ព័ត៌មានជាតិ
ស្វែងយល់ពីសំណង់ភ្ជាប់សាសនាសម័យបុរាណ មានលក្ខណៈយ៉ាងណាខ្លះ?
សាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចងក្រងឯកសារស្រាវជ្រាវពីសំណង់សាធារណភ្ជាប់សាសនាកាលពីសម័យបុរាណ។
ឯកសារស្រាវជ្រាវនេះបានរំលេចពីសំណង់ផ្សេងៗ ដែលសាងសង់ផ្សាភ្ជាប់ជំនឿសាសនារបស់បុព្វបុរសខ្មែរដែលមួយចំនួននៅតែបន្សល់ទុកជាស្លាកស្នាមមកដល់បច្ចុប្បន្ន។
សំណង់សាធារណ៍ភ្ជាប់និងសាសនា
ប្រាសាទមេបុណ្យ
ជាប្រាសាទដែលគេសាងសង់ឡើងនៅកណ្តាលបារាយដូចជានៅយសោធរតដាក (សព្វថ្ងៃហៅថាថ្នល់បារាយ) និងនៅបារាយទឹកថ្លាជាដើម។

ប្រាសាទមេបុណ្យនៅកណ្តាលបារាយទឹកថ្លា ស.វ.ទី១១
ហោបន់ស្រន់
ជាប្រាសាទសាងអំពីថ្មសម្រាប់តម្កល់ព្រះពុទ្ធរូប ពិសេសព្រះពុទ្ធដែលជាគ្រូថ្នាំ (ជាភាសាសំស្ក្រឹតហៅថា “ភៃសជ្យគុរុ”) ហើយទំនងជាគេសាងនៅក្នុងបរិវេណមន្ទីរព្យាបាលរោគ។
សំណង់របៀបនេះ យើងឃើញមាននៅតាមផ្លូវបុរាណធំៗហើយជួនកាលនៅក្បែរនឹងប្រាសាទ ឬបន្ទាយ ឬមួយក្រុងនានាផង។

ប្រាសាទតាព្រហ្មកិល ស.វ.ទី១២ ជាហោបន់ស្រន់ នៃមន្ទីរពេទ្យ នៅមុខអង្គរវត្ត
ហោបន់ស្រន់នៃសាលាសំណាក់
ជាប្រាសាទឬហោសាងអំពីថ្ម ច្រើនមានកំពូលប៉មមួយខ្ពស់បន្តិច និងមានដំបូលទាបលយចេញវែងទៅមុខព្រមទាំងមានជញ្ជាំងនិងបង្អួចជាជួរនៅសងខាងផង។
សំណង់នេះទំនងសម្រាប់តម្កល់ព្រះពុទ្ធរូប ហើយសាងសង់នៅក្បែរសាលាធ្វើអំពីឈើសម្រាប់ឱ្យអ្នកដំណើរស្នាក់បណ្តោះអាសន្ន។ សំណង់បែបនេះមាននៅតាមផ្លូវបុរាណធំៗ និងជួនកាលនៅក្បែរប្រាសាទផងដែរ។

សំណង់សាសនា
ពើង
ជាផ្ទាំងថ្មនៅតាមភ្នំ ហើយមានរាងលយចេញមកក្រៅដូចជាដំបូលធម្មជាតិ និងមានកន្លែងខាងក្រោមផ្ទាំងថ្មនោះអាចឱ្យមនុស្សជ្រកកោនបាន (នៅតំបន់ខ្លះគេហៅថា “រាយ” ឬ “ល្អាង” ជាដើម)។ ពើងរបៀបនេះឃើញមានច្រើននៅភ្នំគូលែន ហើយគេប្រើជាកន្លែងសក្ការបូជា ខ្លះមានគំនូរឬចម្លាក់ផ្សេងៗតាំងពីសម័យបុរាណមក និងជូនកាលជាកន្លែងជ្រកអាស្រ័យនៅបណ្តោះអាសន្នសម្រាប់អ្នកតាំងសីលនានាដែរ។

ពើងគំនូរនៅភ្នំគូលែន
រូងភ្នំ
ជារូងធំៗឬល្អាងនៅតាមភ្នំ ដែលមនុស្សអាចចេញចូលបាន និងមានទីធ្លាសមល្មម គឺគេរៀបចំឲ្យទៅជាកន្លែងគោរពបូជា មានតម្កល់រូបព្រះផ្សេងៗ ឬជាទីអាស្រ័យនៅដើម្បីធ្វើធម៌អាថិជាដើម។ រូងរបៀបនេះ ជួនកាលកើតឡើងដោយធម្មជាតិ គ្រាន់តែមនុស្សទៅរៀបចំបន្ថែមប៉ុណ្ណោះ។
ជួនកាលទៀតជារូងកើតឡើងពីមនុស្សដាប់លុងតាំងពីសម័យបុរាណដូចជា នៅភ្នំដាស្រុកអង្គរបុរី ខេត្តតាកែវជាដើម គឺមានរូងមួយចំនួនមានមុខចំហធំ និងរូងខ្លះមានការច្នៃធ្វើជាជញ្ជាំងច្រកទ្វារ និងខ្លោងទ្វារនាសម័យក្រោយៗមកទៀតក៏មាន។

រូងភ្នំកើតឡើងតាមធម្មជាតិនៅភ្នំឈ្ងោក ខេត្តកំពត
អាស្រម
ជាហោឬសំណង់ដែលជាជម្រកសម្រាប់អ្នកបួសគង់នៅរៀនឬធ្វើធម៌ ឬមួយជាកន្លែងសក្ការបូជា។ យើងពុំឃើញមានសេសសល់អាស្រមនោះមានរូបរាង និងទំហំយ៉ាងដូចម្តេចទេ តែតាមសិលាចារិកខ្លះមាននិយាយពីការសាងអាស្រមជាច្រើន។ ឧទាហរណ៍ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី ១ ជាដើម។
ប្រាសាទ
ពាក្យថា “ប្រាសាទ” គឺជាពាក្យទូទៅហៅលើប្រាសាទអ្វីក៏បានដូចយើងដឹងស្រាប់។ តាមពិតពាក្យនេះអាចបកស្រាយថា ជាវាំងដែលជាលំនៅទេពក៏បាន ដ្បិតទេពក៏ត្រូវមានផ្ទះសម្បែងដូចតែមនុស្សដែរ គ្រាន់តែលំនៅនោះគេជឿថាមានភាពត្រចះត្រចង់។ តែប្រាសាទនានាមានរូបរាងនិងទំហំខុសៗគ្នា។
ជួនកាលគ្រាន់តែជាតួប៉មមួយទោលតែឯងគ្មានអ្វីនៅជុំវិញឡើយ ក្រៅអំពីកសិន្ទុទឹកព័ទ្ធជុំវិញឬស្រះទឹកដែលនៅពីមុខនោះ។ ពេលនោះពុំសូវឮគេហៅថា “ប្រាសាទ” ឡើយ គឺគេច្រើនហៅថា “គុក”។ រីឯពាក្យ “គុក” នេះ ដើមឡើយសំដៅទៅលើអ្វីមួយដែលក្រហូងក្នុង តែមានអ្វីបិទជុំជិតពុំល្ហល្ហេវ។ ដូច្នេះហើយបានជាចង្ក្រានដែលរាងក្រឡូម មានច្រកតែនៅកន្លែងញាត់ឧសសម្រាប់រម្ងាស់ទឹកត្នោតធ្វើស្ករ ក៏គេហៅថា “គុក” ដែរ។
បើអគារដែលខាងក្នុងជាទីចង្អៀតពុំសូវមានពន្លឺ ហើយបិទទ្វារចេញចូលជាសាធារណពុំបាន ដែលគេធ្វើសម្រាប់តែដាក់អ្នកទោសក៏គេហៅថា “គុក” ដូចគ្នា។ សរុបមក “គុក” ជាទីដែលឃ្លុបពុំមានអ្វីឆ្លងកាត់ហើយងងឹតៗ។
ហេតុនេះហើយ បានជាគេហៅប៉មប្រាសាទដែលទោលថា “គុក” ដ្បិតកាលនៅថ្មី ប្រាសាទពុំមានពន្លឺប៉ុន្មានឡើយនៅខាងក្នុង ព្រោះដំបូលក៏ជិត ហើយតែងមានទ្វារឈើបិទជិតទៀតផង បើបើកម្តងៗគឺសម្រាប់តែធ្វើកិច្ចពិធី។
អត្ថន័យនៃ “គុក” នៅទីនេះ មិនខុសអ្វីពីផ្ទៃម្តាយប៉ុន្មានឡើយ ដូច្នេះហើយបានជាភាសាសំស្រ្កឹតហៅគុកថាជា “គភ៌” ដែរ។
ការយល់ឃើញរបស់យើងសព្វថ្ងៃមិនត្រូវនឹងតួនាទីដែលអ្នកសាងជំនាន់បុរាណគិតមកឡើយ។ ឧទាហរណ៍ យើងមើលឃើញថា ព្រះហរិហរនៅប្រាសាទអណ្តែតក្នុងខេត្តកំពង់ធំមានសោភ័ណភាពជាសិល្បៈឥតខ្ចោះ ហេតុដូច្នេះយើងយកមកតាំងក្នុងសារមន្ទីរដែលទូលាយបន្តិច អាចឲ្យអ្នកទស្សនាដើរក្រឡឹងជុំវិញបានងាយ ហើយមានទាំងបញ្ចាំងភ្លើងដើម្បីឲ្យមើលក្បាច់ក្បូរបានសព្វគ្រប់។
ប៉ុន្តែកាលដែលគេកសាងរូបនេះនៅស.វ.ទី ៨ គឺពុំមែនសម្រាប់ដូច្នោះឡើយ។ គេសាងរូបនេះសម្រាប់ដាក់ក្នុងគុកមួយបិទទ្វារជិត បើកឃើញម្តងៗសម្រាប់តែធ្វើកិច្ច ពុំមែនសម្រាប់ដើរមើលក្នុងន័យថាជាវត្ថុសិល្បៈឡើយ។
បើប្រាសាទតែមួយដែលជាទីប្រជុំនៃអគារខុសៗគ្នាច្រើន ហើយមានកំពែងទាបឬខ្ពស់ព័ទ្ធជុំវិញ មួយជាន់ក្តីឬច្រើនជាន់ក្តី គេតែងហៅថា “បន្ទាយ”។ តាមពិតន័យដើមបំផុតនៃបន្ទាយ គឺកំពែងដី ឬថ្មនោះឯង តែន័យឆ្លងមកសំដៅលើអ្វីៗដែលនៅក្នុងនោះទាំងអស់។
ដូច្នេះហើយបានជាអ្នកស្រុកផ្ទាល់ពុំដែលនិយាយថា “ប្រាសាទបន្ទាយស្រី”, “ប្រាសាទបន្ទាយសម្រែ” ឡើយ គឺគេតែងនិយាយថា “បន្ទាយស្រី”, “បន្ទាយសម្រែ”។ អ្នកខ្លះមកពីឆ្ងាយដើម្បីទៅទស្សនាបុរាណស្ថានមួយ ដែលឮអ្នកចម្ងាយដូចគ្នា ពោលគឺពុំមែនជាអ្នកស្រុកហៅថា “ប្រាសាទព្រះខ័នកំពង់ស្វាយ” លុះធ្វើដំណើរទៅដល់រកឃើញទើបដឹងថា គេពុំដែលហៅដូច្នោះឡើយ គឺគេហៅថា “បន្ទាយបាកាណ” ដ្បិតបុរាណដ្ឋាននោះមានកំពែងគួរឲ្យស្ញប់ស្ញែង ហើយច្រើនជាន់ទៀតផង។
ចំណែកឯប៉មឬគុកនីមួយៗដែលជាផ្នែកនៃប្រាសាទទាំងមូល ខ្មែរបុរាណហៅថា “វ្រះកុដិ” (ព្រះកុដិ ឬ ព្រះក្តី)។ ឧទាហរណ៍ ប្រាសាទព្រះគោនៅតំបន់រលួសមានប៉មនិងអគារជាច្រើន ហើយក្នុងនោះបើពិតជាព្រះកុដិ គឺមានប្រាំមួយ ដែលព្រះបាទឥន្ទ្រវរ្ម័នទី១សាង ដើម្បីតម្កល់ព្រះរូបនៃបុព្វការីជនរបស់ព្រះអង្គ។ សព្វថ្ងៃ ពាក្យថា “ព្រះកុដិ” ឬ “ព្រះក្តី” នេះ លែងប្រើទៅហើយ ថ្វីដ្បិតតែទៅនៅកប់ក្នុងពាក្យសូត្រធម៌ខ្លះ ហើយការនិយាយក៏ខុសគ្នាដែរ ពោលគឺអ្នកស្រុកខ្លះហៅថា “បន្ទប់” ឯអ្នករៀនសូត្រនិយមហៅថា “ប៉ម” ឬ“តួប៉ម”។
ឧទាហរណ៍ជាក់ស្តែងមួយ មាននៅខាងជើងជាប់នឹងប្រាសាទព្រះខ័នក្នុងតំបន់អង្គរ។ នៅទីនោះមានប្រាសាទពីរដែលមានឈ្មោះដូចគ្នា ដ្បិតសាងជាមួយគ្នាក្នុងពេលតែមួយ មានរចនាបថតែមួយ ហើយប្រហែលដែលសាងដោយក្រុមជាងតែមួយផង។ ឈ្មោះនោះគឺ “ប្រី” តែមួយគេហៅថា “ប្រាសាទប្រី” ឯមួយទៀតដែលជាប់គ្នានោះគេហៅថា “បន្ទាយប្រី”។ លុះពិនិត្យមើលទៅឃើញថា ខុសគ្នាត្រង់ប្រាសាទប្រី ឥតមានកំពែង។ រីឯបន្ទាយប្រីវិញ មានកំពែងទាបមួយព័ទ្ធជុំវិញ។
តែនិយាយមកនេះគឺបង្ហាញពីទំនោរទូទៅតែប៉ុណ្ណោះ ព្រោះមានករណីលើកលែងដែរ។ ឧទាហរណ៍ ពុំដែលឮនរណាហៅប្រាសាទតាព្រហ្មថាបន្ទាយតាព្រហ្មឡើយ។ ចំណែកឯបន្ទាយក្តីដែលនៅជិតនោះមានឈ្មោះថា “បន្ទាយ” ដូច្នេះឯង។
ដោយសារខ្មែរកាន់ព្រះពុទ្ធសាសនាថេរវាទតាំងតែពីស.វ.ទី ១៤ មក ប្រាសាទស្ទើរតែទាំងអស់ក្លាយទៅជាទីពុទ្ធបូជាទៅវិញ ហើយគុកមួយចំនួនច្រើនតែមានន័យស្មើទៅនឹងចេតិយ។ ជួនកាលគេកែប្រែរូបរាងគុកនោះបន្តិចបន្តួចឲ្យប្រហាក់ប្រហែលទៅនឹងចេតិយ។
ឧទាហរណ៍ច្បាស់ក្រឡែតគឺនៅវត្តនគរក្នុងក្រុងកំពង់ចាម បើពុំសម្អិតសម្អាងដល់ម្ល៉ោះទេ ក៏គង់ឃើញដូចជានៅលើភ្នំជើងព្រៃជាដើមដែរ។ នៅតំបន់ខ្លះក្នុងខេត្តកំពង់ចាមគេហៅគុក ឬប៉មឥដ្ឋដែលទោលតែឯងថា “ចេតិយ” ដូច្នេះតែម្តង។ ជូនកាលទៀត ទោះបីជាពុំកែរាងរៅដើមខ្លាំងក៏គេយកចម្លាក់ព្រះពុទ្ធរូបចូលនិព្វានមកដាក់ ក្នុងនោះហើយហៅថា “ព្រះធាតុ”។ សូមជ្រាបថា “ព្រះធាតុ” មានន័យថា “ចេតិយ” ទោះឯង ដ្បិតចេតិយសម្រាប់ដាក់ធាតុ។
នៅសម័យមុនអង្គរ មានប្រាសាទខ្លះគេសាងនៅក្នុងរូងភ្នំដូចជាប្រាសាទភ្នំខ្យង ប្រាសាទភ្នំឈ្ងោក ប្រាសាទភ្នំទទួង នៅខេត្តកំពតជាដើម។

ប្រាសាទក្នុងរូងភ្នំខ្យង
ប្រាសាទខ្លះគេសាងនៅនឹងជើងភ្នំ, ខ្លះលើកំពូលភ្នំ និងខ្លះទៀតនៅលើដីរាបតែម្តង។ ចំពោះរូបរាង ទំហំ និងកម្ពស់ គឺខ្លះមានឡើងទាបតែមួយថ្នាក់។ ខ្លះមាន ៣ ថ្នាក់, ខ្លះមាន ៩ ថ្នាក់ និងប្រាសាទខ្លះទៀតមានខឿនច្រើនជាន់រហូតដល់ ៧ ថ្នាក់ ឬលើសនោះទៀតក៏មាន ដូចជាប្រាសាទគងភ្លុកនៅមុមអាគ្នេយ៍នៃបារាយមុខប្រាសាទបេងមាលាជាដើម។
រីឯចំនួនប៉មវិញ គឺខ្លះមានប៉មទោលតែមួយ ខ្លះមានប៉ម ៣ តម្រៀបគ្នាជាជួរ, ខ្លះមានប៉ម ៤ តម្រៀបគ្នាជាពីរជួរ, ខ្លះមានប៉ម ៥ តម្រៀបគ្នាមួយជូរ ហើយប្រាសាទខ្លះមានប៉មចំនួន ៥ ដែរ តែមានប៉មធំមួយនៅកណ្តាល និងបួនទៀតនៅតាមទិសតូចៗទាំងបួន។

ប្រាសាទធំ ស.វ.ទី១០ នៅតំបន់កោះកេរ្តិ៍ មានខឿន ៧ ថ្នាក់
ប្រាសាទខ្លះមានប៉ម ៦ តម្រៀបគ្នាជាពីរជួរ គឺមួយជួរទៅខាងមុខ និងមួយជួរទៀតនៅខាងក្រោយ ហើយប្រាសាទខ្លះទៀតមានប៉មចំនួន ៩ តម្រៀបគ្នាជាពីរជួរ គឺជួរមុខមានប៉ម ៥ និងជូរក្រោយមានប៉ម ៤។
ម៉្យាងវិញទៀត ប្រាសាទមួយចំនួនមានប៉មធំមួយនៅកណ្តាល ហើយមានប៉មតូចៗជារណបច្រើននៅជុំវិញ និងខ្លះមានរចនាសម្ព័ន្ធស្អេកស្កះច្រើនទៀត។
ដែលហៅថាប្រាសាទ គឺសំដៅទៅលើរចនាសម្ព័ននៃសំណង់ទាំងអស់តែម្តង ពោលគឺរាប់តាំងពីកំពែង, ខ្លោងទ្វារ, ផ្លូវចូល, ហោត្រៃ, កសិន្ទុ ឬស្រះទឹកជាដើមផង៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


