ព័ត៌មានជាតិ
បង្គោលភ្លើងបំភ្លឺផ្លូវប្រវែងជិត ៧គីឡូម៉ែត្រ នៅស្រុកមណ្ឌលសីមា មិនដំណើរការពេលយប់
បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈជិត ៧គីឡូម៉ែត្រ ចាប់ពីភូមិនាងកុក រហូតដល់ឆ្នេរសមុទ្រប៉ាក់ខ្លង លែងដំណើរការពេលយប់ងងឹតសូន្យសុង ខណៈប្រជាពលរដ្ឋ និងអ្នកបើកបរ បារម្ភពីសុវត្ថិភាពធ្វើដំណើរ ហើយបានស្នើដល់អាជ្ញាធរស្រុកមណ្ឌលសីមា និងរដ្ឋបាលខេត្តកោះកុងដោះស្រាយ។

បង្គោលភ្លើងតាមដងផ្លូវជាតិលេខ ៤៨ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្ត រហូតដល់រមណីយដ្ឋានឆ្នេរសមុទ្រប៉ាក់ខ្លង ហាក់លែងដំណើរការដូចពេលមុនៗហើយ ដែលបញ្ហានេះកើតមានជាង ៥ខែមកហើយយ។ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តឆ្លងកាត់។

លោក វង្ស ពិសិដ្ឋ ជាពលរដ្ឋរស់នៅបន្ទប់ជួលភូមិនាងកុក និងលោក នាថ ជាអ្នកលក់ដូរបង្អែមតាមម៉ូតូ បានឲ្យដឹងនៅរសៀលថ្ងៃទី ២៤ ខែតុលានេះថា ស្ថានភាពផ្លូវងងឹតសូន្យសុងពេលយប់ ធ្វើឲ្យពួកគាត់បារម្ភពីសុខសុវត្ថិភាពរស់នៅធ្វើដំណើរ ដែលជាកត្តាងាយបង្កគ្រោះចរាចរណ៍ ព្រោះតែបង្គោលភ្លើងបំភ្លឺលែងភ្លឺ។

ក្រុមពលរដ្ឋ លើកឡើងទៀតថា ក្រៅពីកត្តាហានិភ័យបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ពេលយប់ ទីរួមស្រុកមណ្ឌលសីមា ធ្លាប់តែតាមដងផ្លូវមានភ្លើងពណ៌ភ្លឺល្អមានសោភ័ណ្ឌភាព ឥឡូវប្រែងងឹតឈឹងហាក់គ្មានអ្នកមើលថែការពារ។ ដូច្នេះពួកគាត់ស្នើសុំដល់អាជ្ញាធរស្រុក និងរដ្ឋបាលខេត្តកោះកុង មេត្តាពិនិត្យដោះស្រាយឡើងវិញផង ខណៈនៅពេលខាងមុខបុណ្យទានតូចធំ មានភ្លៀវទេសចរមកលេងកម្សាន្តច្រើន តែគ្មានភ្លឺបំភ្លឺវា កាន់តែធ្វើប៉ះពាល់កតិ្តយសមុខមាត់ខេត្តផងដែរ។

ដោយឡែកលោក សុខ ភិរម្យ អភិបាលថ្មីស្រុកមណ្ឌលសីមា សុំក្តីអភ័យទោសចំពោះការខកខានមានភ្លើងបំភ្លឺដូចពេលមុនៗ ដោយសារកន្លងទៅ មុនពេលលោកចូលកាន់តំណែង ជាអភិបាលស្រុក គឺមានក្រុមចោរលួចកាត់ខ្សែភ្លើង ធ្វើឲ្យខាតបង់ផលប្រយោជន៍រួមជាសាធារណៈ។ ក្រុមចោរទាំងនោះ ក៏ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់។

លោក សុខ ភិរម្យ អះអាងថា លោកបានពិភាក្សា និងសុំគោលការណ៍ដោះស្រាយ ពីអង្គភាពលទ្ធកម្មខេត្ត និងរដ្ឋបាលខេត្តរួចរាល់ហើយ ដើម្បីលើកគម្រោងទិញខ្សែភ្លើងអគ្គិសនីថ្មី មកតម្លើងជួសជុលឡើងវិញ។ ទោះយ៉ាងណាលោក ក៏មិនទាន់ដឹងច្បាស់ថា ពេលណាខេត្តអនុវត្តដោះស្រាយបាននោះទេ គ្រាទំហំកញ្ចប់ថវិកាខ្ទង់ម៉ឺនដុល្លារ សម្រាប់ធ្វើឲ្យប្រសើរវិញបាន។

ប្រជាពលរដ្ឋ និងសាធារណជន យល់ថា កាលពីជំនាន់លោក ហាក់ ឡេង នៅជាអភិបាលស្រុកមណ្ឌលសីមា សកម្មភាពអភិវឌ្ឍន៍ក្នុងមូលដ្ឋានស្រុក ទទួលសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ជាក់ស្តែង មុននឹងមានបណ្តាញបង្គោលភ្លើងអគ្គិសនីដាក់ដំណើរ លោក ហាក់ ឡេង ធ្លាប់បានកៀរគសប្បុរសជនជួយដំឡើងអំពូសូឡា ដាក់តាមផ្លូវត្រង់ចំណុចណាដែលងងឹងខ្លាំង ឬប្រឈមនឹងគ្រោះថ្នាក់។

លុះដល់អាណត្តិលោក ប្រាក់ វិចិត្រ ជាអភិបាលស្រុកមណ្ឌលសីមា ល្បឿនសកម្មភាពអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាហាក់ដើរយឺត ពុំសូវមានប្រសិទ្ធភាពលើការងាររដ្ឋបាល។ ទៀតសោតបង្គោលភ្លើងបំភ្លឺ ត្រូវបានក្រុមចោរលួចកាត់ខ្សែដាច់ងងឹត រហូតមកដល់ម៉ោងនេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


