ព័ត៌មានជាតិ
អាជ្ញាធរក្រុងស្ទឹងសែន អំពាវនាវពលរដ្ឋបង្កើនប្រុងប្រយ័ត្ន និងត្រៀមជម្លៀសទៅទួលសុវត្ថិភាព
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាម ដងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្ន ក្នុងការរស់នៅប្រចាំថ្ងៃ។ លោកបន្តថា ស្ថានភាពទឹកស្ទឹងសែន នៅតែបន្តហក់ឡើង ដែលស្ថានភាពនេះគួរឱ្យព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលតាំងទីលំនៅតាមបណ្តោយដងស្ទឹងសែន ព្រោះផ្ទះប្រជាពលរដ្ឋខ្លះ បានលិចចូលក្រោមផ្ទះ និងប្រជាពលរដ្ឋខ្លះទៀតលិច ស្ទើរដល់រនាប ផ្ទះទៅហើយ។

ថ្លែងក្នុងកិច្ចការដឹកនាំសហការីចុះពិនិត្យ ស្ថានភាពទឹកស្ទឹងសែន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោក ពេញ កែម លើកឡើងថា ក្តីបានរម្ភបំផុតសម្រាប់អាជ្ញាធរ ចំពោះការរស់នៅមិនភ័យខ្លាចការអត់ស្បៀងអាហារនោះទេ, ប៉ុន្តែ បញ្ហាដែលសំខាន់នោះ គឺការបាត់មាជិកគ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានកូនតូចៗក្នុងបន្ទុកជីវភាព ដោយសារអាណាព្យាបាលខ្លះ បានបណ្តែតបណ្តោយឱ្យកូនរបស់គាត់រស់នៅលើផ្ទះតែឯង និងខ្លះបណ្តោយឱ្យទៅលេងទឹកនៅតាមទីតាំងដែលលិច ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

លោកអភិបាលក្រុងស្ទឹងសែន បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ប្រឈមហានិភ័យខ្ពស់ នៅសង្កាត់កំពង់ក្រប៉ៅ សង្កាត់ព្រៃតាហ៊ូ សង្កាត់កំពង់ធំ សង្កាត់កំពង់រទេះ និងសង្កាត់អូរគន្ធរ ដែលស្ថិតនៅជាប់បណ្តោយស្ទឹងសែន។ ទន្ទឹមជាមួយគ្នានេះ ជំនន់ទឹកស្ទឹងសែន ក៏បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែបានលិចកាត់ផ្តាច់ចរន្ត នៃការធ្វើដំណើរ ឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀតផងដែរ។ ក្នុងស្ថានភាពនេះ ដើម្បីទប់ស្កាត់ការហូរច្រោះ និងដាច់ផ្លូវមិនអាចធ្វើដំណើរបាន។ អាជ្ញាធរក្រុងស្ទឹងសែន បានសហការជាប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រេចច្រកបេខ្សាច់ ទប់ស្កាត់ការច្រោះ ផ្លូវមួយខ្សែ នៅភូមិពោធិ៍បាក់ក ស្ថិតនៅសង្កាត់កំពង់ធំ ប្រវែងជិត ២០០ ម៉ែត្រ ដើម្បីការពារ និងជួយសម្រួលដល់ធ្វើបណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងកាលៈទេសៈនេះ ការល័យជំនាញទាំងអស់ជុំវិញក្រុង ត្រូវបន្តតាមដានជាប្រចាំ អំពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងណែនាំដល់ពលរដ្ឋដែលលំនៅឋាន ក្បែរមាត់ស្ទឹង ប្រជាពលរដ្ឋមានទឹកលិចក្រោមផ្ទះ ត្រៀមលក្ខណៈជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីដែលទឹក នៅតែបន្តហក់ឡើងខ្ពស់ជាងនេះបន្ថែមទៀត។ ក្នុងនោះការល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងអនុសាខាកាកបាទក្រហមក្រុង ត្រូវចុះណែនាំបន្ថែមដល់ប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យ និងកំណត់អត្តសញ្ញាណគ្រួសារខ្វះខាតស្បៀង ដើម្បីផ្តល់ជូនជាបន្ទាន់ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងអាហារ ដោយមិនការយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។

គួរបញ្ជាក់ថា ស្ថានីយ៍វាស់កម្ពស់ទឹកស្ទឹងសែន នៅស្ថានីយ៍កំពង់ធំ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ជន់ឡើង ០,០៧ ម៉ែត្រ កម្ពស់ទឹកទឹក ១៣,៧៣ ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ០,២៣ ម៉ែត្រ, ស្ថានីយ៍វាស់កម្ពស់ទឹកសណ្តាន់ ទឹកឡើង ០,១០ ម៉ែត្រ កម្ពស់ទឹក ១៩,៦០ ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ១,១៨ ម៉ែត្រ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


