Connect with us

ព័ត៌មានជាតិ

Meta (Facebook) បើកយុទ្ធនាការ​​មិន​ធ្លាប់​មាន​នៅ​ភ្នំពេញ ឲ្យ​អ្នកប្រើប្រាស់​ឈប់យល់ច្រឡំ

បានផុស

នៅ

ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook នៅព្រឹកមិញនេះ បានដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃដែលមិនធ្លាប់មាននៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តោតលើអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដោយប្រមូលផ្តុំសិល្បករ វិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។

ព្រឹត្តិការណ៍ដែលបើកដំណើរការជាសាធារណៈចាប់ពីម៉ោង ១ រសៀលថ្ងៃសុក្រទី១០ ខែមិថុនា ដល់ម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ ទី១២ ខែមិថុនា ប្រព្រឹត្តិទៅនៅអគារ The Factory Phnom Penh អគារលេខ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលបើកដំណើរការកម្មវិធីជាផ្លូវការនៅព្រឹកថ្ងៃសុក្រនេះ វិចិត្រករពីររូប គឺលោក FONKI និងលោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍អំពីសិល្បៈរបស់ខ្លួន ដែលបង្ហាញថាតើឯកជនភាព និងសុវត្ថិភាពមានន័យដូចម្តេចចំពោះពួកគេ ដូចដែលត្រូវបានបង្ហាញជូននៅក្នុង គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។

គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេ តាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” (គ្មានការលាក់បាំង)។

អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរ ដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន ដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងប្រទេស ដែលបានជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញ ហើយថែមទាំងនិយាយអំពីបទពិសោធ និងចំណូលចិត្តរបស់ពួកគេផ្ទាល់ទាក់ទងនឹងឯកជនភាព។ អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីនេះតាមរយៈវីដេអូខលពីប្រទេសសិង្ហបុរី។

អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក”  នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព”។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាសនេះពន្យល់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ចំពោះការក្លាយជាភ្លែតហ្វមដែលផ្តោតលើឯកជនភាព ដោយឯកជនភាពមានសារៈសំខាន់ចំពោះរបៀប ដែលគំរូអាជីវកម្មរបស់ក្រុមហ៊ុន Meta ដំណើរការ។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានចូលរួមឆ្លើយសំណួរដ៏រីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសជុំវិញ Facebook ផងដែរ។

លោក ហេង ភក្តី បញ្ជាក់ថា “ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជានិងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Metaក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ”។

ព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះអ្នក” បើកចំហឱ្យមានការចូលរួមជាសាធារណៈដោយសេរីចាប់ពីម៉ោង ១ រសៀលនៅថ្ងៃសុក្រ ទី១០ ខែមិថុនា នៅថ្ងៃសៅរ៍ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមាននៅព្រឹត្តិការណ៍នេះចាប់ពីម៉ោង ១០ព្រឹកដល់ ១២ថ្ងៃត្រង់ និងពីម៉ោង ២រសៀលដល់ម៉ោង ៥ ល្ងាចនៅថ្ងៃទាំងនោះ។

ព្រឹត្តិការណ៍នេះ មានគោលដៅលុបបំបាត់ការយល់ខុសជាទូទៅចំនួន ៥ អំពីឯកជនភាពនៅលើ Facebook។

ការយល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួចយកការណ៍ពីការសន្ទនារបស់ខ្ញុំ។

>ក្រុមហ៊ុន Meta បានប្រញាប់ប្រញាល់លុបបំបាត់ការយល់ខុសនេះ ដោយលើកឡើងថា Facebook នឹងមិនប្រើមីក្រូហ្វូននៅលើទូរស័ព្ទ ដើម្បីលួចស្តាប់ការសន្ទនាក្នុងជីវិតពិតរបស់អ្នកប្រើប្រាស់ទេ។

ការយល់ខុសទី២៖ ខ្ញុំមិនអាចកំណត់ថាតើអ្នកណាមើលឃើញមាតិកាដែលខ្ញុំចែករំលែកនៅលើ Facebook និង Instagram បានទេ។

ការយល់ខុសទី៣៖ ខ្ញុំមិនមានលទ្ធភាពការពារខ្លួនឯងពីក្រុមវាយប្រហារតាមអ៊ីនធឺណិត (Hacker) បានទេ។ 

ការយល់ខុសទី៤៖ ខ្ញុំមិនធ្លាប់មានសុវត្ថិភាពពីការបោកប្រាស់តាមអ៊ីនធឺណិតឡើយ។

ប្រសិនបើអ្នកទទួលបានសារ ឬតំណភ្ជាប់ដែលគួរឱ្យសង្ស័យដូចជា ការផ្ញើសារមកសុំលុយ ការនិយាយថាពួកគេចង់ផ្តល់អំណោយ ឬការគំរាមលុបឬបិទគណនី Facebook ឬ Instagram របស់អ្នក កុំងាយជឿគេពេក ឬកុំចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ ដើម្បីជៀសវាងការធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកបន្លំ។ ប្រសិនបើអ្នកគិតថាអ៊ីមែល ឬសារណាមួយមើលទៅរាងចម្លែក សូមរាយការណ៍វា។

ការយល់ខុសទី៥៖ Newsfeed របស់ខ្ញុំត្រូវបានគ្រប់គ្រងដោយសម្ងាត់ដោយក្រុមហ៊ុន Meta។ News Feeds មិនត្រូវបានគ្រប់គ្រង ឬកំណត់ចំនួនមិត្តភក្តិជាក់លាក់នោះទេ។

អនុសាសន៍អំពីឧបករណ៍ឯកជនភាពចំនួន៥  ដែលអ្នករាល់គ្នាគួរដឹង៖

១. ពិនិត្យមើលឯកជនភាព (Privacy Checkup)៖ តាមរយៈការពិនិត្យមើលឯកជនភាព អ្នកប្រើប្រាស់អាចគ្រប់គ្រងថាតើអ្នកណាដែលអាចមើលឃើញអ្វីដែលពួកគេចែករំលែក ចាត់វិធានការដើម្បីរក្សាគណនីរបស់ពួកគេឱ្យមានសុវត្ថិភាព គ្រប់គ្រងរបៀបដែលអ្នកដទៃអាចស្វែងរកពួកគេនៅលើ Facebook និងគ្រប់គ្រងការកំណត់ទិន្នន័យរបស់ពួកគេ។

២. ផ្លូវកាត់ចូលទៅកាន់ឯកជនភាព (Privacy Shortcuts)៖ នេះគឺជាទីកន្លែងមួយដើម្បីងាយស្រួលចូលទៅកាន់មុខងារគ្រប់គ្រងឯកជនភាព សុវត្ថិភាព និងការផ្សាយពាណិជ្ជកម្មរបស់អ្នក ក៏ដូចជាព័ត៌មាន  Facebook របស់អ្នក។ វាផ្តល់ការពន្យល់កាន់តែច្បាស់អំពីរបៀបដែលឧបករណ៍ទាំងនេះ និងសេវាកម្មរបស់យើងដំណើរការ និងការចូលរហ័សទៅកាន់ការគ្រប់គ្រងដែលស៊ីគ្នា។

៣. គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍គ្រប់គ្រងសកម្មភាពរបស់យើងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើល និងគ្រប់គ្រងការបង្ហោះរបស់ពួកគេក្នុងចំនួនច្រើន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរៀបចំវត្តមានរបស់អ្នកនៅលើ Facebook ។

៤. ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថាតើអ្នកណានឹងមើលឃើញការបង្ហោះដែលពួកគេចែករំលែកនៅលើ Facebook ។

៥. តើអ្នកណាអាចរកមើលខ្ញុំ ? (Who can look me up?)៖ គ្រប់គ្រងថាតើអ្នកណាអាចស្វែងរកអ្នកនៅលើ Facebook ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម