Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ចាត់ទុកសៀវភៅគោលការណ៍ណែ​នាំ​ស្តីពីអធិការកិច្ចការងារ ជាផែនទីបង្ហាញផ្លូវសម្រាប់​ពង្រឹងយន្តការអធិការកិច្ច

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ គឺជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់អធិការការងារក្នុងការពង្រឹងយន្តការ​អធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពសំដៅលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់​ទំនងវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ នៅព្រឹកថ្ងៃទី​១២​ ខែធ្នូ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បានបន្តថា ការដាក់ឱ្យប្រើប្រាស់នូវសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងជាសមិទ្ធផលដ៏មានសារសំខាន់ថ្មីមួយទៀតក្រោមគម្រោងរបស់អង្គការ GIZ ក្នុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងការងារ បានកែសម្រួលយន្តការអធិការកិច្ចការងារតាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយ និងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង
សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរដោយក្រសួងបានបន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយសំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្មកាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ចដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។

លោករដ្ឋមន្ត្រីបានលើកឡើងថា គិតត្រឹម៩ខែ ឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះអធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើកចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន១០លើក និង​ចុះអធិការកិច្ចការងារពិសេសចំនួន ១១០លើក។ លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈការចុះអធិការកិច្ចការងារនេះ ពិនិត្យឃើញថា អត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការ​ថយចុះជាបន្តបន្ទាប់។

ក្រសួងបានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងវិស័យការងារឱ្យក្លាយជាអធិការការងារអធិការពេទ្យការងារ និងអភិបាលការងារដោយបានផ្តល់វិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ជាមន្ត្រីនគរបាលយុត្តិធម៌។
បន្ថែមលើនេះទៀត ដើម្បីគ្រប់គ្រងទិន្នន័យអធិការកិច្ចការងារសំដៅពង្រឹងប្រសិទ្ធភាពនៃចុះអធិការកិច្ចការងារក្រសួង​បានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃ១ ខែមករាឆ្នាំ២០២២។

លោករដ្ឋមន្ត្រីសង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តតាមសៀវភៅគោលការណ៍ណែនាំនេះដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបាន​ណែ​នាំដល់អគ្គនាយកដ្ឋានការងារបន្តអនុវត្តឱ្យបានសមស្រប និងទទួលបន្ទុកដឹកនាំសម្របសម្រួលភាគីពាក់ព័ន្ធក្នុង​តាមដាន និងត្រួតពិនិត្យលើការអនុវត្តរាល់វិធានការ និងសកម្មភាពដែលបានដាក់ចេញក្នុងសៀវភៅគោលការណ៍ណែនាំនេះឱ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមការរំពឹងទុក។

អធិការការងារទាំងអស់ ត្រូវតែស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំនេះដើម្បីធានាបាននូវប្រសិទ្ធ​ភាព​ក្នុងការចុះធ្វើអធិការកិច្ចការងារសំដៅធានាបាននូវការលើកកម្ពស់លក្ខ ខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនិងត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីក្លាយជាអធិការងារដែលមានសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម