Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​ទេសចរណ៍​៖ ពីមុន​ពលរដ្ឋ​រត់​ទៅ​រក​វ៉ាក់សាំង ឥឡូវ​វ៉ាក់សាំង​រត់​ទៅរក​ពលរដ្ឋ

បានផុស

នៅ

ថ្លែង​ចំពោះមុខ​​ម្ចាស់​អាជីវកម្ម​ជាង ១០០ នាក់​កាល​ពី​ម្សិលមិញ លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ដល់​ម្ចាស់​អាជីវកម្ម​បន្ត​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​វិធានការ SOP ក្នុង​នោះ​ត្រូវ​ណែនាំ​ឲ្យ​បុគ្គលិក​ចាក់​វ៉ាក់សាំង​​ឲ្យ​បាន​គ្រប់គ្នា ​ដើម្បី​ការពារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩។

លោក​ ម៉ម វាសនា បាន​លើក​ឡើង​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​ហាក់​មាន​ភាព​ធូរ​ស្រាល​ ស្រប​​ពេល​មាន​ការ​យល់​ដឹង​លើ​ការ​ប្រើប្រាស់​ឱសថ​ព្យាបាល​ផង​នោះ ពលរដ្ឋ​មួយ​ចំនួន​មិន​សូវ​រវីរវល់​លើ​ការ​បង្ការ​និង​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូច​​យុទ្ធនាការ​ដំបូងៗ​នោះ​ទេ។​

លោក ម៉ម វាសនា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ប្រធាន​មន្ទីរ ពលរដ្ឋ​នាំគ្នា​សម្រុក​​ទៅ​​ចាក់វ​៉ក់សាំង​ដូស​ដំបូង ប៉ុន្តែ​អត្រា​​​អ្នក​​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​មិន​ឈូឆរ​ដូច​មុន ខណៈ​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស​ជំរុញ​​ដល់​ដូស​ទី ៥ ដល់​ពលរដ្ឋ​ទូទៅ​ទៅ​ហើយ។

លោក​ម៉ម វាសនា បាន​លើក​ឡើង​ថា ពី​មុន​ពលរដ្ឋ​រត់​ទៅ​រក​វ៉ាក់សាំង ឥឡូវ​នេះ​ស្ថានភាព​ផ្លាស់ប្ដូរ​គឹ​វ៉ាក់សាំង​រត់​ទៅ​រក​ពលរដ្ឋ​វិញ​ម្តង។

លោក​អំពាវនាវដល់​ម្ចាស់​អាជីវកម្ម​ជម្រុញឲ្យបុគ្គលិកបន្តចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅទីតាំងអាជីវកម្ម​របស់ខ្លួន។

ជាមួយគ្នានេះ​ដែរ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា បើ​មាន​បង​ប្អូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​ស្នើ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក្រុម​គ្រូពេទ្យ​នឹង​ចាត់​ក្រុម​ការងារ​ចុះ​ទៅ​ចាក់​វ៉ាក់សាំង​ដល់​ទី​កន្លែង​ដោយ​ឥត​គិត​ថ្លៃ មិន​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ​មក​មណ្ឌល​​ដូច​មុន​ទៀត​ទេ។

លោក​ម៉ម វាសនា បាន​បន្ថែម​ថា ការ​ចាក់វ៉ាក់សាំង​ក៏ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត SOP ដែលក្រសួង​ទេសចរណ៍​បាន​ដាក់​ក្នុងការ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។​ ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ នេះ ការ​ដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ SOP ជា​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​អាជីវកម្ម​ផ្នែក​សេវា​ទេសចរណ៍​ទាំងអស់ ត្រូវតែអនុវត្តតាម​និងជាលក្ខខណ្ឌ​ភ្ជាប់​សម្រាប់​ការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​អាជីវកម្មទេសចរណ៍ផងដែរ។

គួរ​បញ្ជាក់​ថា មន្ទីរទេសចរណ៍​រាជធានី​ភ្នំពេញ បាន​បើក​​វគ្គ​ផ្សព្វផ្សាយ “ច្បាប់​ស្ដីពី​ទេសចរណ៍” និងយន្តការ​ផ្ដល់​អាជ្ញាបណ្ណ​នៅអង្គភាព​ច្រកចេញចូល​តែមួយ និងការ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​​អប្បបរមា (SOP) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។

លោក ឆាយ មុន្នីសិលា មន្រ្តី​ក្រសួងទេសចរណ៍បាន​ឲ្យ​ដឹង​ថា​ វគ្គ​ផ្សព្វផ្សាយ​នេះ​ដើម្បី​បញ្រ្ជាប​ការ​យល់ដល់​ដឹងដល់​ម្ចាស់​​អាជីវកម្ម​ លើការ​​ចុះ​បញ្ជី​អាជ្ញាបណ្ណ​អាជីវកម្មទេសចរណ៍។

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​ពង្រឹង​ការគ្រប់គ្រង​អាជ្ញាបណ្ណ​ទេសចរណ៍​ចាប់ពីឆ្នាំ២០១៨ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ​អូសបន្លាយ ទើប​មានការ​យោគយល់ខ្លះ តែ​ក្រសួង​នឹង​បន្ត​ជំរុញ​ឲ្យ​អាជីវកម្ម​ទេសចរណ៍ទាំងអស់ ត្រូវ​ទៅ​ចុះប​ញ្ជី​​ដើម្បី​​ទទួល​បាន​ភាព​​ស្របច្បាប់​លើដំណើរការ​អាជីវកម្មរបស់ខ្លួន។

កញ្ញា នី សៀវហ៊ុន ប្រធាន​ការិយាល័យ​ទីក្រុង​ស្អាត ទទួល​បន្ទុក​លើ​វិស័យ​ទេសចរណ៍​នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ច្រក​ចេញ​ចូល​តែ​មួយ​ប្រមូល​ផ្តុំ​សេវា​រដ្ឋបាល​នានា​នៅ​កន្លែង​តែមួយ​ គ្មាន​នីតិវិធី​ស្មុគស្មាញ​ឆ្លើយតប​ការ​ស្នើ​សុំ​សេវា​នានា​របស់​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​អាច​មក​រក​សេវា​នៅ​ច្រក​ចេញ​តែ​មួយ​នៅ​ថ្នាក់​ស្រុក​ខណ្ឌ ឬ​រាជធានី​ខេត្ត​ ដើម្បី​ស្នើ​សុំ​អាជ្ញាបណ្ណ​អាជីវកម្ម​នានា​រួមទាំង​​អ្នក​ដែលប្រកប​អាជីវកម្ម​លើវិស័យ​ទេសចរណ៍។

កញ្ញា​បន្ត​ថា រយៈពេល​ដំណើរការ​នៃ​នីតិវិធី​ផ្តល់​លិខិត​អនុញ្ញាតអាជីវកម្ម​ទេសចរណ៍​​គឺមាន​​រយៈពេល ២៨ ថ្ងៃ ដោយ​ក្រុម​ការងារ​នឹង​ពិនិត្យ​ឯកសារ និង​ចុះ​ត្រួត​ពិនិត្យ​បច្ចេកទេស​លើ​ទីតាំង​ជាក់ស្តែង មុន​ចេញ​លទ្ធផល​សម្រេច​ឬ​ផ្តល់​លិខិត​អនុញ្ញាតិ។

បើ​យោង​តាម​ច្បាប់​ស្តី​ពី​ទេសចរណ៍ បាន​កំណត់​អាជីវកម្ម ៩ ប្រភេទ​ជា​ប្រភេទ​អាជីវកម្ម​ទេសចរណ៍​ស្រប​តាម​ប្រកាស​រួម​រវាង​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ អាជីវកម្ម​ទេសចរណ៍​ទាំង ៩ រួម​មាន​ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ និង​សេវា​ស្នាក់នៅ ស្ប៉ា​និង​ម៉ាស្សា​សុខភាព សេវាកម្ម​កម្សាន្ត​ទេសចរណ៍​ មគ្គុទ្ទេសក៍​ទេសចរណ៍ កីឡា​ទេសចរណ៍ ភោជនីយដ្ឋាន​និង​អាហារដ្ឋាន​ទេសចរណ៍​ ដឹក​ជញ្ជូន​ទេសចរណ៍​ និង​រមណីយដ្ឋាន​ទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម