយនោះទេ ហើយមិនគួរណា មានការផ្សព្វផ្សាយថា ព្រះអង្គ បានបណ្ដេញព្រះសង្ឃ ហេង គីមឡាយ ចេញពីវត្តទាំងកណ្ដាលយប់នោះដែរ ព្រោះព្រះសង្ឃ ហេង បានចេញពីវត្តនៅព្រឹក ហើយមានរថយន្ត ២គ្រឿងមកដឹកថែមទៀត៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ