Connect with us

ព័ត៌មានជាតិ

SCG ប្រារព្ធខួប ៣០ ឆ្នាំ នៃដំណើរការក្នុងប្រទេសកម្ពុជា

បានផុស

នៅ

អេស​ស៊ីជី (SCG) ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ប្រារព្ធ​ខួប​ទី ៣០ របស់​ខ្លួន នៃ​ដំណើរការ​អាជីវកម្ម​ដ៏​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​បន្ត​រួមចំណែក​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ៉ាត់​ឆា​យុទ្ធ កា​សេម​ឆៃ​សិរី (Ratchayut Kasemchaisiri) អគ្គនាយក​ក្រុមហ៊ុន អេស​ស៊ីជី កម្ពុជា មាន​ប្រសាសន៍​ថា ៖ “​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​បណ្ដា​ក្រុមហ៊ុន​បរទេស​ដំបូង​គេ ដែល​បាន​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ មក។ ទន្ទឹម​នឹង​នេះ យើង​ក៏​មាន​កិត្តិយស​ផង​ដែរ ដែល​បាន​រួម​ចំណែក​ដល់​ភាព​ជោគជ័យ នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា”។

ក្រុមហ៊ុន អេស​ស៊ីជី បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩២ តាមរយៈ​ការ​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដំបូង​របស់​ខ្លួន គឺ ស្យាម ស៊ី​មែន ត្រេ​ឌី​ង (Siam Cement Trading) ដែល​ពេល​នោះ​បាន​នាំចូល​ស៊ីម៉ងត៍​ម៉ាក​ដំរី ពី​ប្រទេស​ថៃ។

បី​ឆ្នាំ​ក្រោយមក រោងចក្រ​បេតុង​លាយ​ស្រេច ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ម៉ាក​យីហោ CPAC។ ស្រប​ពេល​ដែល​តម្រូវការ​សម្ភារៈ​សំណង់​ចេះតែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ​ស្របតាម​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ក្រុមហ៊ុន អេស​ស៊ីជី ក៏បាន​វិនិយោគ​លើ​ការ​បង្កើត​រោងចក្រ​ចំនួន ៣ បន្ថែម​ទៀត ដើម្បី​ផលិត​ក្បឿង​ស៊ីម៉ងត៍ ទុយោទឹក និង​ស៊ីម៉ងត៍។ ចាប់តាំងពី​ការ​ដួល​រលំ​របប​ខ្មែរក្រហម រោងចក្រ​កំពត ស៊ី​មេន ជា​រោងចក្រ​ស៊ីម៉ងត៍​ដំបូង​គេ ហើយ​បាន​និង​កំពុង​ផលិត និង​ផ្គត់ផ្គង់​ស៊ីម៉ងត៍​ដែល​មាន​ម៉ាក​យីហោ​ល្បី​ជាងគេ​បំផុត គឺ ខេ ស៊ី​មេន។

ក្នុង​រយៈកាល ៣០ ឆ្នាំ​មកនេះ ក្រុមហ៊ុន អេស​ស៊ីជី បាន​កសាង​កិត្តិនាម​របស់​ខ្លួន​តាមរយៈ​ការ​ចូលរួម​នៅ​ក្នុង​គម្រោង​សាងសង់​ធំៗ​បំផុត​ជាច្រើន​នៅ​ក្នុង​ប្រទេស មាន​ដូចជា ស្ពាន​អ្នក​លឿង ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជា​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​អគារ​ខ្ពស់​ដំបូង​គេ គឺ​អគារ​វឌ្ឍនៈ​ថៅ​វើ។

សព្វថ្ងៃ​នេះ អេស​ស៊ីជី បាន​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​រហូតដល់​ទៅ ៨ នៅ​កម្ពុជា ដើម្បី​បំពេញ​កំណើន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្វែងរក​ផលិតផល និង​ដំណោះស្រាយ​ដែល​មាន​គុណភាព​ក្នុង​វិស័យ​សំណង់។ ក្នុង​នោះ​រួមមាន ខេ​ស៊ី​មេន​, ខេ​ខន​គ្រី​ត​, ខេ ហូ​ម ដេប៉ូ (K Home Depo) និង SIAM LIVING ព្រមទាំង​ហាង​លក់រាយ​បែប​ទំនើប – SCG HOME DESIGN VILLAGE។

លោក រ៉ាត់​ឆា​យុទ្ធ កា​សេម​ឆៃ​សិរី (Ratchayut Kasemchaisiri) មាន​ប្រសាសន៍​ថា “បន្ថែម​ពីលើ​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ល្អ​បំផុត យើង​ក៏​ផ្តល់​ជូន​នូវ​សេវាកម្ម និង​ដំណោះស្រាយ​ដើម្បី​បង្កើន​គុណភាព​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ទន្ទឹម​នឹង​នេះ យើង​មិន​ត្រឹមតែ​ផ្តោត​លើ​ការ​សាងសង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​ណែនាំ​ពី​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រស់នៅ ដូចជា​ដំណោះ​ស្រាយ​ខ្យល់​បរិសុទ្ធ (Air Quality Solutions) ដែល​ជា​បច្ចេកវិទ្យា​ជួយ​ដល់​ផ្នែក​សុខុមាលភាព ដើម្បី​បង្កើត​ស្តង់ដារ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង។ អេស​ស៊ីជី នឹង​បន្ត​នូវ​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​បង្កើត និង​ច្នៃប្រឌិត​សមិទ្ធផល​ថ្មីៗ​ដ៏​មានតម្លៃ សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុខ​ទៀត។

លោក រ៉ាត់​ឆា​យុទ្ធ កា​សេម​ឆៃ​សិរី​(Ratchayut Kasemchaisiri) បាន​បន្ត​ថា ក្រៅពី​ការ​ប្ដេជ្ញា​ចិត្ត​មុតមាំ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ក្នុង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការចូលរួមចំណែក​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា​នោះ អេស​ស៊ីជី ក៏​តែង​ផ្ដល់ជូន​ទៅកាន់​សង្គម​វិញ​តាមរយៈ​គម្រោង និង​យុទ្ធនាការ​សង្គម​ផ្សេងៗ ក្នុង​វិស័យ​សំខាន់​ចំនួន​បី គឺ​ការអប់រំ ការថែទាំ​សុខភាព សុខុមាលភាព និង​បរិស្ថាន។

គិត​ចាប់ពី​ឆ្នាំ ២០១៤ មក អេស​ស៊ីជី បានផ្ដល់​អាហារូបករណ៍​ជាង ១៥០០ ដល់​យុវជន​កម្ពុជា តាមរយៈ​ដំណើរ​យុទ្ធនាការ​អាហារូបករណ៍ “​ចែករំលែក​ក្ដី​សុបិន​”។ ទន្ទឹមនឹងនេះ ក៏បានផ្ដល់​ជំនួយ​ក្នុង​សេវា​ថែទាំ​សុខភាព ជាពិសេស​អំឡុងពេល​មានការ​រីករាយ​ដាល​ជំងឺ​កូវីដ-១៩។ ស្របតាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ការពារ​បរិស្ថាន អេស​ស៊ីជី តែងតែ​ប្រកាន់ខ្ជាប់​តាម​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​មិន​បំពុល​បរិស្ថាន ការ​ស្តារ​ឡើងវិញ​នូវ​រុក្ខជាតិ​បៃតង និង​កម្មវិធី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិច​ទៅ​ក្នុង​បរិយាកាស។

លោក រ៉ាត់​ឆា​យុទ្ធ កា​សេម​ឆៃ​សិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា “តាមរយៈ​នវានុវត្តន៍​ជា​ប្រចាំ​របស់​យើង និង​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ជាធំ ដូច្នេះ យើង​នឹង​បន្ត​រួមចំណែក​ដល់​ការ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ធ្វើ និង​បង្កើន​កាលានុវត្តន៍​ភាព​អាជីវកម្ម តទៅ​ថ្ងៃ​ខាងមុខ​ទៀត​”។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី អេស​ស៊ីជី កម្ពុជា សូម​ចូល​ទៅ​កាន់ ៖ kh.scgbuildingmaterials.com

សូម​បញ្ជាក់​ថា អេស​ស៊ីជី (SCG) ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ស្របតាម​គន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់​រយៈពេល ១១០ ឆ្នាំ​មក​ហើយ។ វប្បធម៌​យូរអង្វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​សិក្សា​ស្វែងយល់​ការ​សម្រប​ខ្លួន និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ បាន​ផ្ដល់​លទ្ធភាព​ឲ្យ អេស​ស៊ីជី អាច​ឆ្លងកាត់​ដោយ​ជោគជ័យ​នូវ​រលក​វិបត្តិ និង​បញ្ហា​ជាច្រើន ហើយ​មាន​ការ​ទទួល​ស្គាល់​ថា​ជា​តួអង្គ​គំរូ​សម្រាប់​អាជីវកម្ម​ផ្សេងទៀត​ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម