Connect with us

ព័ត៌មានជាតិ

តោះ! ស្វែង​យល់​ពី​ដំណើរការ​សាងសង់​វត្ត​អារាមក្នុង​ប្រទេស​កម្ពុជា​ពីបុរាណដល់សម័យទំនើប

បានផុស

នៅ

អារាមព្រះពុទ្ធសាសនា ត្រូវបានកត់ត្រា​និង​រៀបរាប់​យ៉ាងច្បាស់​លាស់​តាមរយៈបេសកកម្មទូត​របស់ចិន លោក ជីវ តាក្វាន់ ក្នុងអំឡុង​ពេលដែល​លោក​បាន​ស្នាក់នៅ​ក្នុង​​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១២៩៧​។ នេះបើតាម​សៀវភៅ​​ «​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជា» ដែលនិពន្ធ​ដោយ​លោក​ស្រី ដានីញែល និង​លោក​ ដូមីនិក ហ្គេរេត៍។

ក្នុង​សៀវភៅ​​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជាដែលនិពន្ធ​ដោយ​​លោក​ស្រី ដានីញែល និង​លោក​ ដូមីនិក ហ្គេរេត៍ ​បាន​រំលេច​ពី​ទិដ្ឋភាព​ក្នុង​ការ​សាងសង់​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​សម្រាប់​ការ​​សិក្សា​ស្វែង​យល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ​ស្តី​ពីវត្ត​អារាម​នៅ​ប្រទេស​កម្ពុជា​ដែល​ស្រាវជ្រាវ​និពន្ធ​​លោក​ស្រី ដានីញែល និង​លោក​ ដូមីនិក ហ្គេរេត៍​បាន​លើក​ឡើង​ពី​ទិដ្ឋភាព​នៃ​ការ​សាងសង់​វត្តអារាម​ក្នុង​ប្រទេស​កម្ពុជា​តាម​ក្បួន​បុរាណ​។

វត្តរបស់ខ្មែរបុរាណ​​ត្រូវ​បាន​សាងសង់​នៅ​លើអ័ក្ស​នៃទិស​ខាង​លិចនិង​ខាងកើត អាច​មាន​ករណី​លើកលែង​ដែរតែ​កម្រ​ណាស់។ កាលដើម​ឡើយគេ​សង់វត្ត​នៅ​ទី​កន្លែង​ដែលគ្មានមនុស្ស​រស់នៅតែមិននៅឆ្ងាយពីភូមិ​ពេកទេ ហើយ​សព្វថ្ងៃ​អាច​មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ហ៊ុមព័ទ្ធ​ជុំវិញ។ ជាទូទៅវត្តមាន​រាងជា​ចតុរ័ង្ស មាន​ទំហំ​ជាមធ្យម និង​មាន​ក្លោងទ្វារ​ច្រកចូល​នៅតាម​ជ្រុងទាំង ៤ កម្រ​មាន​ច្រក​ចូល​តែ ២ ណាស់។

នៅពេល​ដែលវត្តស្ថិត​នៅឆ្ងាយដាច់ស្រយាលខ្លាំងនៅតាមជនបទ ក្លោងទ្វារ​នីមួយៗ​នៅឆ្ងាយ​ដាច់​ពី​គ្នា​រាប់​គីឡូម៉ែត្រ គឺអាច​ស្ថិត​នៅជាប់​ផ្លូវជាតិឬ​ផ្លូវលំ ដើម្បីប្រាប់​ឈ្មោះនិង​ជា​ច្រក​ចូល​ទៅកាន់វត្ត។

នៅក្នុងបរិវេណវត្ត​មានអគារសក្ការ:ធំៗ​ពីរ គេហៅ​ថា​វិហារឬ​ព្រះវិហារ ដែល​មាន​រាងជាចតុរ័ង្ស សង់​នៅ​លើ​អ័ក្ស​ខាងលិច និង​ខាងកើត ដែល​មាន​រូបសំណាក​ព្រះពុទ្ធធំជាងគេបែរ​ព្រះ​ភក្ត្រ​ទៅ​ទិស​ខាងកើត។

សាលាឆាន់ គឺជាអគារ​ដ៏ធំមួយ​ទៀត​សម្រាប់​ព្រះសង្ឃ​ទទួលចង្ហាន់ និង​សម្រាប់​ការជួបជុំពុទ្ធបរិស័ទ​នៅ​ពេល​មាន​ពិធីបុណ្យ​សាសនា​ផ្សេងៗ។ កន្លែង​ស្នាក់នៅ​ហៅ​ថា កុដិ ជា​សំណង់​បន្ថែម​នៅក្នុង​វត្ត តែ​គេ​មិន​ដែល​សង់​កុដិ​នៅ​ភាគ​ខាងកើត​នៃ​វិហារដែល​ជាទីសក្ការ​នោះទេ។

គ្មាន​អគារណាមួយ ត្រូវ​សង់​ឱ្យ​បាំង​ព្រះនេត្ររបស់​ព្រះពុទ្ធរូបនោះទេ។ ប៉ុន្តែ​មាន​ដងទង់ធំៗ​ពីរ ដែល​មាន​អង្កត់​ផ្ចិតធំ​ល្មម ហើយ​ត្រូវ​បាន​សង់​នៅ​ទិស​ខាងកើត ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​វត្ត​ពីចម្ងាយ។ (ហោត្រ័យ) នៅក្នុង​វត្ត​នីមួយៗ ទៅ​តាម​ទំហំ​និងធនធាន​របស់​ខ្លួន។ អាចមាន​សំណង់​អគារផ្សេង​ទៀត ដូចជា​សាល​សិក្សា សាលា​បាលី និង​បណ្ណាល័យ​ព្រះសង្ឃ បច្ឆា​សម្រាប់​បូជាសព ឬមេរុ​មាន​រោង​សម្រាប់​ដាក់​ទូកង​ទុក​សម្រាប់​ប្រើអំឡុង​ពិធីបុណ្យអុំទូក និងមាន​អាសនៈ​សម្រាប់ម្ចាស់ទឹក ម្ចាស់ដី មាន​រាង​ជា​អឌ្ឍគោល ឬ​រាង​ការ៉េ ចេតិយ​មានរាង​ដូចកណ្តឹង។

នៅក្នុង​ទីធ្លាវត្ត មានតុបតែង​ដោយរូបចម្លាក់​នានា​ធ្វើពីបេតុង ហើយ​មាន​លាបពណ៍​ភ្លឺ​ស្រស់​តំណាង​ទេវតា​ជា​ទីសក្ការៈ ឬតួអង្គ​នៅក្នុងរឿង​និទាន​ជាតក ឬ​សត្វ​ផ្សេងៗ​ទៀត។ សាលារៀន​ក្នុងភូមិ ក៏ត្រូវ​បាន​កសាង​ឡើង​នៅខាងក្នុងបរិវេណ​វត្តដែរនៅមុន​ឆ្នាំ១៩៧៥ តែ​ឥឡូវនេះ​គេ​ច្រើន​សង់​សាលា​ដាច់​ចេញ​ពីវត្ត។

ការដាក់ឈ្មោះវត្ត

ជាប្រពៃណី វត្តអារាម​ត្រូវបានគេ​ដាក់ឈ្មោះ​តាម​ភូមិ​ដែល​វត្តនោះស្ថិតនៅ។ ជួនកាល​ឈ្មោះត្រូវបាន​ជំនួសដោយពាក្យមួយផ្សេងទៀតយកពី​ធម្មជាតិដូចជា៖ សុរិយា ព្រៃ ភូមិ ភ្នំ អង្គ ថ្ម ខ្សាច់ ចម្ការ កោះ ជ្រោយ ទន្លេ ខ្ពប ពាម ព្រែក បឹង ត្រពាំង អន្លង់ អណ្ដូង ពោធិ៍ ឬ​ពោធិ៍ព្រឹក្ស អំពិល ឫស្សី ដួង ស្លា ស្វាយ ក្រូច ដំរី រមាស ក្រពើ ដែល​ឈ្មោះទាំងនេះ​អាចត្រូវបានគេបន្ថែមពាក្យ​​ឱ្យខុស​ពីវត្ដ​មួយ​ទៀតដែលមានឈ្មោះខាងដើមដូចគ្នា ដោយបើ​គុណនាម៖ តា ឬចាស់ ធំ ឬ​មហា តូច សុរភី ស ខ្មៅ ឯក រលើង ព្រះ ថ្មី ជ្រៅ។ ទិស៖ ខាងជើង ខាងកើត ខាងត្បូង ខាងលិច ឬ​ទីតាំងភូមិសាស្ត្រ៖ កណ្ដាល ក្បាល ជើង ក្នុង ក្រៅ គឺ​ជាវិធីបន្ថែម​ចំពោះវត្តដែលឈ្មោះខាងដើមដូចគ្នា។

វត្តអាចមានឈ្មោះមួយទៀត​ជាភាសាបាលី​មានអត្ថន័យក្នុងពុទ្ធសាសនា៖ មង្គល​សិរី មេត្រី ឬ​សាមគ្គី មូលី សិម្ពលី ឬរង្សី (ពន្លឺ) ឧត្តម (ស្អាតអស្ចារ្យ)។

ភាពសម្បូរបែបនៅក្នុងការដាក់ឈ្មោះនេះនៅតែមានជាន់គ្នាដែរ ដែល​ពេលខ្លះ​គេត្រូវប្រើ​ទីតាំង​ភូមិសាស្ត្របន្ថែម ដើម្បីបញ្ជាក់វត្តណាមួយឱ្យ​កាន់តែច្បាស់ ដោយត្រូវបន្ថែមឈ្មោះស្រុក និងឃុំ របស់វត្តនោះ។

និកាយ ចៅអធិការ អាចារ្យ

ពុទ្ធសាសនានៅកម្ពុជាមាន ២ និកាយ គឺមហានិកាយ និង​ធម្មយុត្តិកនិកាយ។ និកាយ​ចំណាស់​ជាងគេ​គឺ មហានិកាយ ដែលមានវត្តជាង ៩៥%។ និកាយនីមួយៗ ត្រូវបានដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណៈសង្ឃ​នៅ​រាជធានីភ្នំពេញ ហៅថា សម្តេចសង្ឃ៖ វត្តឧណ្ណាលោមសម្រាប់​មហានិកាយ និង​វត្តបទុមវតីរាជវរារាមសម្រាប់ធម្មយុត្តិកនិកាយ

ព្រះសង្ឃនៅក្នុងវត្តអារាមនីមួយៗ ត្រូវស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់​ចៅអធិការ ដែលត្រូវបាន​ជ្រើសតាំង​ដោយគណៈកម្មាធិការវត្ត ដែល​តំណាង​ឱ្យពុទ្ធបរិស័ទចំណុះជើងវត្ត។ ចៅអធិការអាច​ចូលរួម​គ្រប់គ្រង​ចាត់ចែងការងារផ្សេងៗ ក្នុងវិស័យសាសនានៅក្នុងវត្ត ជាពិសេស​ចំពោះ​បញ្ហា​វិន័យ​របស់ព្រះសង្ឃ និងសាមណេរ។

ការទទួលខុសត្រូវរដ្ឋបាលត្រូវបានប្រគល់ឱ្យទៅ​គណៈកម្មាធិការដឹកនាំដោយអាចារ្យមួយរូបឬ​ច្រើនរូប ដែលមានតួនាទី សំខាន់ក្នុងការរៀបចំពិធីបុណ្យផ្សេងៗ។

តួនាទីរបស់វត្តក្នុងសង្គម

វត្តអារាម មានតួនាទីសំខាន់​ខ្លាំងណាស់ ក្នុងជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ប្រៀប​ដូចជា​ផ្ទះរួមមួយ។ ប្រជាពលរដ្ឋជួបជុំ ប្រមូលផ្ដុំគ្នានៅទីនោះមិនត្រឹមតែ​សម្រាប់​បុណ្យសាសនា ឬពិធីបុណ្យសពទេ​ ប៉ុន្តែសម្រាប់ពិធីបុណ្យជា​លក្ខណៈគ្រួសារគ្រប់ប្រភេទ។

វត្តអារាម បាន​ប្រមូល​អំណោយ​របស់​ពុទ្ធបរិស័ទ​សម្រាប់​ការងារសប្បុរសធម៏។ ទទួល​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត ឬអ្នកពិការរាងកាយ។ ជាកន្លែង​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​អាចឈប់សម្រាក ហើយ​ក៏ផ្ដល់​ជម្រកដល់​អ្នកកាន់សីល ដែលបានសម្រេចចិត្តលះបង់អ្វីៗទាំងអស់ឬមួយផ្នែកនៃជីវិត ដើម្បី​ចូល​ទៅ​បម្រើព្រះសង្ឃ និងសាសនា ដូចជាស្ត្រីចាស់ៗ និងស្ត្រីមេម៉ាយ ដែល​ទៅរស់​នៅទីនោះ​ជាអចិន្ត្រៃយ៍។

ចាប់តាំងពីឆ្នាំ១៩៧៥ មក សាលារៀនមិនមែនជាផ្នែកនៃវត្តអារាមទៀត​ទេ នៅពេល​ដែលការ​បញ្ជូន​ក្មេង​ឱ្យទៅរៀននៅសាលា ត្រូវបានកំណត់ថាជា​កាតព្វកិច្ចដោយព្រះរាជក្រឹត្យឆ្នាំ១៩១១។

តួនាទីរបស់វត្តអារាមខុសគ្នាពីព្រះវិហារក្នុងគ្រិស្តសាសនា ដែលកសាងអគារឡើង​នៅកណ្តាល​ភូមិ​សម្រាប់​តែពិធីបុណ្យជាក់លាក់ណាមួយ​តែប៉ុណ្ណោះ។

ការសាងសង់វិហារថ្មីជាការធ្វើបុណ្យ

ការកសាងវត្តអារាម និង​ការសាងសង់​អគារផ្សេងៗ​ជាប្រចាំ​ជា​បែបពុទ្ធសាសនា​នៅក្នុង​ប្រទេស​កម្ពុជា ជាលទ្ធផលផ្ទាល់​នៃកំណើនប្រជាជន ហើយការផ្តល់ថវិកាត្រូវបានគេចាត់ទុកថាជាការ​ធ្វើបុណ្យ ជាពិសេស​ការ​កសាងអគារថ្មីណាមួយ។

ចាប់តាំងពីប្រទេសកម្ពុជាបានក្លាយជាប្រទេស​មួយ​ដែលកំពុង​អភិវឌ្ឍ​ពីចុងសតវត្សរ៍ទី ១៩ មក តម្រូវការ​សាងសង់​វត្តអារាមបានកើនឡើងជាប្រចាំ ហើយបាន​បន្តរហូត​ដល់ដើម​ទសវត្សរ៍ឆ្នាំ​១៩៧០។ បន្ទាប់​មកតម្រូវការនេះ​បានចាប់ផ្ដើមកើនឡើងវិញ​នៅដើមទសវត្សរ៍​ឆ្នាំ ១៩៩០ ដោយ​សារ​ហេតុផល​ដ៏​សំខាន់បំផុត​ពីការខ្វះទីកន្លែង​សម្រាប់ជាទីសក្ការបូជា​នៅក្នុងតំបន់ប្រជុំជន ដែល​ប្រជាពលរដ្ឋ​មាន​ការកើន​ឡើង។

មាន​កត្តាផ្សេង​ទៀតដែលនាំឱ្យមានការបង្កើតឬការកសាងឡើងវិញ ឧទាហរណ៍ការដួលរលំ​ទីសក្ការបូជា​ដែល​សាងសង់ជាប់នឹងច្រាំងទន្លេ។

ជំនឿដែលបានរីកសាយភាយយ៉ាងទូលំទូលាយក៏បានបញ្ជាក់ថា ការកសាងវិហារថ្មីៗ បាន​បុណ្យ​កុសល​ច្រើន​ជាងការផ្តល់ថវិកាជួសជុល​វិហារចាស់ៗ។ ដែលជាហេតុ​នាំឱ្យខ្វះការ​ថែទាំដល់​រចនាសម្ព័ន្ធ​របស់វិហារ និង​ធ្វើឱ្យមាន​ការបំផ្លាញ​កម្ទេចចោល​វិហារចាស់ៗ​ជាប្រចាំ។

តាមប្រពៃណីនៅសម័យ​ដែលវិហារសង់ពីឈើ គេច្រើនដាំដើមគគីរ​នៅជុំវិញវិហារដែល​ទើបនឹងសាងសង់ថ្មី ព្រោះ​គេយក​ដើមវា​ធ្វើសសរ តែត្រូវរង់ចាំប្រហែល ៧០ ឆ្នាំ ទើបអាចយកដើមគគីរនោះ មក​សង់​វិហារថ្មី​បាន។ ទំនៀមទម្លាប់​ការសាងសង់វិហារឡើងវិញជាប្រព័ន្ធនេះ អាចប្រាប់​យើង​ពីមូលហេតុ​ដែល​មាន​វិហារបុរាណនៅសេសសល់​មានចំនួនតិចតួចនៅកម្ពុជាសព្វថ្ងៃនេះ។

វាជារឿង​មួយ​ចម្លែក​ដែរ ដែល​នៅពេល​ប្រទេស​កម្ពុជាស្ថិតក្នុង​ភាព​ច្របូកច្របល់នា​ទសវត្សរ៍​ឆ្នាំ ១៩៧០ វិហារបុរាណមួយចំនួន​ត្រូវបានវាយ​កម្ទេចចោល​ ដែលមានចំនួនប្រហាក់ប្រហែលគ្នា​ដូច​កាល​នៅក្នុងអំឡុង​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៦០​ គឺ​នៅក្នុង​អំឡុង​ពេល​ដែល​មាន​ការពង្រីក​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៉ុន្តែ​ ទំនៀមទម្លាប់ប្រពៃណី​ក៏បាន​អភិរក្ស​​វិហារ​ខ្លះៗដែរ។ ការវាយកម្ទេចវិហារ​ចាស់​ចោល​ដើម្បីសាងសង់វិហារថ្មី អាចធ្វើ​ទៅបានតែក្នុង​ករណី​ដែលវិហារថ្មី​ត្រូវ​សាងសង់​នៅលើ​ទីតាំង​របស់​វិហារ​ចាស់ បើពុំនោះទេគេត្រូវតែ​ថែរក្សា​វិហារ​ចាស់​ឱ្យ​នៅដដែល​ដោយមិនចាំបាច់​ថែទាំ​ជួស​ជុល​ទេ។ វិហារបុរាណចំនួន ១៣ អាចស្ថិត​នៅ​បាន​រហូត​មកទល់​សព្វថ្ងៃនេះ ក៏​ដោយសារ​ក្បួន​ច្បាប់​ដែល​មាន​ចែងនៅក្នុងសៀវភៅនេះដែរ។

នៅក្នុង​ប្រទេសកម្ពុជា វិហារ​ណា​ដែលមានអាយុ​លើសពី ៦០ ឆ្នាំ គឺជា​វិហារបុរាណ គឺ​បណ្តា​វិហារ​ទាំងឡាយ​ណា​ដែលត្រូវបាន​សាងសង់មុន​ទសវត្សរ៍ឆ្នាំ ១៩៧០។ ដូច​នេះហើយក្បាច់​រចនា​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង ជា​មរតក​ដែលស័ក្តិសម​នឹងទទួលស្គាល់​ព្រមទាំងថែរក្សា​ឱ្យបានល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម