ព័ត៌មានជាតិ
មកដឹងជំនួញដំបូងរបស់អ្នកឧកញ៉ា សុខ គង់ មុនក្លាយជាមហាសេដ្ឋី
ស្តាប់ការរៀបរាប់របស់អ្នកឧកញ៉ា សុខ គង់ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហាក់មានការតស៊ូ និងជួបទុក្ខវេទនាជាខ្លាំង ទម្រាំក្លាយជាមហាសេដ្ឋីមានប្រាក់វាល់លានដូចសព្វថ្ងៃនេះ។

ជាមួយនឹងភាពជោគជ័យ និងមុខជំនួញធំៗជាច្រើននាពេលបច្ចុប្បន្ន សាធារណជនប្រហែលជាចង់ដឹងហើយថា តើមុខជំនួញដំបូងរបស់អ្នកឧកញ៉ា សុខ គង់ គឺជាអ្វី? និងចាប់ផ្តើមដោយរបៀបណា?
អ្នកឧកញ៉ា សុខ គង់ បច្ចុប្បន្នមានវ័យជិត ៧០ឆ្នាំ គឺជាកូនអ្នកនេសាទ និងរកស៊ីជួញដូរផលនេសាទ តាមដងទន្លេមេគង្គ ក្នុងខេត្តព្រៃវែង។ ក្រោយថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ភ្លើងសង្គ្រាមបានលុតផុតទៅ គ្រួសារអ្នកឧកញ៉ា សុខ គង់ បានផ្លាស់ទីលំនៅពីខេត្តព្រៃវែង មករស់នៅ ច្បារអំពៅ រាជធានីភ្នំពេញ ជាមួយដើមទុនមាស ១ជីកន្លះ ដោយចាប់មុខរបរដំបូងបើកសិប្បកម្មកិនជ័រកៅស៊ូ ទាំងដែលលោកគ្មានជំនាញនោះទេ។

អ្នកឧកញ៉ា សុខ គង់ បានរៀបរាប់តាមរយៈសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់» ចងក្រងរៀបចំដោយលោក យិប ឆេង លាប និងលោក រស់ គង់ ដូច្នេះថា«នេះជាការប្រថុយមួយយ៉ាងធំ តែខ្ញុំគិតថា ខ្ញុំបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការជ្រើសរើសមុខរបរនេះ។ គួបផ្សំនឹងសំណាងផង អ្វីដែលខ្ញុំគិតត្រូវនោះគឺថា ក្នុងពេលដែលគេប្រើប្រាស់កង់ជាទូទៅធ្វើជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរ ខ្ញុំគួរតែប្រកបរបរដែលពាក់ព័ន្ធកង់។ អ្វីដែលមានតម្រូវចាំបាច់ និងតម្លៃខ្លាំងពេលនោះ គឺសម្បក និងពោះវៀនកង់»។
អ្នកឧកញ៉ា សុខ គង់ បន្ថែមថា ខ្ញុំគ្មានជំនាញផលិតពោះវៀន និងសម្បកកង់ទេ ហើយពេលនោះសាធាតុគីមីដែលលាយសម្រាប់កែច្នៃជ័រកៅស៊ូឆៅ ឱ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ដូចជា កៅឡាំងជាដើម មានការខ្វះខាតថែមទៀត។ ប៉ុន្តែដោយនិស្ស័យជាអ្នកចង់ចេះចង់ដឹង និងចង់សម្រេចគោលដៅ ខ្ញុំបានសុំរៀនពីមិត្តភ័ក្ត្រដែលគេប្រកបរបរនេះស្រាប់ ហើយបានដើរសាកសួរគេពីសាធាតុកៅឡាំងនេះ មាននៅទីណា? ទីបំផុតខ្ញុំ បានដឹងថា សាធាតុនេះ សម្បូរមាននៅខេត្តក្រចេះ។ ខ្ញុំបានទៅរក ហើយយកមកសាកល្បង និងធ្វើពិសោធជាច្រើនលើកច្រើនសារ ទម្រាំងបានសម្រេចចេញជាកៅស៊ូមានគុណភាពស្វិតល្អ។

រៀនបណ្តើរសាកល្បបណ្តើរមានការខាតបង់យ៉ាងច្រើន ទាំងពេលវេលា និងថវិកា តែទោះយ៉ាងណា អ្នកឧកញ៉ា សុខ គង់ អះអាងថា មិនរួញរាឡើយ គឺខិតខំទាល់តែបានជោគជ័យ។ ក្រោយមកលោក ក៏បានសុំរៀនជំនាញ ចំណេះដឹងបន្ថែមពីការផលិតនៅរោងចក្ររដ្ឋមួយកន្លែងនៅម្តុំ ទួលគោក។
បើតាមអ្នកឧកញ៉ា សុខ គង់ នាសម័យនោះ សម្បកកង់ផលិតនៅវៀតណាមមានគុណភាពអន់ ដែលគេតែងបង្អាប់ថា របស់ទ្រឿង ធ្វើឱ្យអ្នកប្រើប្រាស់មានការខ្លាចរអារក្នុងការទិញ។ ដោយសិប្បកម្មដំណើរការល្អ ពេលនោះអ្នកឧកញ៉ា សុខ គង់ បានពង្រីកទីតាំងជាច្រើនកន្លែង ជាបន្តបន្ទាប់។
ក្រោយទទួលបានជោគជ័យក្នុងការផលិតកៅស៊ូអ៊ុតសម្បកកង់រួចមក អ្នកឧកញ៉ា សុខ គង់ បានស្រាវជ្រាវ ផលិតនូវសម្ភារៈពីជ័យមួយចំនួនផ្សេងទៀត ដូចជាស្បែកជើងជាដើម។
ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប្រទេសចេះតែមានការរីកចម្រើន ការធ្វើជំនួញរបស់អ្នកឧកញ៉ា សុខ គង់ រីកលូតលាស់ឥតឈប់ឈរ ដោយបានពង្រីកអាជីវកម្មធំៗជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ក្នុងនោះ អ្នកឧកញ៉ា សុខ គង់ បានក្តោបក្តាប់មុខជំនួញជាច្រើន នៅក្រោមក្រមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប រួមមាន៖ ក្រុមហ៊ុន សុខា អាហរ័ណ នីហរ័ណ (ធ្វើអាជីវកម្មនាំចូល និងចែកចាយផលិតផលប្រេងឥន្ធនៈ ហ្គាស កៅស៊ូក្រាលថ្នល់), ក្រុមហ៊ុនហ៊ុន គង់ហុង កាត់ដេរ, ក្រុមហ៊ុនវិនិយោគទុន សូគីម៉ិច កម្ពុជា, ក្រុមហ៊ុន សុខា អូតែល, សណ្ឋាគារសុខាឆ្នេរ ក្រុងព្រះសីហនុ, សណ្ឋាគារ សុខាអង្គរ, សណ្ឋាគារសុខាសៀមរាប, សណ្ឋាគាររេស៊ីដង់ភ្នំពេញ, សណ្ឋាគាររមណីយដ្ឋានឋានសួគ៌សុខា, ក្រុមហ៊ុនបូកគោហ្វាម, ក្រុមសុខារៀលអ៊ីស្តេត, ក្រុមហ៊ុនជោរៃភ្នំពេញយ៉ញវេនឈ័រ ខូ អិល ធីឌី និងក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ(គិរីរម្យ) ជាដើម៕



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


