ព័ត៌មានជាតិ
អេសស៊ីជី (SCG) មានមោទនភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិរបស់កម្ពុជា
អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័នជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធី ប្រកួតជំនាញថ្នាក់ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងនៅសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
កម្មវិធីប្រកួតជំនាញថ្នាក់ជាតិលើកទី៨នេះ បានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ហើយនឹងបន្តរហូតដល់ថ្ងៃទី ២៨ តុលា ដែលមានរយៈពេលប្រាំថ្ងៃជាប់គ្នា។ កម្មវិធីប្រកួតជំនាញថ្នាក់ជាតិ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ហើយការប្រកួតក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខជនចំនួន ៦១ រូប ដើម្បីប្រជែងយកតំណែងជើងឯក។

បេក្ខជនទាំងអស់នោះ មកពីគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៣ ដែលផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា ដែលក្នុងនោះរួមមាន វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ អង្គការ PSE សាលាដុនបូស្កូ និងគ្រឹះស្ថានផ្សេងទៀត។ កម្មវិធីប្រកួតនេះ ផ្ដោតលើមុខជំនាញជាច្រើនរួមមាន ជំនាញតបណ្ដាញអគ្គិសនី ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជំនាញរៀបឥដ្ឋ និងជំនាញរៀបការ៉ូជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកនោះ លោកបណ្ឌិតពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា “គោលបំណងនៃការរៀបចំឲ្យមានការប្រកួតប្រជែងជំនាញ នេះ គឺដើម្បីផ្ដល់នូវវេទិកាមួយ សម្រាប់យុវជន សិស្ស-និស្សិត គ្រូបង្រៀន ទីផ្សារការងារ ឧស្សាហកម្ម ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ ការផ្លាស់ប្ដូរជំនាញ និងលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា”។
ក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថា ការឧបត្ថម្ភដល់កម្មវិធីប្រកួតប្រជែងបែបនេះ គឺមានគោលបំណងចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍជំនាញរបស់ កម្លាំងពលកម្មរបស់ប្រទេស កម្ពុជាឲ្យកាន់តែមានជំនាញ និងផលិតភាពខ្លាំងជាងមុន ហើយទៅថ្ងៃអនាគត ពួកគេនឹងអាចជួយជំរុញផលិតភាពរបស់ក្រុមហ៊ុនបាន នៅពេលដែលកម្លាំងពលកម្មជំនាញទាំងនោះចូលរួមធ្វើការបម្រើឲ្យសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។
ក្នុងកម្មវិធីប្រកួតជំនាញថ្នាក់ជាតិនេះ បេក្ខជនដែលឈ្នះបានមេដាយមាសនឹងទទួលបានរង្វាន់លើកទឹកចិត្តទឹកប្រាក់ ៣ លានរៀន មេដាយប្រាក់ទទួលបាន ២ លានរៀន និងមេដាយសំរិទ្ធទទួលបាន ១ លានរៀល ។ បេក្ខជនជ័យលាភី ក៏មានឱកាសទៅចូលរួមប្រកួតប្រជែងជំនាញនៅថ្នាក់តំបន់ និងសកលលោកផងដែរ។
លោកបណ្ឌិតពេជ សោភ័ន មានប្រសាសន៍ថា កន្លងមកកម្ពុជាធ្លាប់បានចូលរួមនៅក្នុងការប្រកួតជំនាញនៅថ្នាក់អាស៊ានជាច្រើនលើកមកហើយ ហើយក៏បានឈ្នះមេដាយសម្រាប់ប្រទេសជាតិផងដែរ។ លោកបណ្ឌិត បានបន្តថា ក្នុងឆ្នាំ២០១៥ កម្ពុជាក៏បានចូលរួមក្នុងការប្រកួតជំនាញនៅក្នុងប្រទេសចិនដោយបានឈ្នះមេដាយមាសសម្រាប់វិញ្ញាសាម៉ាស៊ីនស្វ័យប្រវត្តិកម្មថែមទៀតផង៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


