ព័ត៌មានជាតិ
តំបន់អភិរក្សសត្វផ្សោតកម្ពុជា នឹងស្នើជាបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោកនៃអង្គការយូណេស្កូ
ការចូលរួមអភិរក្សសត្វផ្សោត និងជីវៈចម្រុះផ្សេងទៀតរបស់កម្ពុជា គឺដើម្បីរក្សាបានតម្លៃធម្មជាតិជាសកលសម្រាប់ការស្នើតំបន់អភិរក្សទាំងនេះដាក់ជាបញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់អង្គការយូណេស្កូ។ នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ក្នុងសន្និសីទកាសែតស្ដីពីយុទ្ធនាការអន្ទាក់សូន្យនៅខេត្តក្រចេះ កាលពីពេលថ្មីៗនេះ។

លោក នេត្រ ភក្ត្រា លើកឡើងថា ដើម្បីឱ្យតម្លៃជាសកលនៃតំបន់អភិរក្សសត្វផ្សោតកម្ពុជា អាចដាក់ក្នុងបញ្ជីត្រៀមជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន គឺទាមទារការចូលរួមថែរក្សា ការពារ ហើយទប់ស្កាត់ឱ្យខានតែបានការនេសាទខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ហាមឃាត់។
លោកបន្តថា តម្លៃជាសកលនេះ ផ្អែកលើធនធានចម្រុះរបស់កម្ពុជា គឺធនធានធម្មជាតិដែលមាន សត្វផ្សោត ត្រីពូជ សត្វស្លាបប្រភេទកម្រ មានតំបន់ព្រៃលិចទឹក និងកោះ មានក្ដាន់ ទន្សោង ព្រមទាំងមានត្រីជាង ៨០០ប្រភេទ ជាដើម។

ឆ្លៀតក្នុងសន្និសីទនោះ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ សូមអនុវត្តតាមច្បាប់ឲបានត្រឹមត្រូវ កុំនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ឆក់ ឬឧបករណ៍នេសាទផ្សេងទៀតនៅតំបន់ហាមឃាត់ ដើម្បីធានាសុវត្ថិភាពដល់ជីវៈចម្រុះនៅក្នុងទឹក ជាពិសេសសត្វផ្សោត ខណៈបច្ចុប្បន្ននេះ ផ្សោតទឹកសាបកម្ពុជានៅសល់តែចំនួន ៨៩ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក នេត្រ ភក្រ្តា បញ្ជាក់ថា ក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យ មិនមែនត្រឹមតែផ្តោតលើអន្ទាក់នៅលើដីគោក ឬលើអាកាសទេ តែក៏ផ្តោតលើអន្ទាក់ក្នុងទឹកដែរដូចជា មង ឧបករណ៍ឆក់ និងឧបករណ៍នេសាទផ្សេងទៀត ដែលជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាល រកឃើញថា ស្លាប់ដោយជាប់មង និងខ្លះទៀតអាចមកពីការឆក់។
សូមជម្រាបថា កម្ពុជាបានជ្រើសរើសតំបន់អភិរក្សចំនួន ៥ទីតាំង គឺដែនជម្រកសត្វព្រៃព្រែកប្រសព្វ តំបន់ការពារធម្មជាតិភ្នំស្បែង ឧទ្យានជាតិជួរភ្នំក្រវាញ ភ្នំណាមលាវ និងតំបន់អភិរក្សអន្លង់ផ្សោតព្រែកកាំពី ដើម្បីស្នើសុំដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ។
តែការសម្រេចចុងក្រោយ មានតែតំបន់អភិរក្សអន្លង់ផ្សោតព្រែកកាំពី និងតំបន់ការពារធម្មជាតិភ្នំស្បែង ត្រូវបន្តនីតិវិធី សម្រាប់ការស្នើដាក់ជាបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


