Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាង២០ស្ថាប័ន បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ ពីការអនុវត្តកសិអេកូឡូស៊ី នៅខេត្តសៀមរាប និងកំពង់ធំ

បានផុស

នៅ

ក្រោមកិច្ចសហការដោយបណ្ដាញកសិអេកូឡូស៊ី (ALiSEA) និងគម្រោង TETARD នៃអង្គការហ្គេត អង្គការអាគ្រីស៊ុត និងអង្គការ AFD បានដឹកនាំអ្នកសារព័ត៌មានមកពីជាង ២០ស្ថាប័ន ចុះទៅបំពេញបេសកម្មសារព័ត៌មាននៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ីសម្រាប់អ្នកសារព័ត៌មាន ស្វែងយល់ពីការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និងបរិស្ថាន។ ទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA បានបញ្ជាក់ថា កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍របស់វាសម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និង បរិស្ថាន តាមរយៈការបង្ហាញពីការអនុវត្តកសិអេកូឡូស៊ី គំនិតផ្ដួចផ្ដើមប្រកបដោយភាពច្នៃប្រឌិតនៅក្នុង សហគមន៍ និងពង្រឹងការយល់ដឹងរួមលើកសិអេកូឡូស៊ី។ ផ្សារភ្ជាប់អ្នកសារព័ត៌មានទៅកាន់ប្រភពព័ត៌មានដែលអាចទុកចិត្តបានទាក់ទងនឹងការច្នៃប្រឌិតផ្នែក កសិកម្ម និងសុវត្ថិភាពចំណីអាហារ។ សម្រួលដល់ការចែករំលែកបទពិសោធន៍ និងផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយអ្នកជំនាញ អាជ្ញាធរមូល ដ្ឋាន កសិករ យុវជន និងនិស្សិត និងជាការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងស្រុកឱ្យយល់កាន់តែស៊ីជម្រៅ អំពីកសិអេកូឡូស៊ី។

លោក សុខ សុធា អ្នកជំនាញកសិអេកូឡូស៊ី បានបង្ហាញថា កសិអេកូឡូស៊ី គឺជាវិធីសាស្ត្រមួយដែលរួមបញ្ចូលគោលការណ៍អេកូឡូស៊ី ជាមួយសង្គម និងសេដ្ឋកិច្ច ហើយវាត្រូវបានអនុវត្តនូវទូទាំងពិភពលោក។ ការអនុវត្តកសិអេកូឡូស៊ី មានគោលបំណងដើម្បីគ្រប់គ្រងប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព បង្កើនប្រតិភាពក្នុងការអនុវត្តកសិកម្មរួមគ្នារវាងមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថានជុំវិញ ព្រមទាំងលើកកម្ពស់ប្រព័ន្ធស្បៀង និងសមធម៌សង្គម ដោយបុគ្គលម្នាក់ៗអាចមានសិទ្ធិជ្រើសរើសអ្វីដែលពួកគេចង់បរិភោគ និងជ្រើសរើសរបៀបដែលស្បៀងអាហារទាំងអស់នោះត្រូវបានផលិតឡើង។

លោក សុខ សុធា បានឱ្យដឹងថា គោលការណ៍សំខាន់ៗរបស់កសិអេកូឡូស៊ី គឺជាការលើកកម្ពស់ផលិតកម្មដំណាំចម្រុះ និងការចិញ្ចឹមសត្វ ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានភាពល្អប្រសើរ ជួយថែរក្សា និងការអភិរក្សដីដោយប្រើប្រាស់បច្ចេកទេសស្របតាមគោលការណ៍ធម្មជាតិ ដូចជាការគ្រប់គល់ ឬរងដំណាំ ការប្រើប្រាស់ជីកំប៉ុសគោក ជីកំប៉ុសទឹក ជីធម្មជាតិផ្សេងៗទៀត និងកាត់បន្ថយនូវភាពរំខានដល់ដី។ កាត់បន្ថយការប្រើប្រាស់សារធាតុគីមី ជំនួសវិញដោយប្រើថ្នាំពុលផលិតផលពីរុក្ខជាតិ ឬវិធានការចម្រុះការពារដំណាំតាមរយៈវិធីសាស្ត្រកម្ចាត់សត្វល្អិត និងជំងឺ។ ការអនុវត្តនេះដែរ ក៏ជាការបង្កើនការយល់ដឹង ជំនាញ និងការអនុវត្តដែលបង្កើតឡើងដោយផ្អែកលើបទពិសោធន៍របស់កសិករលើផ្នែកកសិកម្មបរិស្ថាន និងស្បៀងអាហារក្នុងតំបន់ និងស្វែងយល់បន្ថែមនៅអ្វីដែលថ្មី។

អ្នកជំនាញដដែលក៏បានបញ្ជាក់ថា កសិអេកូឡូស៊ីផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករ តាមរយៈការជួយរក្សាប្រព័ន្ធអេកូឡូស៊ី អភិរក្សទឹក និងកាត់បន្ថយការបំពុល និងសឹករីករិលនៃដី។ ជួយជំរុញជីវភាពប្រជាកសិករកាន់តែល្អប្រសើរឡើង តាមរយៈការលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព កសិអេកូឡូស៊ីក៏អាចបង្កើនប្រាក់ចំណូលកសិករ និងលើកកម្ពស់សុខុមាលភាពរបស់កសិករ។ ក្រៅពីនោះ កសិអេកូឡូស៊ីក៏ជាជួយបង្កើនលទ្ធភាពទទួលបានស្បៀងអាហារប្រកបដោយគុណភាព ជាពិសេសសម្រាប់សហគមន៍មូលដ្ឋាន ហើយតាមការអនុវត្តកសិអេកូឡូស៊ី និងជួយឱ្យប្រព័ន្ធកសិកម្មអាចសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ទស្សនកិច្ចសិក្សាឈ្វេងយល់ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប និងខេត្តកំពង់ធំនេះ គឺដើម្បីឆ្លើយតបតម្រូវការនៃការផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍នៃតំបន់ផ្សេងៗគ្នា បង្កើតកន្លែង ឬជាវេទិកាប្រមូលផ្តុំមួយ ដែលភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួម និងរៀនពីគ្នាទៅវិញទៅមកលើការផ្លាស់ប្តូរនេះ និងបង្កើនការលើកកម្ពស់ការយល់ដឹងលើផ្នែកកសិអេកូឡូស៊ីឱ្យកាន់តែទូលំទូលាយ ទាំងថ្នាក់ជាតិ និងតំបន់ តាមរយៈការគាំទ្រប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម