Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ អំពាវនាវមន្ត្រីជំនាញផ្សព្វ​ផ្សាយកុំឲ្យពលរដ្ឋវាយកំទេចសំណង់បុរាណនានា ដែលអាច​បង្កើតជាតំបន់ទេសចរណ៍

បានផុស

នៅ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធជួយផ្សព្វផ្សាយ និងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺអាចប្រើប្រាស់បង្កើតជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវមកចូលទស្សនាបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពផ្ទះសសរ១០០ នៅវត្តរកាកណ្តាល ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៣​ លោកជំទាវបណ្ឌិតសភាចារ្យ បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្សបុរាណដ្ឋាន និងសំណង់បុរាណនានា ដែលលោកជំទាវបានលើកជាឧទាហរណ៍ជាក់ស្តែង គឺទីតាំងវត្តរកាកណ្តាលនេះតែម្តង ដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០ កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្តក្រចេះ។ លោកជំទាវបានលើកឡើងថា «ប្រជាពលរដ្ឋគ្រប់រូប មានកត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ»

លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានាដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួននារយៈកាលថ្មីៗនេះ ហើយលោកជំទាវ ក៏បានផ្តាំផ្ញើសារបន្តជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណ គឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង ម្ល៉ោះហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចៀសវាងសកម្មភាពនៃការរុករាន ឬបំផ្លាញទីទួលបុរាណ និងសំណង់បុរាណនានា។ ក្នុងករណីមិនច្បាស់ថា ជាទីកន្លែងឬសំណង់បុរាណ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬអ្នកជំនាញដែលមានលេខទំនាក់ទំនងស្រាប់នៅតាមបណ្តាញសង្គម ឬគេហទំព័ររបស់ក្រសួងស្រាប់។

សូមជម្រាបថា ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ នៅក្នុងវត្តរកាកណ្តាល ខេត្តក្រចេះ ដែលទើបបញ្ចប់ការសាងសង់ជួសជុល និងដំឡើងឡើងវិញចប់សព្វគ្រប់ ដើម្បីអនុញ្ញាតឲ្យមន្ទីរទេសចរណ៍អាចបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។ ហើយបច្ចុប្បន្ន សសរផ្ទះធំមាននៅសល់តែចំនួន៤០ ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម