Connect with us

ព័ត៌មានជាតិ

មេឃុំព្រែកខ្សាច់ នឹងបន្តប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលសេសសល់កាលពីអាណត្តិចាស់

បានផុស

នៅ

លោកមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង នឹងបន្តប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធដែលនៅសេស សល់កាលពីអាណត្តិទី ៤ឲ្យកាន់តែល្អប្រសើរ តបតាមសេចក្តីត្រូវការចង់បាន របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោក រៀម រុំ មេឃុំព្រែកខ្សាច់ ដែលជាប់ឆ្នោតអាណត្តិទី ៥ ដោយការបោះឆ្នោត លើកឡើងក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ កាលពីថ្ងៃទី ៧ ខែកក្កដា ថា បច្ចុប្បន្ន បញ្ហាកង្វះភ្លើងអគ្គិសនី មណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងអគារសិក្សាកម្រិតអនុវិទ្យាល័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក រៀម រុំ មេឃុំព្រែកខ្សាច់ ដែលបានជាប់ឆ្នោត ២អាណត្តិនេះ អះអាងថា នឹងខិតខំធ្វើយ៉ាងណាសម្របសម្រួលគៀគរថវិកា សម្ភារៈផ្សេងៗ ឬលើសំណើទៅកាន់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងរដ្ឋបាលខេត្តកោះកុង ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ខណៈផែនការអភិវឌ្ឍន៍នេះជាតម្រូវការចង់បាន របស់ប្រជាពលរដ្ឋជាយូរឆ្នាំមកហើយ។

កន្លងទៅ មូលដ្ឋានឃុំព្រែកខ្សាច់ បានពុះពារជម្នះរាល់បញ្ហាប្រឈមនានា លើដំណើរការអភិវឌ្ឍន៍តាមជំហាននីមួយៗ នៃគម្រោងមូលនិធិឃុំ និងការឧបត្តម្ភពីអ្នកឧកញ៉ា លី យ៉ុងផាត់ ទើបសមិទ្ធផលជាច្រើនបានផុសជារូបរាងជាបន្តបន្ទាប់ ដើម្បីបម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋ មិនថាតែផ្លូវគមនាគ​មន៍ធ្វើដំណើរ ផ្លូវបេតុង សេវាទូរស័ព្ទ ភ្លើងអគ្គិសនី អគាររដ្ឋបាលឃុំ សាលាបឋមសិក្សា និងវត្តអារ៉ាមជាដើម។

ដោយឡែក លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង ថ្លែងដែរថា បញ្ហាមានសុខភាព ទឹកស្អាត និងភ្លើងអគ្គិសនី លោកនឹងសុំគោលការណ៍បន្ថែមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយធ្វើយ៉ាងណា ជួយសម្របសម្រួលឲ្យមានជាមណ្ឌលសុខភាព ទឹក និងភ្លើងអគ្គិសនី តភ្ជាប់ចូលដល់លំនៅដ្ឋានពលរដ្ឋ។

ដើម្បីភាពប្រទាក់ក្រឡាគ្នា លោកអភិបាលរងខេត្តកោះកុង ជំរុញដល់ស្នៀនឃុំ និងរដ្ឋបាលឃុំព្រែកខ្សាច់ ចាំបាច់រួមសហការគ្នាផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងឆាប់រហ័សទាន់ពេលវេលា ស្របតាមបទដ្ឋានគតិយុត្តនានា ហើយបង្កើនសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាញប្រយោជន៍ ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ករណីពុំអាចដោះស្រាយបាន ត្រូវសុំគោលការណ៍ទៅកាន់លោកអភិបាលស្រុកគិរីសាគរភ្លាមៗ កុំទុកបញ្ហាចោទគ្នាការដោះស្រាយ។

ទាក់ទិននឹងបញ្ហាជំងឺកូវីដ លោក ឃឹម ច័ន្ទឌី ក៏លើកចិត្តដល់អាជ្ញាធរឃុំ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅទទួលថ្នាំវ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស តមការអំពាវនាវរបស់រដ្ឋបាលខេត្ត និងប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យឲ្យមានភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ការរីករាលដាលជំងឺនេះឡើងវិញជាថ្មី៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម