ព័ត៌មានជាតិ
អាជីករដឹកបន្លែផ្លែឈើនៅព្រំដែនចាំយាម តវ៉ាបិទផ្លូវសុំឱ្យគយបញ្ចុះតម្លៃពន្ធ
កោះកុង៖ តំណាងប្រជាពលរដ្ឋជិត ៥០នាក់ បានតវ៉ាបិទផ្លូវនៅរង្វង់មូលស្ពានកោះកុង ដើម្បីសុំឱ្យអាជ្ញាធរខេត្ត និងមន្រ្តីគយ ដោះស្រាយការបញ្ចុះតម្លៃពន្ធដឹកជញ្ចូនបន្លែផ្លែឈើ ដោយសារមានការតម្រូវឱ្យបង់ពន្ធកើនជាងមុន។

អាជីករដឹកជញ្ចូនបន្លែផ្លែឈើតាមរថយន្តតូចធំប្រមាណ៥០នាក់ បាននាំគ្នាតវ៉ាទាមទារសុំរកដំណោះស្រាយពីការ ដំឡើងពន្ធខ្ពស់ជាងមុន ធ្វើឱ្យពួកគាត់មិនអាចទទួលបានផលចំណេញ និងប្រឈមនឹងការខាតបង់ទៀតផង។
លោក ខៀវ ចាន់ណន និងអ្នកស្រី គីម ជន តំណាងប្រជាពលរដ្ឋ បានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា ការដំឡើងពន្ធរបស់គយ ធ្វើឡើង២ថ្ងៃមកហើយ ដែលធ្វើឱ្យពួកគាត់មិនអាចរត់រួចនឹងការធ្វើអាជីវកម្មដឹក ជញ្ចូនបន្លែផ្លែឈើទៅកាន់រាជធានីភ្នំពេញ ឬបណ្តាខេត្តដទៃ។ តំណាងអាជីវករ លើកឡើងថា ការដំឡើងថ្លៃពន្ធរបស់មន្រ្តីគយ និងរដ្ឋាករ ក៏ពុំបានជូនដំណឹងដល់ពួកគាត់ជាមុនដែរ។
តំណាងប្រជាពលរដ្ឋអាជីវករ អះអាងទៀតថា ជាទម្លាប់នៃការបង់ពន្ធរបស់ពួកគាត់ គឺរថយន្តបន្លែផ្លែ ឈើកង់៤បង់ពន្ធតែ១៨ម៉ឺនរៀល តែឥឡូវតម្រូវឱ្យបង់៣៨ម៉ឺនរៀល។ រថយន្តកង់៦ បង់ពន្ធតែ៦៤ម៉ឺនរៀល ឡើងដល់១លាន៣៦ម៉ឺនរៀល និងរថយន្តកង់១០បង់ពន្ធ៩៦ម៉ឺនរៀល ឡើងដល់២លាន៥៦ម៉ឺនរៀល។ ការតម្រូវឱ្យបង់ពន្ធច្រើនបែបនេះ ទើបក្រុមអាជីវករ និងពលរដ្ឋ នាំគ្នាសុំអន្តរាគមន៍ឱ្យមានដំណោះស្រាយជាបន្ទាន់។
អំឡុងនៃបិទចរាចរណ៍នៅរង្វង់មូលស្ពានកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏បានសម្របសម្រួលដល់តំណាងប្រជាពលរដ្ឋតវ៉ាទាមទារអញ្ជើញទៅសាលាខេត្ត ដើម្បីបង្ហាញពីក្តីកង្វល់ និងស្វែងរកដំណោះស្រាយរួមជាមួយរដ្ឋបាលខេត្ត និងមន្រ្តីគយ និងរដ្ឋាករចាំយាម។ ក្រោយស្តាប់ការ ស្នើសុំទាមទាររបស់ប្រជាពលរដ្ឋអាជីវកររួច តំណាងមន្រ្តីគយ សន្យាថា នឹងនាំយកព័ត៌មានទាំងនេះ ទៅសុំគោលការណ៍ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ជូនពលរដ្ឋតាមការស្នើសុំ។
កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានទេជុំវិញពីការដំឡើងពន្ធលើការដឹកជញ្ចូនបន្លែផ្លែឈើនាំចូលនេះ បាននៅឡើយ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


