Connect with us

ព័ត៌មានជាតិ

ពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ១ មិថុនាតទៅ

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ ២០២៣ នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ០១ ខែ​មិថុនា រហូតដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២៣ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចុះ​កាលពី​ថ្ងៃ​ទី ៣០ ឧសភា បាន​ឲ្យ​ដឹង​ថា ចំពោះ​យានយន្ត​ថ្មី ត្រូវ​ចុះបញ្ជី​លើកដំបូង ម្ចាស់​យានយន្ត​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ចំនួន ០២ សន្លឹក តាម​ទម្រង់​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​រួមមាន​៖ ប័ណ្ណ​សម្គាល់​យានយន្ត អត្តសញ្ញាណប័ណ្ណ​ផ្ទាល់​របស់​កម្មសិទ្ធិករ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចំពោះ​រថយន្ត ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ។

ដោយឡែក​ចំពោះ​យានយន្ត​ដែល​ធ្លាប់​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​មធ្យោបាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កន្លងមក ប៉ុន្តែ​ពុំ​មាន​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​(​កាត​) ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​យានយន្ត – បង់ពន្ធ​នេះ ដោយ​ពុំ​តម្រូវ​ឲ្យ​បំពេញ​លិខិត​ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ ឬ​ភ្ជាប់​នូវ​ឯកសារ​ដែល​អាច​បញ្ជាក់​អត្តសញ្ញាណ​យានយន្ត​ណាមួយ ដូចជា ប័ណ្ណ​សម្គាល់ យានយន្ត ឬ​បង្កាន់ដៃ​ទទួល​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ឬ​លតាបត្រ​បង់ពន្ធ​ឆ្នាំ​ចាស់ សម្រាប់​ឲ្យ​មន្ត្រី​ពន្ធដារ ឬ​បុគ្គលិក​ធនាគារ​ពាណិជ្ជ​ដៃគូ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​មធ្យោបាយ​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បន្ត​ថា ម្ចាស់​យានយន្ត​អាច​ធ្វើ​ការ​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ នៅ​ធនាគារ​ពាណិជ្ជ​ជា​ដៃគូ ឬ​អាច​បង់​តាមរយៈ​កម្មវិធី “GDT Taxpayer App ដែល​អាច​ទាញ​យក​ចេញពី App Store ចំពោះ ios ឬ play Store ចំពោះ Android សម្រាប់​យានយន្ត​ធ្លាប់​បាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​កន្លងមក។

ចំពោះ​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​នូវ​លតាបត្រ​បង់ពន្ធ (ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)។ រីឯ​យានយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​បាន​លតាបត្រ​តាម​ប្រព័ន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​(​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជីសារពើភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​(​តារាង​កើន​ឡើង និង​ថយ​ចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំ​ឆ្នាំ​) ដែល​បាន​ចុះបញ្ជី នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំណែក​យានយន្ត​ឯកជន​ជ្រក​ក្រោម​ផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ​.​ម និង ន​.​ប ពុំ​អនុញ្ញាត​ឲ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២៣ ទេ។ ម្ចាស់​យានយន្ត​ទាំងនេះ អាច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២៣ បាន លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ស្ដីពី​គយ និង​ចុះ​បញ្ជី​យានយន្ត​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​បាន​រួចរាល់​ជាមុន​សិន។

ក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ត នឹង​ត្រូវ​ទទួល​រង​នូវ​ពិន័យ តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន។ អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍ និង​កងរាជអាវុធហត្ថ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅ​តាម​ដង​ផ្លូវ​នានា បន្ទាប់ពី​បិទ​បញ្ចប់​ការ​ប្រមូល​ពន្ធ​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។ យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា «សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី កញ្ញា ដែល​ជា​ម្ចាស់​យានយន្ត នឹង​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ​តាម​ទីកន្លែង និង​ពេលវេលា​ដូច​បាន​កំណត់​ខាងលើ​កុំបី​ខាន»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម