Connect with us

ព័ត៌មានជាតិ

មកដឹងលក្ខខណ្ឌ​បើកផ្ទះសំណាក់ សណ្ឋាគារ ត្រូវ​ស្នើ​ត្រឹម​ខណ្ឌ ក្រុង ឬក្រសួង?

បានផុស

នៅ

នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយស្តី​​ពី “ច្បាប់​ទេសចរណ៍” និងយន្តការ​ផ្ដល់​អាជ្ញាបណ្ណ​នៅអង្គភាព​ច្រកចេញចូល​តែមួយ ​​បាន​បង្ហាញ​​ពី​នីតិវិធី​ ដើម្បីស្នើ​សុំ​អាជ្ញាបណ្ណ​សម្រាប់មូលដ្ឋាន​អាជីវកម្ម​លើ​វិស័យទេសចរណ៍។

នៅ​ចំពោះមុខម្ចាស់អាជីវកម្មប្រមាណ ១០០ នាក់ ដែល​រៀបចំឡើង​នៅសាលាខណ្ឌទួលគោក កញ្ញា នី សៀវហ៊ុន ប្រធានការរិយាល័យទីក្រុងស្អាត និងទទួលបន្ទុកការងារលើវិស័យទេសចរណ៍នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅ​ថ្នាក់ក្រោមជាតិ ដើម្បីសម្រួលការ​ផ្តល់​សេវារដ្ឋបាលដល់​ប្រជាពលរដ្ឋ​។

តាម​រយៈ​ការ​បង្កើត​ច្រក​ចេញ​ចូលតែ​មួយ​នៅ​ថ្នាក់​ស្រុក​ខណ្ឌ និង​​រាជធានី​ខេត្ត​ដើម្បី​សម្រួល​និង​បង្ខិត​សេវា​ដល់​មូលដ្ឋាន​​ប្រជា​ពលរដ្ឋ​ ងាយស្រួល​ស្វែង​រក​ការ​​​ស្នើ​សុំ​បញ្ជាក់​លិខិត​ស្នាម​នានា និង​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាតិ​​ក្នុង​ការ​បើក​ដំណើរការ​អាជីវកម្មផ្សេងៗ​។

​ពាក់ព័ន្ធការ​ស្នើ​សុំ​អាជ្ញាបណ្ណ​លើ​វិស័យទេសចរណ៍ កញ្ញា នី សៀវហ៊ុន បាន​បញ្ជាក់​ថា បែងចែកជា ៣ កម្រិតទៅតាមប្រភេទនិង​ទំហំអាជីវកម្ម។

អាជីវកម្ម​វិស័យទេសចរណ៍​ដែល​មាន​ដូចជា ការ​បើក​ផ្ទះសំណាក់ ភោជនីដ្ឋាន ហាងកាហ្វេ កន្លែងម៉ាស្សាសុខភាពជាដើម ការ​ស្នើសុំ​អាជ្ញាបណ្ណ​ត្រូវ​បែងចែក​ទៅតាមកម្រិតខុសៗ​គ្នា​ ដោយកម្រិតតូចត្រូវសុំនៅថ្នាក់ខណ្ឌ កម្រិតមធ្យមត្រូវ​ស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរាជធានី/ខេត្ត និងកម្រិតធំស្នើសុំនៅថ្នាក់ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តី​រូបនេះ​បានលើក​ឧទាហរណ៍​​ដូចជា​ សណ្ឋាគារ បឹងហ្គាឡូ ម៉ូតែល​ ផ្ទះសំណាក់ ​ដែលបើ​ក​លក្ខណៈខ្នាតតូចក្រោម ៨ បន្ទប់ត្រូវទៅសុំនៅថ្នាក់ខណ្ឌ តែ​បើ​ចាប់ពី ៨ ដល់ ២០ បន្ទប់ ត្រូវសុំនៅរដ្ឋបាលរាជធានី/ខេត្ត ហើយលើសពី ២០ បន្ទប់ឡើងទៅត្រូវទៅសុំអាជ្ញាបណ្ឌផ្ទាល់នៅក្រសួងទេសចរណ៏។ សម្រាប់ភោជនីដ្នាន អាហារដ្ឋាន ដែលចំណុះកៅអីចាប់ពី ១ ទៅដល់ ៥០កៅអី ត្រូវសុំនៅរដ្ឋបាលថ្នាក់ខណ្ឌ ចាប់ពី ៥១ ទៅដល់ ១០០កៅអី ត្រូវទៅស្នើសុំនៅរដ្ឋបាលរាជធានី/ខេត្ត ហើយចាប់ពី ១០១ កៅអីឡើងទៅ ត្រូវទៅស្នើសុំនៅក្រសួងទេសចរណ៍។

សម្រាប់កន្លែងម៉ាស្យាសុខភាព អាចស្នើសុំអាជ្ញាបណ្ណ​នៅរដ្ឋបាលថ្នាក់ខណ្ឌបើ​ចំណុះក្រោម ០៦ គ្រែ តែចំណុះចាប់ពី ៦ ដល់ ១០ គ្រែ ត្រូវទៅស្នើសុំនៅរដ្ឋបាលរាជធានី។ ដោយឡែក​ សេវា​ស្ប៉ា​គ្រប់​កម្រិត​ត្រូវ​សុំ​នៅរដ្ឋបាលរាជធានី/ខេត្ត។

សម្រាប់ការបើកអាជីវកម្ម ក្លិប ខារ៉ាអូខេ បៀហ្គាឌិន រង្គសាល គឺក្រសួងបានឲ្យប្រតិភូកម្មមកឲ្យខាងរដ្ឋបាលរាជធានីភ្នំពេញជាអ្នកគ្រប់គ្រង។ ប៉ុន្តែកញ្ញា នី សៀវហ៊ុន បាននិយាយថា បើ​ករណីស្ថិតនៅក្នុងសណ្ឋាគារលំដាច់ផ្កាយឡើងទៅ ត្រូវទៅស្នើសុំអាជ្ញាប័ណ្ឌនៅក្រសួងទេសចរណ៏។

កញ្ញា នី សៀវហ៊ុន បាន​បន្ត​ថា ដើម្បី​ការពារ​ការ​ខាត​បង់ ម្ចាស់​អាជីវកម្ម​ត្រូវ​រៀបចំ​សំណើ​ឲ្យ​បាន​ច្បាស់លាស់​ថាអាជីវកម្ម​របស់ខ្លួន​ស្ថិត​នៅ​កម្រិត​ណា​ ដែល​ត្រូវ​​​ស្នើ​ត្រឹម​ខណ្ឌ រាជធានី​ខេត្ត ឬ​ត្រូវ​ទៅ​ក្រសួង​ ដើម្បី​ចៀសវាង​ខាត​បង់​លុយកាក់ និង​ខាត​ពេល​វេលា។

លោក ឆាយ មុន្នីសិលា មន្ត្រីទេសចរណ៍រាជធានីភ្នំពេញ​បានគូសបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាល​កំពុង​ពង្រឹង​ការគ្រប់គ្រង​អាជ្ញាបណ្ណ​ទេសចរណ៍​ចាប់ពីឆ្នាំ២០១៨ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ​អូសបន្លាយ ទើប​មានការ​យោគយល់ខ្លះ តែ​ក្រសួង​នឹង​បន្ត​ជំរុញ​ឲ្យ​អាជីវកម្ម​ទេសចរណ៍ទាំងអស់ ត្រូវ​ទៅ​ចុះប​ញ្ជី​​ដើម្បី​​ទទួល​បាន​ភាព​​ស្របច្បាប់​លើដំណើរការ​អាជីវកម្មរបស់ខ្លួន។

យោងតាមមាត្រា ៦៥ រាល់បុគ្គលណា​ដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាបណ្ណ​ ត្រូវពិន័យជាទឹកប្រាក់អប្បបរមាចាប់ពី ២ លានរៀន ដល់ ២០លានរៀល។ ក្នុងមាត្រាទី៧១​ ក៏​បានចែងដែរ​ថា រាល់ប្រតិករទេសចរណ៍ដែលមិនអនុញ្ញាត ឬរារាំង​មន្ត្រីអធិការកិច្ចទេសចរណ៍បំពេញការងារ នោះក្នុងច្បាប់ត្រូវទទួលពិន័យអន្តការណ៍ជាប្រាក់ពី ១ លានរៀល ទៅដល់ ១០លានរៀល​ ដោយមិនគិតដល់វិធានការរដ្ឋបាលផ្សេងទៀត ក្នុងករណីមិនរាងចាលត្រូវពិន័យជាប្រាក់ទ្វេដង។

គួរបញ្ជាក់ថា តាមមាត្រាទី៧២ ជនណាដែលបង្កឲ្យមានបទល្មើស ឬការពារអាជីវកម្មទេសចណ៍ ដែលប្រព្រឹត្តរំលោភនិងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវប្រឈមមុខនិងទណ្ឌកម្មខាងរដ្ឋបាលឬការទទួលខុសត្រូវខាងព្រហ្មទណ្ឌ និងសំណងរដ្ឋបវេណី ដែលមានចែងដោយច្បាប់ និងបទបញ្ញត្តិដែលមានជាធរមានផ្សេងៗ។

បើ​យោង​តាម​ច្បាប់​ស្តី​ពី​ទេសចរណ៍ បាន​កំណត់​អាជីវកម្ម ៩ ប្រភេទ​ជា​ប្រភេទ​អាជីវកម្ម​ទេសចរណ៍​ស្រប​តាម​ប្រកាស​រួម​រវាង​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ អាជីវកម្ម​ទេសចរណ៍​ទាំង ៩ រួម​មាន​ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ និង​សេវា​ស្នាក់នៅ ស្ប៉ា​និង​ម៉ាស្សា​សុខភាព សេវាកម្ម​កម្សាន្ត​ទេសចរណ៍​ មគ្គុទ្ទេសក៍​ទេសចរណ៍ កីឡា​ទេសចរណ៍ ភោជនីយដ្ឋាន​និង​អាហារដ្ឋាន​ទេសចរណ៍​ ដឹក​ជញ្ជូន​ទេសចរណ៍​ និង​រមណីយដ្ឋាន​ទេសចរណ៍៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម