Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ សោកស្តាយពលករខ្មែរមួយចំនួនតូចនៅកូរ៉េ ជឿលើអប្បិយជំនឿត្រឡប់ទៅស្រុកវិញ បោះបង់ចោលការងារ

បានផុស

នៅ

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការសោកស្តាយចំពោះពលករខ្មែរមួយចំនួនតូចធ្វើការនៅប្រទេសកូរ៉េ ​បាន​ជឿ​លើ​ការឃោសនា​បែប​អប្បិយជំនឿ​របស់​អ្នកនយោបាយ​ និង​បាន​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ទាំង​តក់ក្រហល់ បោះបង់ចោល​ការងារ រត់ចោល​ថៅកែ​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​ពលករ​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ពិធី​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ ដែលមាន​ការចូលរួម​ពលករ​ខ្មែរ សិស្ស​-​និស្សិត និង​សហគមន៍​ខ្មែរ​ប្រមាណ​ជាង ១​ ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន Wastadium ទីក្រុង​អាន​សាន​កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ដែល​កន្លងទៅ​ថ្មីៗ​នេះ មាន​ក្មួយៗ​ពលករ​មួយចំនួន​តូច​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ជឿ​លើ​ការឃោសនា​បែប​អប្បិយជំនឿ​របស់​អ្នកនយោបាយ​មួយរូប និង​បាន​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ទាំង​តក់ក្រហល់ បោះបង់ចោល​ការងារ រត់ចោល​ថៅកែ ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ពលករ​ខ្មែរ ដែល​តែងតែ​ទទួលបាន​ការគោរព ស្រឡាញ់ និង​ចូលចិត្ត​ពី​និយោជក​កូរ៉េ និង​ធ្វើឱ្យ​បាត់​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​គ្រួសារ​។ ម្នាក់ៗ​មាន​សិទ្ធិ​ជឿ​លើ​ជំនឿ​អ្វី​ក៏បាន ប៉ុន្តែ​ក្មួយៗ​មុននឹង​ជឿ ក្មួយៗ​គួរតែ​ពិចារណា​ការ​ខាត​ចំណេញ​របស់​ខ្លួនឯង អ្នក​ជំវិញខ្លួន និង​សង្គមជាតិ​»​។

​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ ទៅដល់​ក្មួយៗ​ជា​ពលករ​ទាំងអស់ ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ជឿជាក់​លើ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ​តរៀង​ទៅ​។ ថ្មីៗ​នេះ​ មាន​ពលករ​ខ្មែរ​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង​ ៥០០​ នាក់ ​បាន​វិល​ត្រឡប់មក​ស្រុក​វិញ​ ក្នុងនោះ​មាន​ពលករ​ធ្វើការ​នៅ​កូរ៉េ​ប្រមាណ​ជាង ​៤០០ ​នាក់​ និង​ប្រមាណ​ ១០០​ នាក់​ទៀត​ធ្វើការ​នៅ​ជប៉ុន ​តាម​ការអំពាវនាវ​ និង​ការឃោសនា​របស់លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ដែលថាទឹកនឹង​ជន់​លិច​ពិភពលោក​ទាំងមូល​។

​ពាក់ព័ន្ធ​នឹង​កម្មវិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ នៅ​សាធារណរដ្ឋ​កូរ៉េ​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​ ការរៀបចំ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េនេះ​ ពិតមែន​មិនអាច​គ្រប់គ្រាន់​ដូច​យើង​នៅ​ជួបជុំ​គ្រួសារ នៅតាម​ស្រុកកំណើត​ក៏ពិតមែន តែ​បញ្ជាក់​ឱ្យឃើញថា ខ្មែរ​យើង​ទៅដល់​ទីណា​ក៏​នៅតែ​ជា​ខ្មែរ ទោះជា​សម្បូរ​សប្បាយ​យ៉ាងណាក្ដី ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី វប្បធម៌​ខ្មែរ​ឡើយ​។

​លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ព​លករ​ខ្មែរ សិស្ស​-​និស្សិត និង​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ថា បាន​ថែរក្សា​ប្រពៃណីជាតិ ជា​ពូជពង្ស​ខ្មែរ​អង្គរ​ដ៏​រុងរឿង​នៃ​យើង​។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ផ្ដួចផ្ដើមរៀបចំ និង​គាំទ្រ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដ៏​អធិកអធម​នា​ឆ្នាំនេះ ដែល​រួមមាន​ទាំង​កម្មវិធី​សាសនា និង​ការកំសាន្ត​សប្បាយ​ផងដែរ​។ លោករដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែបាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរៀបចំ​កម្មវិធី​ផ្សេងៗ​កន្លងមក ជាពិសេស​កម្មវិធី​នា​ថ្ងៃនេះ នៅលើ​ទឹកដី​ក្រុង​អាន​សាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។

​លោក​រដ្ឋមន្ត្រី បាន​រំលឹក​ទៅដល់​បងប្អូន​ពលករ​ ដែលមាន​ឱកាស​បានមក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​ចងចាំ​ថា នេះ​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​កូរ៉េ តាំងពី​ឆ្នាំ​ ១៩៩៧ មកម្ល៉េះ​។ ចាប់តាំងពី​ពេលនោះ​មក កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ មាន​ភាព​រីកចម្រើន ទាំង​វិស័យ​ការទូត សេដ្ឋកិច្ច ទេសចរណ៍ និង​ការងារ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបចរចារ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​ចំណង​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត រវាង​ប្រទេស​ទាំងពីរ​។ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ជាការ​ពិត ទីផ្សារការងារ​នៅ​ប្រទេស​កូរ៉េ គឺជា​ទីផ្សារការងារ​មួយ​ដ៏​ល្អ ដែលមាន​ប្រទេស​ជាច្រើន​ប្រកួតប្រជែង​ចង់បាន និង​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ប្រាក់ខែ​ខ្ពស់​។

​យោងតាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាង​ ៥ ​ម៉ឺន​នាក់​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម