ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការថតរូបនៅតំបន់អង្គរត្រូវតែស្នើសុំជាមុន ដើម្បីការប្រើរូបភាពប្រាសាទត្រឹមត្រូវ
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣នេះ បានអះអាងថា ការហាមមិនឲ្យប្រើម៉ាស៊ីនថតគ្រប់ប្រភេទនៅតំបន់ប្រាសាទដោយមិនមានការស្នើសុំមកអាជ្ញាធរជាតិអប្សរាជាមុនគឺដើម្បីធានាការប្រើប្រាស់រូបភាពប្រាសាទឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព។

ការអះអាងរបស់លោក ឡុង កុសល បែបនេះធ្វើឡើងបន្ទាប់ពីមានសាធារណជនមួយចំនួនពិសេសអ្នកនិយមចូលចិត្តថតរូបនៅតំបន់ប្រាសាទនៅខេត្តសៀមរាបបានបង្ហាញការមិនពេញចិត្តនឹងបម្រាមរបស់អាជ្ញាធរជាតិអប្សរាដែលមិនឲ្យប្រើប្រាស់ម៉ាស៊ីនកាមេរ៉ាថតរូប។
អ្នកទាំងនោះបានបង្ហាញការយល់ឃើញរបស់ខ្លួនថា ការហាមឃាត់នេះ ជារនាំងឧបសគ្គមិនឲ្យមានការថតផ្សព្វផ្សាយពីតំបន់ប្រាសាទ ដែលជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។
ឆ្លើយតបនឹងបញ្ហានេះ លោក ឡុង កុសល បានថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» យ៉ាងដូច្នេះថា៖ «នេះមិនមែនជារឿងថ្មីទេ ដោយសារតំបន់ប្រាសាទមានលក្ខណៈរសើបនៃការប្រើប្រាស់រូបភាព ក៏ដូចជាធានាសុវត្ថិភាពរបស់ប្រាសាទ គឺជាគោលការណ៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរមិនអនុញ្ញាតឲ្យមានការថតដោយម៉ាស៊ីនដ្រូន និងម៉ាស៊ីនកាមេរ៉ាគ្រប់ប្រភេទ រួមទាំងកាមេរ៉ាខ្នាត ៣៦០ដឺក្រេ និង១៨០ដឺក្រេ ក៏ត្រូវបានហាមដែរ»។

ត្រង់ចំណុចនេះ លោកបានអះអាងថា អាជ្ញាធរជាតិអប្សរាមិនបានហាមឃាត់ ឬរឹតត្បិតមិនឲ្យថតដោយម៉ាស៊ីនកាមេរ៉ាទំនើបៗទាំងនេះនៅក្នុងតំបន់ប្រាសាទទេ ប៉ុន្តែសាធារណៈត្រូវតែមានការស្នើសុំ ហើយត្រូវទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរជាតិអប្សរា ទើបអាចថតបាន ដោយក្នុងគោលបំណងជាក់លាក់សម្រាប់ការផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌។
លោក ឡុង កុសល ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបែបនេះ ដែលអាចយករូបភាពប្រាសាទទៅប្រើប្រាស់ខុសទិសដៅដោយមានការបំលែងទៅជារូបភាពអាក្រក់ ហើយនាំដល់ប៉ះពាល់ដល់តម្លៃនៃប្រាសាទរបស់កម្ពុជា ក៏ដូចជាតម្លៃនៃវប្បធម៌ជាតិទាំងមូលជាដើម៕

ដោយ ៖ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


